រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា ក្រសួងកំពុងសិក្សារកទីផ្សារមៀនប៉ៃលិននៅប្រទេសចិន ខណៈអ្នកដាំមួយចំនួនត្អូញត្អែរថា មៀនប៉ៃលិនដែលពួកគេកំពុងដាំមានតម្លៃថោក។
កញ្ញា ថោង កន្និកា កសិករដាំផ្លែមៀនប៉ៃលិន (តាង៉ែន) នៅខេត្តបាត់ដំបង លើកឡើងកាលពីថ្ងៃទី២៤ ខែមិថុន ថា ទីផ្សារមៀនប៉ៃលិនត្រូវបានឈ្មួញកណ្តាលជាអ្នកកំណត់ ដោយជាទូទៅមួយគីឡូតម្លៃ៣,០០០រៀល។ ប៉ុន្តែសម្រាប់ពេលធ្លាក់ថ្លៃ ឈ្មួញកណ្តាលកំណត់ត្រឹមតែ២,០០០ ទៅ២,៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូ។
កញ្ញាបន្ថែមថា ការថែរទាំមៀនប៉ៃលិន (តាង៉ែន) នេះ មានផលលំបាកណាស់ ដោយសារត្រូវការការថែរទាំខ្លាំង ចំណែកទីផ្សារបច្ចុប្បន្នភាគច្រើនគឺនៅប្រទេសថៃ។ កញ្ញាថា ការនាំចេញប្រទេសថៃ គឺគេបេះយកមៀនដែលល្អៗ ដូចជាមានលេខ១ និង២។ ចំណែកមៀនដែលមិនសូវល្អ គឺយើងលក់នៅខ្មែរ។
កញ្ញាបញ្ជាក់ថា៖ «ក្នុង១ពាន់ដើម យើងត្រូវបេះបាន៥០តោន អីចឹងគេបេះយកតែ២០តោនទេដែលល្អ អីចឹងក្នុងអាផ្សេងនឹងដែលយើងវៃចូលទៅខ្មែរនឹង គឺវាអត់បានដូចតម្លៃប៉ុណ្ណឹងទេ។ យើងមានអារបស់បែកៗចូលទៅខ្មែរ គឺយើងបានតែតម្លៃ១០០០រៀលជាងអីទេ អីចឹងបើកសិករយើងបានតម្លៃក្នុង ៣០០០រៀលស្មើទាំងអស់អីចឹង ទាំងនាំចេញ នាំចូលទៅថៃ អាចបានតម្លៃខ្ពស់ជាងនឹង អាចធ្វើទៅវាចំណេញ»។
កញ្ញា ថោង កន្និកា បន្ថែមថា កញ្ញា និងអ្នកដាំផ្សេងទៀត ស្នើសុំឲ្យមានការកំណត់តម្លៃឲ្យបានសមរម្យ កុំឲ្យឈ្មួញកណ្តាលចេះតែកំណត់ថ្លៃស្រេចតែចិត្ត។ ហើយថា ប្រសិនបើមានទីផ្សារនៅប្រទេសចិន កញ្ញាស្នើសុំតម្លៃត្រឹម៣,៥០០រៀលឡើង។
ចំណែកអ្នកដាំមៀនប៉ៃលិនម្នាក់ទៀតនៅខេត្តប៉ៃលិន លោក អ៊ិន អាហ្សា ថ្លែងថា ការលក់ផ្លែមៀនប៉ៃលិនទៅកាន់សហគមន៍នាំទៅប្រទេសថៃ ក្នុង១គីឡូក្រាម តម្លៃ២៨ ទៅ៣០បាត ឬស្មើនឹងប្រមាណជា៣,៥០០រៀល។ លោកបន្តថា មៀនប៉ៃលិនត្រូវការការថែរទាំខ្ពស់ដើម្បីឲ្យមានពណ៌ស្អាត ត្រូវតាមស្តង់ដារទើបឈ្មួញកណ្តាលទិញយក។
លោកបញ្ជាក់ថា៖ «ចំពោះផ្លែមៀនប៉ៃលិនដែលមានដងស្មៅ ឬក៏មានចៃ ហើយវាមិនសូវមូល គឺគេអត់ដែរបង។ ហើយតម្លៃ២០ទៅ៣០បាត គឺវាអាចម៉ាទប់ទល់ បើបានតម្លៃខ្ពស់ ប្រជាកសិករអរចឹងទៅ។ បើវាខុសខ្នាត យើងត្រូវលក់ក្នុងតម្លៃផ្សេង មៀននឹងបានត្រឹមមួយគីឡូ១ពាន់លុយខ្មែរអីចឹងទៅ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ថា កន្លងទៅពាក់ព័ន្ធនឹងផ្លែឈើទាំងអស់ ក្រសួងបាននាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់។ លោកបន្តថា សម្រាប់ការនាំចេញទៅប្រទេសចិន កម្ពុជាបានទទួលការគាំទ្រ ចេក ស្វាយ ដែលនឹងត្រៀមនឹងនាំចេញទៅចិននៅពេលខាងមុខ បន្ទាប់មកនឹងមានការនាំចេញមៀនប៉ៃលិន (តាង៉ែន) ម្រេច ផ្លែស្រកានាគ និងម្នាស់ជាដើម។
លោកបញ្ជាក់ថា៖ «ក្រៅពីប្រទេសចិន គឺយើងនាំចេញធម្មតា អត់បញ្ហាអីទេ។ ចំពោះតម្លៃផ្លែមៀនប៉ៃលិន (តាង៉ែន) ទៅកាន់ប្រទេសចិន គឺយើងកំពុងធ្វើរឿងនេះជាមួយប្រទេសចិន»។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តប៉ៃលិន» កាលពីថ្ងៃទី២០ ខែឧសភា អភិបាលរងខេត្តប៉ៃលិន លោក ធូ ភា លើកឡើងថា មៀនប៉ៃលិន ឬតាង៉ែន ក្នុងខេត្តប៉ៃលិនផ្ទាល់ដែលបាននាំចេញទៅប្រទេសថៃ គឺមានចំនួនពី៥,៥០០តោន ទៅ៦,០០០តោន ក្នុងមួយឆ្នាំ។ លោកបន្ថែមថា តាមការគ្រោងទុក ផ្លែមៀនប៉ៃលិនបម្រុងនឹងនាំចេញទៅប្រទេសចិន កាលពីពេលកន្លងទៅ ប៉ុន្ដែលោកថា ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ១៩ ទើបផែនការនេះត្រូវបានខកខាន៕