​រដ្ឋមន្រ្តី​ក្រសួង​កសិកម្មកម្ពុជា​បញ្ជាក់​ថា ក្រសួង​​​កំពុងសិក្សា​រក​ទីផ្សារ​មៀន​ប៉ៃលិន​នៅ​ប្រទេស​ចិន ខណៈ​អ្នកដាំ​មួយ​ចំនួន​ត្អូញត្អែរ​ថា មៀន​​ប៉ៃលិន​​ដែល​​ពួកគេ​កំពុង​ដាំ​មាន​តម្លៃ​ថោក​។​ 

​កញ្ញា ថោង កន្និកា កសិករ​ដាំ​​ផ្លែមៀន​ប៉ៃលិន (តាង៉ែន) នៅ​ខេត្ត​បាត់ដំបង លើកឡើង​កាល​ពី​ថ្ងៃទី​២៤ ខែ​មិថុន ​ថា ​ទីផ្សារមៀន​ប៉ៃលិនត្រូវ​បាន​ឈ្មួញកណ្តាល​ជា​អ្នកកំណត់ ដោយ​ជាទូទៅ​មួយ​គីឡូ​តម្លៃ​៣,០០០​រៀល។ ​ប៉ុន្តែ​សម្រាប់​ពេល​ធ្លាក់​ថ្លៃ ឈ្មួញកណ្តាល​កំណត់​ត្រឹមតែ​២,០០០ ទៅ​២,៥០០​​រៀល​​ប៉ុណ្ណោះ​ ក្នុង​មួយគីឡូ​​។​

កញ្ញា​បន្ថែមថា ​ការថែរទាំ​​មៀន​​ប៉ៃលិន (តាង៉ែន) នេះ មាន​ផល​លំបាក​ណាស់ ដោយសារ​​ត្រូវការ​ការ​ថែរទាំ​ខ្លាំង ចំណែក​ទី​ផ្សារ​បច្ចុប្បន្ន​ភាគ​ច្រើន​គឺនៅ​ប្រទេស​ថៃ។ កញ្ញា​ថា ការនាំចេញ​ប្រទេស​ថៃ គឺ​គេ​បេះ​យក​​​មៀន​​ដែល​​ល្អៗ ដូចជា​មាន​លេខ១ និង​២។ ចំណែក​មៀន​ដែល​មិន​សូវ​ល្អ គឺ​យើង​​លក់​​នៅ​ខ្មែរ។​

កញ្ញាបញ្ជាក់ថា​៖ «ក្នុង​១ពាន់​ដើម​ យើង​ត្រូវ​បេះបា​​ន​៥០តោន អីចឹង​គេ​បេះយ​​កតែ​២០​តោន​ទេ​ដែល​ល្អ អីចឹង​ក្នុង​អាផ្សេង​នឹង​ដែល​យើង​វៃ​ចូល​ទៅខ្មែរ​នឹង​ គឺ​វា​អត់​បាន​ដូច​តម្លៃ​ប៉ុណ្ណឹង​ទេ។ យើង​មាន​អា​របស់​បែកៗ​ចូល​ទៅ​ខ្មែរ គឺ​យើង​បាន​តែ​តម្លៃ​១០០០​រៀល​ជាង​អី​ទេ អីចឹងបើ​​កសិករ​​យើង​បាន​តម្លៃ​ក្នុង ៣០០០​រៀល​ស្មើ​ទាំង​អស់​អីចឹង ទាំង​នាំ​ចេញ នាំ​ចូល​ទៅ​ថៃ អាច​បានតម្លៃ​ខ្ពស់​ជាង​នឹង អាច​ធ្វើ​ទៅ​វា​ចំណេញ»។

កញ្ញា ថោង កន្និកា បន្ថែម​ថា កញ្ញា និង​អ្នកដាំ​​ផ្សេងទៀត ស្នើ​សុំ​ឲ្យ​មានការ​កំណត់​តម្លៃ​ឲ្យ​បាន​​សមរម្យ កុំ​ឲ្យ​ឈ្មួញ​កណ្តាល​ចេះ​តែ​កំណត់​ថ្លៃ​ស្រេច​តែចិត្ត។  ហើយ​ថា ប្រសិន​បើ​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន កញ្ញា​ស្នើ​សុំ​​តម្លៃ​​ត្រឹម​៣,​៥០០​រៀល​ឡើង។​

ចំណែក​អ្នកដាំ​មៀន​ប៉ៃលិន​ម្នាក់​ទៀត​នៅ​ខេត្ត​ប៉ៃលិន​ លោក អ៊ិន អាហ្សា ថ្លែងថា ​ការ​លក់​ផ្លែមៀន​ប៉ៃលិន​ទៅកាន់សហគមន៍នាំទៅប្រទេសថៃ ក្នុង​១គីឡូក្រាម តម្លៃ២៨ ទៅ៣០បាត ឬ​ស្មើ​នឹង​ប្រមាណជា​៣,៥០០​​រៀល។ លោក​បន្ត​ថា មៀន​ប៉ៃលិន​ត្រូវការ​ការ​ថែរទាំ​ខ្ពស់​​​ដើម្បី​ឲ្យ​មាន​ពណ៌​​ស្អាត ត្រូវ​តាម​ស្តង់ដារ​​​ទើប​ឈ្មួញ​​កណ្តាល​ទិញ​យក​។

លោកបញ្ជាក់​ថា៖ «​ចំពោះផ្លែមៀនប៉ៃលិន​ដែល​មាន​ដង​ស្មៅ ឬក៏​មាន​ចៃ ហើយ​វា​មិន​សូវ​មូល គឺ​គេ​អត់​ដែរ​បង​។​ ហើយ​តម្លៃ​២០​ទៅ​៣០​បាត គឺ​វា​អាច​ម៉ា​ទប់ទល់ បើ​បាន​តម្លៃ​ខ្ពស់ ប្រជាកសិករ​អរ​ចឹង​ទៅ។ បើ​​វា​​​ខុស​​ខ្នាត យើង​​ត្រូវ​​លក់​​ក្នុង​​តម្លៃ​​ផ្សេង មៀន​​នឹង​​បាន​​ត្រឹម​​មួយ​​គីឡូ​​១ពាន់​​លុយ​​ខ្មែរ​​អី​ចឹង​​ទៅ»។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ មានប្រសាសន៍​​កាលពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ថា កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​ផ្លែឈើ​ទាំងអស់ ក្រសួង​​បាន​នាំ​ចេញ​ទៅក្រៅ​ប្រទេស​​ជា​បន្ត​បន្ទាប់​។ លោក​បន្ត​ថា សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ​កម្ពុជា​​បាន​ទទួល​ការគាំទ្រ ចេក​ ​ស្វាយ ​ដែល​នឹង​​ត្រៀម​នឹង​នាំ​ចេញទៅចិន​នៅ​ពេលខាង​មុខ បន្ទាប់​មក​​​នឹង​មានការ​នាំ​ចេញ​មៀន​ប៉ៃលិន (តាង៉ែន) ម្រេច ​​ផ្លែស្រកានាគ​ និង​ម្នាស់​ជាដើម​​។

លោក​បញ្ជាក់​ថា៖ «ក្រៅ​ពី​ប្រទេស​ចិន គឺ​យើង​នាំ​ចេញ​ធម្មតា អត់​បញ្ហា​អី​ទេ។ ចំពោះ​តម្លៃ​ផ្លែមៀន​ប៉ៃលិន (តាង៉ែន) ទៅ​កាន់​ប្រទេស​ចិន គឺ​​យើង​កំពុង​ធ្វើ​រឿង​នេះ​ជាមួយ​ប្រទេស​ចិន»។

ក្នុងសន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន» ​កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា អភិបាលរងខេត្តប៉ៃលិន លោក ធូ ភា លើកឡើង​ថា មៀនប៉ៃលិន ឬតាង៉ែន ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់​​ដែលបាននាំចេញទៅប្រទេសថៃ គឺ​មាន​ចំនួន​ពី៥,៥០០តោន ទៅ៦,០០០តោន ក្នុង​មួយ​ឆ្នាំ។ លោក​បន្ថែមថា តាមការគ្រោងទុក ផ្លែមៀន​ប៉ៃលិន​បម្រុង​នឹង​នាំ​ចេញ​ទៅ​ប្រទេស​ចិន កាលពី​ពេល​កន្លង​ទៅ ប៉ុន្ដែ​លោក​ថា ដោយសារការ​​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ទើប​ផែនការ​នេះត្រូវ​បាន​ខកខាន៕