កំពុងអង្គុយឈប់សម្រាកក្រោមម្លប់ឈើមុខផ្ទះមួយម្តុំបឹងស្រឡាង ក្រោយទាញរទេះពោរពេញទៅដោយអេតចាយដែលភាគច្រើនជាក្រដាសសៀវភៅពេញមួយព្រឹក លោក មាន អាន គឺជាអ្នកដើរទិញ និងរើសអេតចាយម្នាក់ ដែលបានប្រកបរបរនេះអស់រយៈពេលជាង៣ឆ្នាំមកហើយ។
ក្នុងទឹកមុខពោរពេញដោយភាពនឿយហត់ និងមានហូរញើសលើថ្ងាសខ្លះៗផង បន្ទាប់ពីអូសរទោះក្រោមកម្តៅថ្ងៃម៉ោងប្រមាណជា១១ព្រឹក លោក អាន និយាយថា មុខរបររើស និងទិញលក់អេតចាយ គឺជាមុខរបរដែលលោករកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រៅពីការធ្វើស្រែនៅស្រុកកំណើតឯខេត្តកំពង់ស្ពឺ។
ស្ថិតក្នុងសម្លៀកបំពាក់ចាស់ស្លកពណ៌ ចាស់បុរសវ័យ៥០ឆ្នាំរូបនេះបន្ថែមថា លោក និងភរិយាធ្វើស្រែ១ឆ្នាំម្តងក្នុងរដូវភ្លៀង បន្ទាប់ពីនោះ លោក និងភរិយា តែងឡើងមកភ្នំពេញដោយស្នាក់នៅម្តុំបឹងសាឡាងជាមួយកូនពីរនាក់ ដែលកំពុងរៀន និងធ្វើការ។
លោក អាន បន្តថា លោកចាប់ផ្តើមដើរទិញអេតចាយចាប់ពីពេលព្រឹកម៉ោង៧ ហើយសម្រាកហូបបាយថ្ងៃត្រង់នៅផ្ទះ នាម៉ោង១១ ឬ១២ រួចអូសរទេះបន្តពីម៉ោង២រសៀល រហូតដល់ម៉ោង៥ល្ងាចទើបចូលផ្ទះ។ លោក និងភរិយា មានរទេះអេតចាយម្នាក់មួយដើម្បីដើរទិញសម្បកកំប៉ុង សម្បកដប ជ័រប្លាស្ទិច និងក្រដាសជាដើម នៅកន្លែងផ្សេងគ្នា ដែលម្នាក់ អាចរកប្រាក់ចំណេញបានប្រមាណជា២ ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកបញ្ជាក់ថា៖ «រទេះរុញនេះបើទិញតំលៃ៥០ដុល្លា។ តែខ្ញុំបានរទេះដឹកអេតចាយពីថៅកែដែលស្គាល់គ្នា និងបានលុយខ្លះទៀតដើម្បីដើរទិញអេតចាយ ពេលបានហើយខ្ញុំយកទៅលក់ឲ្យថៅកែបានលុយភ្លាមៗរៀងរាល់ថ្ងៃ»។
បើទោះបីជាត្រូវដើររើសអេតចាយបណ្តើរ និងពេលខ្លះត្រូវរើសតាមផ្លូវបណ្តើរក្តី ប៉ុន្តែលោកអាន និយាយថា លោកមិនរើកកាយសំរាមក្នុងថង់ដែលគេចងដាក់ចោលនោះទេ។ លោកបន្ថែមថា លោកចង់ឲ្យពលរដ្ឋដាក់សំរាមដាច់ដោយឡែកទៅតាមប្រភេទ ដើម្បីងាយស្រួលឲ្យអ្នករើសអេតចាយដូចលោករើស។
លោកថ្លែងថា៖ «ខ្ញុំមិនដើររើកកាយពីសំរាមទេ ព្រោះវាលាយឡំនឹងកាកសំណល់ផ្សេងៗ ដូចជាមានកន្ទបសំឡីលាមកកូនង៉ែតដែលដាក់លាយឡំគ្នា។ វាសម្រាប់ឲ្យឡានសំរាមដឹកទេ ខ្ញុំយកតែសំរាមណាដែលគេដាក់នៅថង់ផ្សេង។ ឥឡូវនេះមានអ្នកយល់ដឹង និងញែកសំរាមផ្សេងគ្នាច្រើនជាងពីមុន»។
ចំណែកអ្នកស្រី លាយ លុក ស្រ្តីមេម៉ាយមានកូន៣នាក់ក្នុងបន្ទុក បានប្រកបរបរជាអ្នករើសអេតចាយដោយមានកង់មួយសម្រាប់ដឹក អស់រយៈពេលជាង២‑៣ឆ្នាំមកហើយ។ អ្នកស្រីបន្តថា អ្នកស្រីរើសអេតចាយតែពេលយប់ប៉ុណ្ណោះ គឺចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ហើយមានពេលខ្លះ អ្នកស្រីត្រូវរងរបួសដោយសាររើថង់សំរាមដែលគេគរចោលនៅខាងមុខផ្ទះ ដើម្បីរកសម្បកកំប៉ុង និងសម្បកដបជាដើម។
«ខ្ញុំកាយសំរាម និងស្ទាបក្នុងថង់ បើលឺសំឡេងផ្រោកៗខ្ញុំស្រាយថង់ចេញរាវយកកំប៉ុង ដបជ័រហើយចងឲ្យគេវិញ។ សំរាមខ្លះស្អុយ ខ្លះមិនស្អុយ ពេលខ្លះមុតឡាមក៏មាន»។
រីឯអ្នករើសអេតចាយពីរនាក់ប្តីប្រពន្ធ ដែលមានរទះអូសអេតចាយមួយ ប៉ុន្តែមិនមានអីវ៉ាន់អ្វីសោះក្រៅពីការ៉ុងជាង៣០ អ្នកស្រី ស៊ីនួន និងលោក ជា កំពុងជ្រកភ្លៀងតាមសំយ៉ាបផ្ទះល្វែងដែលម្ចាស់ផ្ទះចាក់សោចោល នៅម៉ោងប្រមាណជា៤រសៀល។
មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយសព្វថ្ងៃរស់នៅម្តុំទួលសង្កែ រាជធានីភ្នំពេញ លោក ជា បានប្រកបរបររើសអេតចាយនេះប្រហែល៣‑៤ឆ្នាំ។ លោកនិយាយថា លោក និងប្រពន្ធ តែងដើររកទិញអេតចាយដូចជាកំប៉ុង ដបជ័រ ដែកផ្សេងៗ ប៉ុន្តែលោកថា បច្ចុប្បន្ន លោករកមិនសូវបានដោយសារតម្លៃថោកពេក។
«ថ្ងៃខ្លះរកបានប្រាក់កំរៃបាន២ម៉ឺនរៀល មានថ្ងៃខ្លះរកបានដល់៤‑៦ម៉ឺនរៀលក៏មានដែរពេលបានរបស់របរយកទៅលក់បន្ត មិនដែលសល់ទេ»។
ប្តីប្រពន្ធទាំងពីរនាកនេះ តែងដើរទិញអេតចាយតាមផ្ទះ និងរើសតាមគំនរសំរាមដែលគេដាក់តាមមុខផ្ទះ និងកន្លែងផ្សេងៗទៀត។
អ្នកស្រី ស៊ីនួន និយាយថា៖ «ពិបាករកទិញទាល់តែទៅកាយសំរាមខ្លះទើបបានបន្ថែម។ អ្នកខ្លះគេទុកកំប៉ុងជ័រផ្សេង អ្នកខ្លះដាក់លើៗសំរាម»។
នៅកម្ពុជា ការបែងចែកសំរាមស្ងិតក្នុងកម្រិតទាបនៅឡើយ ដោយសារប្រជាពលរដ្ឋនិយមដាក់សំរាមគ្រប់ប្រភេទចងក្នុងចង់តែមួយ រួចដាក់គរមុខផ្ទះ ឬនៅគំនរសំរាម។ ជារឿយៗគេតែងឃើញអ្នករើកកាយសំរាម តែងប្រឈមនឹងគ្រោះថ្នាក់ និងរងរបួសដោយសារមុតអម្បែង ឬកម្ទេចកម្ទីរផ្សេងៗ។
ប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនស៊ីនទ្រី លោក ហៀប សាគន្ធ មានប្រសាសន៍ថា អ្នកកាយ ឬរើសសំរាមពេលខ្លះត្រូវប្រឈមនឹងបញ្ហាផ្សេងៗ រហូតមានគ្រោះថ្នាក់ដល់ជីវិតក៏មាន ដូចជាការមុត និងខ្លះទៀតប៉ះត្រូវឡាន និងគ្រឿងចក្រឈូសឆាយនៅកន្លែងចាក់សំរាមជាដើម។ លោកបន្តថា ពលរដ្ឋអាចកាត់បន្ថយបញ្ហាមួយចំនួនសម្រាប់អ្នករើសសំរាម ឬរើសអេតចាយបាន ដោយការបែងចែកប្រភេទសំរាម ដើម្បីងាយស្រួលដល់ពួកគាត់រើស និងកែច្នៃឡើងវិញ។
លោកបញ្ជាក់ថា៖ «ក្រសួងដែលពាក់ព័ន្ធគួរមានការផ្សព្វផ្សាយបន្ថែមទៀតពីការញែកសំរាមដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងថែមទៀត ដូចជាធ្វើជាចម្រៀងពញ្ញាក់អារម្មណ៍ រូបភាព ផ្សាយតាមវិទ្យុ ទូរទស្សន៍ជាដើម»។
លោក សាវី អារីណា បុគ្គលិកគម្រោងម្នាក់ក្នុងក្រសួងបរិស្ថាននិយាយថា គំរោងដែលលោកកំពុងធ្វើគឺផ្សព្វផ្សាយពីការញែកសំរាមអស់រយៈពេលជាង២សប្តាហ៍មកហើយ ចាប់ពីបុរីប៉េងហួតបឹងស្នោរ ភ្នំពេញ ដោយធ្វើពីក្នុងទៅក្រៅ ជាគំរូនៃការញែកសំរាម។ លោកបន្តថា សំរាមញែកមាន៣ប្រភេទ គឺសំរាមកាកសំណល់ផ្ទះបាយ សំណល់ប្លាស្ទិច និងសំណល់គ្រោះថ្នាក់។
លោកបន្ថែមថា៖ «កន្លងមកក៏ធ្លាប់មានការផ្សព្វផ្សាយដែរ តែមិនបានជោគជ័យ ហើយក៏មានក្រុមហ៊ុនជប៉ុនមួយដែរចង់មកធ្វើការវិនិយោគលើសំរាមទៅជារបស់កែច្នៃ តែបន្ទាប់ពីគិតគូរម្ដងទៀតឃើញថាវាខាតពីព្រោះមានការលំបាកក្នុងការញែកសំរាមចេញពីគ្នា ហើយប្រជាពលរដ្ឋយើងនៅតែដាក់សំរាមលាយឡំគ្នាដដែល»។
ឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងកាកសំណល់សម្រាប់រាជធានីភ្នំពេញ ឆ្នាំ ២០១៨-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្រាស់ថ១៦៦ទំព័រជាភាសាអង់គ្លេស ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៨ លើកឡើងអំពីសារៈសំខាន់នៃការអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមដើម្បីប្រើឡើងវិញ។ ឯកសារនេះបង្ហាញពីភាពចាំបាច់ក្នុងការលើកកម្ពស់ការអប់រំដល់មនុស្សគ្រប់គ្នាដែលជាអ្នកផលិតសំរាមឲ្យយល់ដឹងអំពីរបៀបបោះចោលសំរាមឱ្យបានត្រឹមត្រូវ៕