កំពុង​អង្គុយ​ឈប់​សម្រាក​​​ក្រោម​ម្លប់​ឈើ​មុខ​ផ្ទះ​មួយ​​ម្តុំបឹងស្រឡាង​ ក្រោយ​​​ទាញ​រទេះ​​ពោរពេញ​ទៅ​ដោយ​អេត​ចាយ​ដែល​ភាគ​ច្រើន​ជា​ក្រដាស​សៀវភៅ​ពេញ​មួយព្រឹក លោក មាន អាន គឺ​ជា​អ្នក​ដើរ​ទិញ និង​រើស​អេត​ចាយ​ម្នាក់ ដែល​បាន​ប្រកប​របរ​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ។

ក្នុង​ទឹក​មុខ​ពោរពេញ​ដោយ​ភាព​នឿយ​ហត់ និង​មាន​ហូរ​ញើស​លើ​ថ្ងាស​ខ្លះៗ​ផង បន្ទាប់​ពី​​អូស​រទោះ​​ក្រោម​កម្តៅ​ថ្ងៃ​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក លោក​ អាន និយាយ​ថា មុខ​របរ​រើស និង​ទិញ​លក់​អេតចាយ គឺ​ជា​មុខរបរ​ដែល​លោក​រ​ក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ស្ពឺ។

ស្ថិតក្នុង​សម្លៀកបំពាក់​ចាស់​​ស្លក​ពណ៌​ ចាស់​បុរស​វ័យ​៥០ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក និង​ភរិយា​​ធ្វើ​ស្រែ​១ឆ្នាំ​ម្តង​ក្នុង​រដូវ​ភ្លៀង បន្ទាប់​ពី​នោះ លោក និង​ភរិយា តែង​ឡើង​មក​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ម្តុំ​បឹង​សាឡាង​ជាមួយ​កូន​ពីរ​នាក់ ដែល​កំពុង​រៀន និង​ធ្វើការ។

លោក អាន បន្ត​ថា លោក​ចាប់​ផ្តើម​​ដើរ​ទិញ​អេតចាយ​ចាប់​ពី​ពេល​ព្រឹក​ម៉ោង​៧​ ហើយ​សម្រាក​ហូប​បាយ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ នា​​ម៉ោង​១១ ឬ​១២ រួច​អូស​រទេះ​បន្ត​ពី​ម៉ោង​២​រសៀល រហូត​ដល់​ម៉ោង​៥​ល្ងាច​ទើប​ចូល​ផ្ទះ។  លោក និង​ភរិយា មាន​រទេះ​អេត​ចាយ​ម្នាក់​មួយ​ដើម្បី​​​ដើរ​ទិញ​​សម្បក​កំប៉ុង សម្បក​ដប ជ័រ​ប្លាស្ទិច និង​ក្រដាស​ជាដើម នៅ​កន្លែង​ផ្សេង​គ្នា ដែល​ម្នាក់ ​អាច​រក​ប្រាក់​ចំណេញ​​បាន​ប្រមាណ​ជា​​​២ ​ទៅ​៣​ម៉ឺន​រៀល​ក្នុងមួយ​ថ្ងៃ។

លោក​បញ្ជាក់​ថា៖ «រទេះ​រុញ​នេះ​បើ​ទិញ​តំលៃ​៥០​ដុល្លា​។ តែ​ខ្ញុំ​បាន​​​រទេះ​ដឹក​អេតចាយ​ពី​ថៅកែ​ដែល​ស្គាល់​គ្នា និង​បាន​​លុយ​ខ្លះ​ទៀត​ដើម្បី​ដើរ​ទិញ​អេតចាយ ពេល​បាន​ហើយ​ខ្ញុំ​យក​ទៅ​លក់​ឲ្យ​ថៅកែ​បាន​លុយ​ភ្លាមៗ​រៀងរាល់​ថ្ងៃ»។

បើទោះបីជា​ត្រូវ​ដើរ​រើស​អេតចាយ​បណ្តើរ និង​ពេល​ខ្លះ​ត្រូវ​រើស​តាម​ផ្លូវ​បណ្តើរ​ក្តី ប៉ុន្តែ​លោក​អាន​ និយាយ​ថា លោក​មិន​រើ​កកាយ​សំរាម​ក្នុង​ថង់​ដែល​គេ​ចង​ដាក់​ចោល​នោះ​ទេ។ លោក​បន្ថែម​ថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ដាក់​សំរាម​ដាច់​ដោយ​ឡែក​ទៅ​តាម​ប្រភេទ ដើម្បី​ងាយ​ស្រួលឲ្យ​អ្នក​រើស​អេតចាយ​ដូច​លោក​រើស​។​​​​

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដើរ​រើ​កកាយ​ពី​សំរាម​ទេ ព្រោះ​វា​លាយឡំ​នឹង​កាក​សំណល់​ផ្សេងៗ ដូចជា​មាន​កន្ទប​សំឡី​លាមក​កូនង៉ែត​ដែល​ដាក់​លាយឡំ​គ្នា។ វា​សម្រាប់​ឲ្យ​ឡាន​សំរាម​ដឹក​ទេ ខ្ញុំ​យក​តែ​សំរាម​ណា​ដែល​គេ​ដាក់​នៅ​ថង់​ផ្សេង។ ឥឡូវ​នេះ​មាន​អ្នក​យល់​ដឹង និង​ញែក​សំរាម​ផ្សេង​គ្នា​ច្រើន​ជាង​ពី​មុន»។

ចំណែក​អ្នកស្រី លាយ លុក ​ស្រ្តី​មេម៉ាយ​មាន​កូន​៣​នាក់​ក្នុង​បន្ទុក បាន​ប្រកប​របរ​ជា​អ្នក​រើស​អេតចាយ​ដោយ​មាន​កង់​មួយ​សម្រាប់​ដឹក អស់​រយៈពេល​ជាង​២‑៣​ឆ្នាំ​មក​ហើយ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​រើស​អេត​ចាយ​តែ​ពេល​យប់​ប៉ុណ្ណោះ គឺ​ចាប់​ផ្តើម​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់  ហើយ​មាន​ពេល​ខ្លះ ​អ្នកស្រី​​ត្រូវ​រង​របួស​ដោយសារ​រើ​ថង់​សំរាម​ដែល​គេ​​គរ​ចោល​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រក​សម្បក​កំប៉ុង និង​សម្បក​ដប​ជាដើម។​

«ខ្ញុំ​កាយ​សំរាម និង​ស្ទាប​ក្នុង​ថង់​ បើ​លឺ​សំឡេង​ផ្រោកៗ​ខ្ញុំ​ស្រាយ​ថង់​ចេញ​រាវ​យក​កំប៉ុង ​ដបជ័រ​ហើយ​ចង​ឲ្យ​គេ​វិញ។ សំរាម​ខ្លះ​ស្អុយ ខ្លះ​មិន​ស្អុយ ពេល​ខ្លះ​មុត​ឡាម​ក៏​មាន»។

រីឯ​អ្នក​រើស​អេតចាយ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​មាន​រទះ​អូស​អេតចាយ​មួយ ប៉ុន្តែ​មិន​មាន​អីវ៉ាន់​អ្វី​សោះ​ក្រៅ​ពី​ការ៉ុង​ជាង​៣០ ​អ្នកស្រី ស៊ីនួន​ និង​លោក​ ជា កំពុង​ជ្រក​ភ្លៀង​​តាម​សំយ៉ាប​ផ្ទះ​ល្វែង​ដែល​ម្ចាស់​ផ្ទះ​ចាក់​សោ​ចោល នៅ​​ម៉ោង​ប្រមាណ​ជា​៤​រសៀល។

មាន​ស្រុកកំ​ណើត​នៅ​ខេត្ត​ស្វាយរៀង ហើយ​សព្វ​ថ្ងៃ​រស់នៅ​ម្តុំ​ទួល​សង្កែ រាជធានី​ភ្នំពេញ លោក ជា បាន​ប្រកប​របរ​រើស​អេតចាយ​នេះ​ប្រហែល​៣‑៤ឆ្នាំ។ លោក​និយាយ​ថា លោក និង​ប្រពន្ធ ​តែង​ដើរ​រក​ទិញ​អេតចាយ​ដូចជា​កំប៉ុង ដបជ័រ​ ដែក​​​ផ្សេងៗ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​ លោក​​រក​មិន​សូវ​បាន​​ដោយសារ​តម្លៃ​ថោក​ពេក។

«ថ្ងៃ​ខ្លះ​រក​បាន​ប្រាក់​កំរៃ​បាន​២ម៉ឺន​រៀល​ មាន​ថ្ងៃ​ខ្លះ​រក​បាន​ដល់​៤‑៦​ម៉ឺនរៀល​ក៏​មាន​ដែរ​ពេល​បាន​របស់​របរ​យក​ទៅ​លក់​បន្ត មិន​ដែល​សល់​ទេ»។

ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក​នេះ តែង​ដើរ​ទិញ​អេតចាយ​តាម​ផ្ទះ និង​រើស​តាម​គំនរ​សំរាម​ដែល​គេ​ដាក់​តាម​មុខ​ផ្ទះ និង​កន្លែង​ផ្សេងៗ​ទៀត។

អ្នកស្រី​ ស៊ីនួន ​និយាយ​ថា៖ «ពិបាក​រក​ទិញ​ទាល់​តែ​ទៅ​កាយ​សំរាម​ខ្លះ​ទើប​បាន​បន្ថែម។ អ្នក​ខ្លះ​គេ​ទុក​កំប៉ុង​ជ័រ​ផ្សេង​ អ្នក​ខ្លះ​ដាក់​លើៗ​សំរាម»។

នៅ​កម្ពុជា ការ​បែង​ចែក​សំរាម​ស្ងិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ ដោយសារ​ប្រជាពលរដ្ឋ​និយម​ដាក់​សំរាម​គ្រប់​ប្រភេទ​ចង​ក្នុង​ចង់​តែមួយ រួច​ដាក់​គរ​មុខ​ផ្ទះ ឬ​នៅ​គំនរ​សំរាម។ ​ជារឿយៗ​គេ​តែង​ឃើញ​អ្នករើ​កកាយ​សំរាម​ តែង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ និង​​រង​របួស​ដោយសារ​មុត​អម្បែង ឬ​កម្ទេច​កម្ទីរ​ផ្សេងៗ។​

ប្រធាន​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី លោក​ ហៀប សាគន្ធ មាន​ប្រសាសន៍​ថា ​អ្នក​​កាយ ឬ​​រើស​សំរាម​ពេល​ខ្លះ​​ត្រូវ​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ រហូត​​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​​មាន ដូចជា​ការ​មុត​ និង​ខ្លះ​ទៀត​​ប៉ះ​ត្រូវ​ឡាន និង​គ្រឿងចក្រ​ឈូសឆាយ​នៅ​កន្លែង​ចាក់​សំរាម​ជាដើម​។ លោក​បន្ត​ថា ពលរដ្ឋ​អាច​កាត់​បន្ថយ​បញ្ហា​មួយ​ចំនួន​សម្រាប់​អ្នក​រើស​សំរាម​ ឬ​រើស​អេតចាយ​បាន ដោយការ​បែង​ចែក​ប្រភេទ​សំរាម ដើម្បី​ងាយ​ស្រួល​ដល់​ពួក​គាត់​រើស និង​កែច្នៃ​ឡើង​វិញ។​

លោក​បញ្ជាក់​ថា៖ «​ក្រសួង​ដែល​ពាក់ព័ន្ធ​គួរ​មាន​ការផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ពី​ការញែក​សំរាម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ថែម​ទៀត ដូចជា​ធ្វើ​ជា​ចម្រៀង​​ពញ្ញាក់​អារម្មណ៍ រូបភាព​ ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាដើម»។

លោក សាវី អារីណា បុគ្គលិក​គម្រោង​ម្នាក់​ក្នុង​ក្រសួង​បរិស្ថាន​និយាយ​ថា គំរោង​ដែល​លោក​កំពុង​ធ្វើ​គឺ​ផ្សព្វផ្សាយ​ពី​ការញែក​សំរាម​អស់​​រយៈពេល​ជាង​២​សប្តាហ៍​មក​​ហើយ ចាប់​ពី​បុរី​ប៉េង​ហួត​បឹងស្នោរ ភ្នំពេញ ដោយ​​ធ្វើ​ពី​ក្នុង​ទៅ​ក្រៅ ​ជា​គំរូ​នៃ​ការញែក​សំរាម។ លោក​បន្ត​ថា សំរាម​ញែក​មាន​៣​ប្រភេទ ​គឺ​សំរាម​កាក​សំណល់​ផ្ទះបាយ សំណល់​​​ប្លាស្ទិច និង​សំណល់​គ្រោះថ្នាក់។

លោក​បន្ថែមថា​​៖ «កន្លង​មក​ក៏​ធ្លាប់​មាន​ការផ្សព្វផ្សាយ​ដែរ តែ​មិន​បាន​ជោគជ័យ ហើយ​ក៏​​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ដែរ​ចង់​មក​ធ្វើ​ការវិនិយោគ​លើ​សំរាម​ទៅ​ជា​របស់​កែច្នៃ តែ​បន្ទាប់ពី​គិតគូរ​ម្ដង​ទៀត​ឃើញ​ថា​វា​ខាត​ពីព្រោះ​មាន​ការលំបាក​ក្នុង​ការញែក​សំរាម​ចេញ​ពី​គ្នា ហើយ​ប្រជា​ពលរដ្ឋ​យើង​នៅ​តែ​ដាក់​សំរាម​លាយឡំ​គ្នា​ដដែល»។

​ឯកសារ​យុទ្ធសាស្ត្រ ​និង​ផែនការ​សកម្ម​ភាព​គ្រប់គ្រង​កាក​សំណល់​សម្រាប់​រាជធានី​ភ្នំពេញ​ ឆ្នាំ​ ២០១៨-២០៣៥ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​កម្រាស់​ថ១៦៦​​ទំព័រ​ជា​ភាសា​អង់គ្លេស​ ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៨​ លើកឡើង​​អំពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​គោល​ការណ៍​​​កាត់​បន្ថយ​ការប្រើប្រាស់​ ការប្រើប្រាស់​ឡើង​វិញ​ និង​ការ​កែច្នៃ​សំរាម​ដើម្បី​ប្រើ​ឡើង​វិញ។ ឯកសារ​នេះ​បង្ហាញ​ពី​ភាពចាំ​បាច់​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ជា​អ្នក​ផលិត​សំរាម​ឲ្យ​យល់​ដឹង​អំពី​របៀប​បោះចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ៕​