ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ ប្រកាសត្រៀមសណ្ឋាគារចំនួន៨ថែមទៀត ដើម្បីដាក់ជនបរទេសធ្វើដំណើរមកប្រទេសកម្ពុជាឲ្យនៅដាច់ដោយឡែក ក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ និងអ្នកដែលត្រូវបានសង្ស័យថាអាចមានជំងឺកូវីដ១៩ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ក្រសួងសុខាភិបាលបានសហការជាមួយសណ្ឋាគារចំនួន៨ ដើម្បីយកសណ្ឋាគារនោះដាក់អ្នកដំណើរបរទេសដែលធ្វើដំណើរមកកម្ពុជាហើយរកឃើញមានផ្ទុកជំងឺកូវីដ១៩ និងអ្នកដំណើរដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩។
លោកស្រីមានប្រសាសន៍ថា៖ «នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះម្ចាស់សណ្ឋាគារទាំងអស់ ដែលបានស្ម័គ្រចិត្តរួមកិច្ចការជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទទូលភ្ញៀវ ព្រោះភ្ញៀវទាំងអស់ហ្នឹងមិនមែនសុទ្ធតែភ្ញៀវមានកូវីដវិជ្ជមានទេ។ អីចឹងខ្ញុំសូមជម្រាបជូនថា កុំឲ្យមានការយល់ច្រលំ ប៉ុន្តែអ្វីដែលប្រយ័ត្នប្រយែងនោះគឺថា នៅពេលដែលយើងរកឃើញករណីវិជ្ជមានអ្នកនៅសេសសល់ ត្រូវរក្សាទុកនៅសណ្ឋាគារនោះ១៤ថ្ងៃ»។
កន្លងមក កម្ពុជាបានរៀបចំសណ្ឋាគារ The Great Duke ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ និងបានប្រកាសក្ស័យធនទៅហើយនោះ ទៅជាកន្លែងសម្រាប់ ព្យាបាល និងដាក់អ្នកជំងឺកូវីដ១៩ ដាច់ដោយឡែក។
ក្រៅពីសណ្ឋាគារទាំង៩ កម្ពុជាក៏មានកន្លែងស្នាក់នៅដាច់ដោយឡែកចំនួន៤កន្លែងនៅរាជធានីភ្នំពេញ ក្នុងនោះរួមមានសាលារៀនជម្ពូវ័ន មណ្ឌលសុខភាពចាក់អង្រែ ព្រលានកងទ័ព និងសាលាសម្ដេចតេជោពោធិ៍ចិនតុង។
លោកស្រី យក់ សម្បត្តិ បន្តថា ជនបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា តម្រូវឲ្យតម្កល់ទឹកប្រាក់៣,០០០ដុល្លារ ក្នុងការចំណាយទៅលើការធ្វើតេស្តរកមេរោគកូវីត១៩ជំហ៊ានដំបូង រួមនិងថ្លៃស្នាក់នៅក្នុងសណ្ឋាគាផងដែរ ។
បើតាមលោកស្រី យក់ សម្បត្តិ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ថវិការដែលបានទទួលពីជនបរទេសដាក់តម្កល់ប្រមាណជា៣ពាន់នាក់ មានចំនួន៩លានដុល្លារអាមេរិក។ ក្នុងនោះ អ្នកដំណើរចំនួន១៦,១២៩នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី ២ខែកក្កដា នេះ និងបានរកឃើញមនុស្ស១៨នាក់ដែលមានផ្ទុកមេរោគនេះ។
លោកស្រី សម្បត្តិ បានបន្ថែមថា ក្នុងចំណោមអ្នកដំណើរដែលបានចូលមកប្រទេសកម្ពុជា គឺមានជនជាតិចិនច្រើនជាងគេ គឺចំនួន១១,៩៣៥នាក់ ក្នុងចំណោមអ្នកដំណើរសរុប១៦,១២៩នាក់។
ចំណែកប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោក លី សូវ៉ាន់ ថ្លែងក្នុងសន្និសីទនោះដែរថា កន្លងមកថ្មីៗនេះ នៅប្រទេសកម្ពុជាមានការនាំចូលជំងឺនេះពីក្រៅប្រទេសជាបន្តបន្ទាប់ ប៉ុន្តែលោកថាក្រសួងសុខាភិបាលបានត្រៀមរួចជាស្រេចដើម្បីការពារកុំឲ្យមានការរីករាលនៅក្នុងសហគមន៍។ លោកបន្តថា ការត្រៀមទាំងនោះមានដូចជា ប្រព័ន្ធតាមដានមួយចំនួនដូចជា ការតាមដានជំងឺផ្តាសាយ ប្រព័ន្ធតាមដាននៅតំបន់ដែលសង្ស័យថាមានការឆ្លងខ្ពស់ ការតាមដានអត្រាស្លាប់របស់ប្រជាពលរដ្ឋទូទាំងប្រទេស និងមានការសហការផ្តល់ព័ត៌មានពីក្រៅប្រទេសអំពីករណីឆ្លងផងដែរ ។
លោក លី សូវ៉ាន់ បន្ថែមថា ប្រទេសកម្ពុជាអាចមានការនាំចូលជំងឺកូវីដ១៩គ្រប់ពេលវេលា ដោយសារជំងឺនេះនៅរាតត្បាតទូទាំងពិភពលោកនៅឡើយ។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចនិយាយថាមិនឲ្យមានការនាំចូលទេព្រោះវាហោះពីស្រុកគេមក ទាល់តែទប់នៅស្រុកគេបានយើងអត់មាន។ ប៉ុន្តែអ្វីដែលសំខាន់ រាល់ករណីដែលគាត់ចូលមកយើងរកឃើញទាន់ពេលវេលា អីចឹងយើងរកឃើញ១០០ភាគរយដែលគាត់នាំចូលមកប្រទេសយើង»។
លោក សូវ៉ាន់ បន្តថា ក្រសួងសុខាភិបាលក៏បានសហការជាមួយអាជ្ញាធរដែនដីដើម្បីតាមដានចំពោះប្រជាពលរដ្ឋដែលត្រូវបានក្រសួងចេញវិធានការដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅពេលដែលមកពីក្រៅប្រទេស ឬអ្នកដែលមានហានិភ័យឆ្លងខ្ពស់។
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមថ្ងៃទី១ ខែកក្កដា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១៤១ និងត្រូវបានព្យាបាលជាសះស្បើយបាន១៣១នាក់ នៅសល់១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕