ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​​ត្រៀម​សណ្ឋាគារ​ចំនួន​៨ថែម​ទៀត ដើម្បី​ដាក់​ជនបរទេស​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ក្នុង​ករណីមាន​​​​ផ្ទុក​ជំងឺ​កូវីដ​១៩​ និង​អ្នក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​​អាច​មាន​ជំងឺ​​​កូវីដ​១៩ ​​។​

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​​​​សណ្ឋាគារ​ចំនួន​៨​ ​ដើម្បី​យក​សណ្ឋាគារ​នោះ​ដាក់​អ្នកដំណើរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​​កម្ពុជា​ហើយ​រកឃើញមានផ្ទុកជំងឺកូវីដ១៩ និង​អ្នកដំណើរ​ដែល​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​កូវីដ​១៩។

លោកស្រីមានប្រសាសន៍ថា៖ «នាងខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ម្ចាស់​សណ្ឋាគារ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​រួម​កិច្ចការ​ជាមួយ​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​ទទូល​ភ្ញៀវ​ ព្រោះ​ភ្ញៀវ​ទាំងអស់​ហ្នឹង​មិនមែន​សុទ្ធ​តែ​ភ្ញៀវ​មាន​កូវីដ​​វិជ្ជមាន​ទេ។ អីចឹង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា កុំ​ឲ្យ​មាន​ការ​យល់​ច្រលំ ប៉ុន្តែ​អ្វី​ដែល​ប្រយ័ត្ន​ប្រយែង​នោះ​គឺ​ថា នៅ​ពេល​ដែល​យើង​រក​ឃើញ​ករណី​វិជ្ជមាន​អ្នក​នៅ​សេស​សល់ ត្រូវ​រក្សា​ទុក​នៅស​ណ្ឋាគារ​នោះ​១៤​ថ្ងៃ»។​

កន្លង​មក​​ កម្ពុជា​​បាន​​រៀបចំ​​សណ្ឋាគារ​ The Great Duke ដែលជាអតីត​​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ និង​បាន​ប្រកាស​ក្ស័យ​ធន​ទៅ​​ហើយ​នោះ ទៅជា​​កន្លែង​​​សម្រាប់ ព្យាបាល និង​ដាក់​អ្នកជំងឺ​កូវីដ​១៩ ដាច់​ដោយឡែក​។

ក្រៅពី​សណ្ឋាគារ​ទាំង​៩ កម្ពុជា​ក៏​មាន​កន្លែង​​ស្នាក់​នៅ​​ដាច់​ដោយ​ឡែក​​ចំនួន​៤កន្លែងនៅ​រាជ​ធានី​​​ភ្នំពេញ ក្នុង​នោះ​​រួម​មាន​​សាលារៀន​​ជម្ពូ​វ័ន មណ្ឌល​សុខភាព​​ចាក់​​អង្រែ ព្រលា​ន​កង​ទ័ព​ និង​​សាលា​​សម្ដេច​តេជោ​ពោធិ៍​​ចិន​តុង។

លោកស្រី​​ យក់ សម្បត្តិ បន្ត​ថា ជន​បរទេស​ដែល​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា តម្រូវ​ឲ្យ​តម្កល់​ទឹកប្រាក់​៣,០០០​ដុល្លារ ក្នុង​ការចំណាយ​ទៅ​លើ​ការធ្វើ​តេស្ត​រក​មេរោគ​កូវីត​១៩​​ជំហ៊ាន​ដំបូង រួម​និង​ថ្លៃ​ស្នាក់នៅ​ក្នុង​សណ្ឋាគា​ផង​ដែរ ។

បើតាម​លោក​ស្រី យក់ សម្បត្តិ គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ថវិការ​ដែល​បាន​ទទួល​ពី​ជន​បរទេសដាក់​តម្កល់ប្រមាណជា​៣​ពាន់​នាក់ ​​មាន​​ចំនួន​៩លាន​ដុល្លារ​អាមេរិក​។ ក្នុង​នោះ អ្នក​ដំណើរ​​​ចំនួន​១៦,១២៩​នាក់ ​​បាន​​ធ្វើ​​តេស្ត​​រក​​មេរោគ​​កូវីដ​​១៩ គិតត្រឹមថ្ងៃទី ២ខែកក្កដា នេះ​ និង​បាន​រក​ឃើញ​មនុស្ស​១៨​នាក់​ដែល​មាន​ផ្ទុក​មេរោគ​នេះ។

លោកស្រី សម្បត្តិ បាន​បន្ថែម​​ថា ក្នុង​ចំណោម​អ្នក​ដំណើរ​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា​ គឺ​មាន​ជនជាតិ​ចិន​ច្រើន​ជាង​គេ គឺ​ចំនួន​១១,៩៣៥​នាក់ ក្នុង​ចំណោម​អ្នក​ដំណើរ​សរុប​១៦,១២៩​នាក់​។

ចំណែក​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក លី សូវ៉ាន់ ថ្លែង​ក្នុង​សន្និសីទ​នោះ​ដែរថា កន្លង​មក​ថ្មីៗ​នេះ នៅ​ប្រទេស​កម្ពុជា​មាន​ការនាំចូលជំងឺ​​​នេះ​ពី​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់  ប៉ុន្តែ​លោក​ថា​ក្រសួង​សុខាភិបាល​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការរីករាល​នៅ​ក្នុង​សហគមន៍។ លោក​បន្ត​ថា ការ​ត្រៀម​ទាំង​នោះ​​មាន​ដូចជា ប្រព័ន្ធ​តាមដាន​មួយ​ចំនួន​ដូចជា ការតាមដាន​ជំងឺ​ផ្តាសាយ ប្រព័ន្ធ​តាមដាន​នៅ​តំបន់​ដែល​សង្ស័យ​ថា​មាន​ការឆ្លង​ខ្ពស់ ការតាម​ដាន​​អត្រា​​ស្លាប់​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​មាន​ការសហការ​ផ្តល់​ព័ត៌មាន​ពី​ក្រៅ​ប្រទេស​អំពី​ករណី​ឆ្លង​ផង​ដែរ ។

លោក លី សូវ៉ាន់ បន្ថែមថា ប្រទេស​កម្ពុជា​អាច​មាន​ការនាំចូល​ជំងឺកូវីដ១៩​គ្រប់ពេល​វេលា ដោយសារ​ជំងឺ​នេះ​នៅ​រាតត្បាត​ទូទាំង​ពិភពលោក​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច​និយាយ​ថា​មិន​ឲ្យ​មាន​ការនាំចូល​ទេ​ព្រោះ​វា​ហោះ​ពីស្រុក​គេ​មក​ ទាល់តែ​ទប់​នៅស្រុក​គេ​បាន​យើង​អត់​មាន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ រាល់​ករណី​ដែល​គាត់​ចូល​មក​យើង​រក​ឃើញ​ទាន់​ពេល​វេលា​ អីចឹង​យើង​រក​ឃើញ​១០០​ភាគរយ​ដែល​គាត់​នាំចូល​មក​ប្រទេស​យើង»។

លោក​ សូវ៉ាន់ បន្តថា ក្រសួង​សុខាភិបាល​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី​ដើម្បីតា​មដាន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ក្រសួង​ចេញ​វិធានការ​ដើម្បី​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ពេល​ដែល​មក​ពី​ក្រៅ​ប្រទេស ឬ​អ្នក​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។

ក្រសួងសុខាភិបាល​បានប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី១ ខែកក្កដា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​១៤១ និងត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​បាន១៣១នាក់ នៅសល់​១០នាក់​ទៀត​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕