ធនាគារ​អេស៊ីលីដា​​ ​នៅ​ថ្ងៃ​សុក្រនេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​បាន​ហៅ​ការ​ចុះផ្សាយរបាយការណ៍​​​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​​​ពាក់ព័ន្ធនឹង​ «ការ​ជំពាក់​បំណុល​​វ័ណ្ឌករបស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ» ថា​ជា «ការ​បំភ្លៃ និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​​»។

សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ​អេស៊ីលីដា ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល និង​សហជីព​​មួយ​ក្រុម​​នៅ​ដើម​សប្តាហ៍នេះ  បាន​ចេញផ្សាយ​របាយការណ៍​សិក្សា​មួយ​ឈ្មោះថា  «ធ្វើ​ការងារ​រហូត​​ជំពាក់​​បំណុល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​​កម្ពុជា» ដោយ​បាន​រកឃើញ​ថា កម្មករ​-កម្មការិនីរាប់​ម៉ឺន​នាក់​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយ​សារ​​តែ​បំណុល។

បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ធនាគារ​អេស៊ីលីដា​លើកឡើង​ថា ស្ថាប័ន​សង្គមស៊ីវិល សហ​ព័ន្ធ​​​សហជីព​​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារសិ​ទ្ធិ​មនុស្ស​លីកាដូ ថា​កំពុងតែបំភ្លៃ និងបំភ័ន្តប្រជាពលរដ្ឋ​ដែល​កំពុង​​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​មាន​ការយល់​ច្រឡំ និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។

សេចក្តី​ថ្លែងការណ៍​របស់​អេ​ស៊ី​លីដានោះ​បន្ថែម​ថា ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ក្នុង​ចេតនា​​បង្ខូច​កេរ្តិ៍ឈ្មោះ​ធនាគារ ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។ ធនាគារ​អេស៊ី​លីដា​ក៏​បាន​​​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់ ក្នុងករណី​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

សេចក្តី​ថ្លែងការណ៍​របស់ធនាគារអេ​ស៊ី​លីដា​បញ្ជាក់ថា​៖ «សូម​មេត្តា​ចាត់វិធានការ​ច្បាប់​ចំពោះ​ជន ឬក្រុម​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​​មានការ​រង្គោះរង្គើរ ជំរុញ​ឲ្យ​​មានផល​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ ធ្វើ​ឲ្យ​​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត សុវត្ថិភាព​ដល់​អ្នក​ដាក់​ប្រាក់បញ្ញើក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងមូល»។

Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក អ៊ិន​ ចាន់នី នាយក​​ប្រតិបត្ដិ​ធនាគារ អេស៊ីលីដា​ ជាច្រើនដ តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

លោក ​អំ សំអាត នាយករង​​ផ្នែក​​ឃ្លាំមើល​​ការរំលោភ​​សិ​ទិ្ធ​មនុស្ស​​របស់​​អង្គការ​​លីកាដូ​មាន​ប្រសាសន៍​ថា របាយការណ៍ដែល​ចេញ​ដោយ​ក្រុម​សង្គម​ស៊ីវិល និង​សហជីព គឺ​បាន​សម្ភាសន៍ និង​ស្រាវជ្រាវ​​លើ​កម្មករចំនួន​១៦២​នាក់​ក្នុង​រោងចក្រ​ដែល​ត្រូវ​បាន​ភ្ជួរ​ការងារ​ចំនួន៣ គឺ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ភ្នំពេញ ហើយការស្រាវជ្រាវនោះ​គឺផ្តោត​​លើ​ការរស់នៅរបស់កម្មករ​ក្រោយ​ពី​បាន​ភ្ជួរ​ការងារ។ លោក​បន្ត​ថា ជាលទ្ធផល មនុស្ស​១៥៨​នាក់​បាន​ឆ្លើយ​ថា ពួកគេ​​បាន​ជំពាក់​បំណុល​ធនាគារ​ខាង​ហិរញ្ញវត្ថុ និង​បំណុល​ផ្សេងៗ​ ដោយ​មាន​​ការ​បារម្ភ​ថា ក្នុង​កាលៈ​ទេសៈ​​​ត្រូវ​បាន​ព្យួរ​ការងារ​នេះ​​ពួកគេ​មិនមាន​លទ្ធភាព​ក្នុង​ការសង​ត្រលប់​ទៅ​វិញ»។

លោក​បញ្ជាក់ថា៖ «អី​ចឹង​អ្វី​ដែល​គាត់ (កម្មករ) គិត​ទៅ​ថ្ងៃក្រោយ ពួកគាត់​គិតថា ទីមួយ​គឺ​គាត់​អាច​ប្រឈម​មុខ​ក្នុងការ​លក់ដី​យក​ទៅ​សង​គេ ទីពីរ​អាច​កាត់បន្ថយ​របប​អាហារ​ហូប​ចុក ហើយ​ទីបី​អាច​ខ្ចី​ពី​កន្លែង​ផ្សេង​ទៅ​សង។ នេះ​ជា​កង្វល់​របស់​គាត់​»។

លោក អំ សំអាត បន្ថែមថា ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​ក្នុ​ង​គោល​បំណង​ដើម្បី​ឲ្យ​​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​​រកវិធាន​ការ ​ឬ​ការផ្សព្វផ្សាយ​យ៉ាងណា​ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​​ក្រុម​កម្មករ​ទាំង​នោះ។ ​

លោក​បញ្ជាក់ថា៖ «ព្រោះ​កន្លង​មក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​បាន​ចេញ ថា​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ហ្នឹង​ជួយ​សម្រប​សម្រួល និង​បន្ធូរ​បន្ថយ​ទៅ​លើ​ការព្យួរ​នៃ​ការ​សង​៣ខែ​ ត្រូវ​សង​ទាំង​ការ ឬដើម​ និង​នីតិវិធី​ផ្សេងៗ​​​ទៀត»។

ចំណែក​លោក ឃុន ថារ៉ូ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ ​សង់​ត្រាល់​ លើកឡើង​ថា របាយការណ៍​នៃការ​សិក្សាស្រាវ​ជ្រាវ​នេះ មិន​តំណាង​ឲ្យ​តួលេខ​របស់​អតិថិជន​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែល​មាន​ប្រមាណជា​​ជាង​២លាន៦សែន​នាក់​ និង​មិន​តំណាង​ឲ្យ​កម្មករនិយោជិត ដែល​ធ្វើការងារ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ជាង​៨០​ម៉ឺន​នាក់​នោះទេ។ លោកបន្ត​ថា ក្រុម​សង្គម​ស៊ីវិល និង​សហជីព​បានសម្ភាសន៍កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ជាង​១៦០​នាក់ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច ទាក់ទង​នឹង​សិទ្ធិ​របស់​ពួកគេ នៅ​ពេល​ដែល​រោងចក្រ​ព្យួរ​ការងារ។

លោក​បញ្ជាក់​ថា៖ «យើង​មិនមាន​ចេតនា​ណាមួយ​ដើម្បី​ទៅ​ធ្វើការ​ញុះញង់ បង្ក​ឲ្យ​មាន​ការប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ កិត្តិយស​​របស់​អេស៊ីលីដា ឬក៏​បណ្តា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ការសិក្សា​នេះ​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្តែង បញ្ហា​ប្រឈម​ដែល​កម្មករ​និយោជិត​គាត់​បាត់បង់​នូវ​ប្រាក់​ចំណូល គាត់​មិន​មាន​លទ្ធភាព​ក្នុងការ​បង់​ទៅ​ធនាគារ»។

គិត​ត្រឹម​ដំណាច់​ខែ​ឧសភា​នេះ ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​​វាយនភណ្ឌ​ចំនួន​​២៦៣​ កំពុង​បិទ​ផ្អាក​ដំណើរ​ការ​ និង​មាន​​កម្មករ​​​​ប្រមាណ​​ជា​១៣៥.០០០​នាក់​ ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ត្រូវ​ព្យួរ​ការងារ ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​ ពាក់ព័ន្ធនឹង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ លើ​ពិផព​លោក​។​ នេះ​បើ​តាម​តាមតួលេខ​របស់​​​ក្រសួង​ការងារ៕