ក្រុមអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងសិទ្ធិដីធ្លីសាទរចំណាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញការបញ្ជាឲ្យកាត់ឆ្វៀលដី និងផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីតំបន់ការពារធម្មជាតិ ប៉ុន្តែពួកគេមិនមានជំនឿថានឹងអាចមានការដាក់ទោសលើអ្នកមានអំណាចជុំវិញករណីនេះ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងចំនួនបី គឺក្រសួងបរិស្ថាន ក្រសួងដែនដី ក្រសួងកសិកម្ម ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាត់ឆ្វៀលដី និងផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំលើទីតាំងដីស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមខេត្តនានា ដូចជា ខេត្តកោះកុង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។
ក្រោយកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឲ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា លោកបានកំណត់អត្តសញ្ញាណ និងមុខសញ្ញាអ្នកមានអំណាច និងមានទ្រព្យច្រើន ដែលបានប្រើពលរដ្ឋឲ្យទៅកាប់រុករានទន្ទ្រានយកដីឲ្យពួកគេ រួចហើយ ហើយលោកថា ប្រសិនបើរកឃើញអ្នកទាំងនោះបានប្រព្រឹត្តមែន គឺត្រូវទទួលទោសជាកំហិត។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ។
Newsroom Cambodia ក៏បានព្យាយាមទាក់ទងទៅអគ្គលេខាធិការក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី តែលោកមិនទទួលទូរស័ព្ទ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឆ្លើយតបតាមបណ្តាញសង្គម WhatsApp ដោយខ្លីថា៖ «ក្រសួងជំនាញបាននិងកំពុងអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយម៉ឺងម៉ាត់បំផុត»។
ក្រុមសង្គមស៊ីវិលបង្ហាញការសាទរចំពោះចំណាត់ការនេះ ប៉ុន្តែពួកគេបញ្ជាក់ថា ពួកគេមិនមានជំនឿលើការដាក់ទោសណាមួយលើអ្នកមានអំណាចដែលទន្រ្ទានយកដីរបស់រដ្ឋនោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា លោកគាំទ្ររាល់ចំណាត់ការដែលជាផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលពិតប្រាកដ។ ប៉ុន្តែលោកថា លោកមិនគាំទ្ររាល់ចំណាត់ការដែលបានប្រយោជន៍តែសម្រាប់បុគ្គល និងអ្នកមានអំណាចនោះទេ។
លោកបញ្ជាក់ថា៖ «យើងគាំទ្រនូវចំណាត់ការរបស់នាយករដ្ឋមន្ត្រីដែលបែងចែងដីឱ្យប្រជាពលរដ្ឋ ប៉ុន្តែយើងមិនជឿទៅលើចំណាត់ការដាក់ទោសទណ្ឌទៅលើអ្នកមានអំណាចនោះទេ»។
លោក អំ សំអាត បន្ថែមថា បញ្ហាដីធ្លីមួយចំនួនកន្លងមកទាក់ទងនឹងការផ្តល់ដីសង្គមកិច្ច ឬពាក់ព័ន្ធជាមួយអ្នកមានអំណាចជាដើម គឺតែងមានការអូសបន្លាយពេលវេលាមិនមានដំណោះស្រាយ។
លោកបន្ថែមថា៖ «អាទាំងអស់ហ្នឹងហើយដែលត្រូវដោះស្រាយឱ្យបានចប់ជាស្ថាពរ»។ លោកថា៖ «បើសិនជាសាច់ស្អុយជៀរសាច់ហ្នឹងក្រវាត់ចោលទៅ ដោះស្រាយបញ្ចប់អាហ្នឹងទៅជាការល្អ» ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌បានលើកឡើងថា កន្លងមករាល់ចំណាត់ការ និងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី មិនសំដៅចំទៅលើអ្នកមានអំណាច ឬក្រុមហ៊ុនធំៗនៅឡើយ ទើបបណ្តាលឲ្យជម្លោះដីធ្លីមួយចំនួនអូសបន្លាយជាច្រើនឆ្នាំ។ ទោះយ៉ាងណាលោកថា លោកនឹងរងចាំមើលពីប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែង។
លោកបញ្ជាក់ថា៖ «បញ្ហាដីធ្លីនៅមានកើតច្រើនទូទាំងប្រទេស ហើយជម្លោះខ្លះបានអូសបន្លាយពេលយូរមកហើយ អីចឹងសង្ឃឹមថា ជាពិសេសអាជ្ញាធរថ្នាក់ខេត្តនឹងធ្វើការអនុវត្តតាមអនុសាសន៍ និងការសម្រេចរបស់នាយករដ្ឋមន្ត្រី។ កុំឱ្យមានការលើកឡើង និងចោទប្រកាន់ទៅលើការដែលសម្រេចពីនាយករដ្ឋមន្ត្រីហើយ ហើយការអនុវត្តវាគ្មានប្រសិទ្ធភាពនោះ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ កម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៥៧កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣ តំបន់ លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង៧,២លានហិកតា ស្មើនឹង៤១%នៅទូទាំងផ្ទៃប្រទេស៕