ក្រុមអ្នក​វិភាគ​វ័យ​ក្មេង​​ដែល​​ទទួល​បាន​ការបណ្តុះ​បណ្តាល​ពី​លោក​​​បណ្ឌិត កែម ឡី អ្នកវិភាគ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​បួន​ឆ្នាំ​មុន ប្តេជ្ញា​បន្ត​វិភាគ​រឿង​នយោបាយ បើទោះ​ជា​មាន​​ការគំរា​មគំហែង​។

នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ គឺ​ជា​ខួប​គម្រប់​បួន​ឆ្នាំ​នៃការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ក្នុង​​ផ្សារ​លក់​ទំនិញ​មួយ​កន្លែង ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច ស្តុប​បូក​គោ រាជធានី​ភ្នំពេញ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រីស្រស់ ​លើក​ឡើង​ថា ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ក្នុង​ពេល​បច្ចុប្បន្ន​​មាន​សមាជិក​​០៥នាក់ ​ដែលសុទ្ធ​តែ​ជាអ្នក​​ទទួល​​​បានការ​បណ្តុះបណ្តាល​ពី​​​លោក​បណ្ឌិត កែម ឡី។ កញ្ញា​បន្តថា ក្រុម​អ្នកវិភាគវ័យក្មេងនៅបន្តការងារជាធម្មតា ដោយ​អនុវត្ត នូវ​គោលការណ៍​របស់​ខ្លួន និង​​​ប្តេជ្ញា​​បន្ត​​ការងារ​​ជា​អ្នក​វិភាគ​​បញ្ហា​​នានា​​នៅ​​ក្នុង​​សង្គម បើទោះបី​​មាន​ការគំរាម​​គំហែង​។

កញ្ញាបញ្ជាក់ថា​៖ «យើង​អាច​ធ្វើ​បាន ឬ​មិន​អាច​ធ្វើ​បាន ដោយសារ​វា​មាន​សុវត្ថិភាព និង​អត់​សុវត្ថិភាព ប៉ុន្តែ​ដរាប​ណា​រឿង​នោះ​វា​សំខាន់ ទោះបីវា​គ្រោះថ្នាក់ ឬ​យ៉ាងមិច ហ្នឹង​ជា​ការលះបង់​របស់​យើង»។

ចំណែក​លោក ហង្ស វិទូ អតីត​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លើក​ឡើង​ដែរ​ថា​ តាំងពី​ដើម​មក​ដល់​ពេល​នេះ ក្រុម​របស់​លោក​នៅ​តែសកម្មភាព​ក្នុង​​សង្គមជាធម្មតា​ បើទោះបី​ពេល​ខ្លះ លោក​មិន​បាន​និយាយ​ជា​សាធារណៈ ឬ​តាម​វិទ្យុ និង​តាមសារព័ត៌មាន​មួយ​ចំនួន​ក៏​ដោយ។ លោកបន្ត​ថា ​​លោក​បាន​បណ្តុះប​ណ្តាល​យុវជន​ថ្មីៗ មាន​ប្រមាណជា​៨នាក់​​ ដែល​ធ្វើ​​សកម្មភាព​ពាក់ព័ន្ធនឹង​ការ​​វិភាគ​រហូត​មក​។

លោកបញ្ជាក់​​ថា៖ «បើ​និយាយ​តាម​វិទ្យុ​អី​ហ្នឹង គឺ​យើង​មាន​ការដូរវេន​គ្នា អាស្រ័យ​លើ​សារព័ត៌មាន​គាត់​សួរ។ យើង​នៅ​បន្ត​ដំណើរ​ការ​ធម្មតា តែ​ពេល​នេះយើ​ង​បាន​ដូរ​ប្រធាន ខ្ញុំ​ពី​ដើម​ខ្ញុំ​​ជាប្រធាន ដល់​ពេល​ខ្ញុំ​អស់​អាណត្តិ​ចុះ​ពី​តំណែង​ប្រធាន​នឹង មកជា​ប្រធាន​ទីប្រឹក្សា​វិញ ប៉ុន្តែ​នៅ​ធ្វើការ​ដូច​ដើម។​ ចំពោះ​ឧបសគ្គ​វា​មាន​តិចតួច​ដែរ តែ​យើង​នៅ​បន្ត»។

ក្រុមអ្នកវិភាគវ័យ​ក្មេង​ចាប់​ផ្តើម​ទទួល​បាន​បណ្តុះបណ្តាល​ពី​លោក​បណ្ឌិត កែម ឡី កាល​​​ពី​​ដើម​ឆ្នាំ​​២០១៥។ ជាទូទៅ​គេ​ឃើញ​ក្រុម​អ្នកវិផាគ​វ័យ​ក្មេង​ទាំង​នេះ​បាន​ចូលរួម​វិភាគ​អំពី​បញ្ហា​នយោ​បាយ សេដ្ឋកិច្ច សង្គម អប់រំ ប្រជាធិបតេយ្យ និងវិស័យផ្សេងៗ​ នៅ​តាម​សារព័ត៌មាន​ និង​មាន​ទីសាធារណៈ។

លោកបណ្ឌិត​ មាស នី អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើលផ្នែក​អភិវឌ្ឍន៍​សង្គម លើក​ឡើង​ថា ​​​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការតស៊ូមតិ​ទៅ​លើប​ញ្ហានា​នាក្នុ​ង​​សង្គម​។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​ឃើញ​ក្រុម​គាត់​បាន​ល្អ​​​ចេញ​មក​ខំប្រឹង​ចូលរួម​កិច្ចការ​នៅ​ក្នុង​សង្គម​ផ្សេងៗ​ទៀត ហើយ​ពិសេស​ចូល​​ទៅ​ធ្វើ​វាគ្មិន​ក្នុង​​ការប្រជុំ​របស់​ក្រុម​យុវជន​អី តាម​ក្រុមៗ។ ខ្ញុំ​ឧស្សាហ៍​ឃើញ​ពួកគាត់​ចូលរួម​ទាំងអស់​នឹង ហើយ​នឹង​កិច្ចការ​តស៊ូមតិ​មួយ​ចំនួ​ន​ទៀត ក៏​ឃើញ​មាន​វត្តមាន​ក្រុម​ពួកគាត់​ចូលរួម​ដែរ»។​

លោក​បណ្ឌិត​ កែម ឡី គឺ​​ជា​អ្នក​វិភាគ​​បញ្ហា​​សង្គម ​និ​ង​​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ប្រជាជន​ជាច្រើន​ស្គាល់​​ ដោយ​សារ​ការ​វិភាគ​ត្រង់ៗ និង​ចំៗ​ទៅលើ​បញ្ហា​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស។ ការ​វិភាគ​របស់​លោក​ពេលខ្លះ​​ប៉ះ​​ចំ​​បុគ្គល​​ផ្ទាល់​ ឬ​​ផល​​ប្រយោជន៍​​របស់​​អ្នក​មាន​លុយ​ មាន​​អំណាច​ ឬ​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​ ទាំង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕