រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានចាត់វិធានការលើការធ្វើអាជីវកម្មសត្វសុនខ (ឆ្កែ) ដែលមិនមានច្បាប់អនុញ្ញាតនៅទូទាំងប្រទេស បន្ទាប់ពីនៅក្នុងខេត្តសៀមរាបត្រូវបានរកឃើញថា មានការចរចរណ៍សាច់សត្វសុនខយ៉ាងអនាធិបតេយ្យ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ប្រាប់ Newsroom Cambodia នៅថ្ងៃទី៩ ខែកក្កដានេះថា នាពេលកន្លងមកការធ្វើអាជីវកម្មទៅលើសត្វសុនខគឺមិនមានការត្រួតពិនិត្យច្បាស់លាស់ដូចសត្វដទៃទៀតនោះទេ ហើយថា នៅខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ដ៏ល្បីល្បាញ មានការលក់ដូរយ៉ាងសេរី។ លោកបន្ថែមថា ក្រសួងក៏នឹងមានវិធានការលើខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាបើសិនខេត្តដទៃមានសកម្មភាពនេះ យើងនឹងប្រកាសដែរ ប៉ុន្តែសព្វថ្ងៃនេះខេត្តសៀមរាបហាក់បីដូចជាផុសផុលជាងគេ»។
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះបន្ថែមថា ក្រសួងនឹងប្រើច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្មសត្វ ចំពោះទីតាំងណាដែលបានធ្វើអាជីកម្មទៅលើសត្វសុនខដោយមិនមានកាត្រួតពិនិត្យច្បាស់លាស់។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាបើសិនជាយើងមានការបញ្ជាក់ជូនដំណឹងគាត់ ហើយបើសិនជាគាត់អត់បិទ មន្ត្រីនៅថ្នាក់ក្រោមជាតិហ្នឹង អាចចាប់ផាកពិន័យគាត់តាមច្បាប់ដែលយើងបានចែង ហើយបើមានទោសធ្ងន់ធ្ងរអាចទទួលទោសក្នុងការដាក់គុកផង ដាក់អីផង»។
លោក វេង សាខុន បន្ថែមថា ការហាមឃាត់នេះគឺដើម្បីចូលរួមជាមួយអង្គការសុខភាពសត្វពិភពលោក ដែលបានការពារ និងចាត់ទុកថា សត្វសុនខជាសត្វដៃគូរបស់មនុស្ស និង ទប់ស្កាត់ការឆ្លងជំងឺឆ្កែឆ្កួតតាមការណែនាំរបស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃទី៦ ខែកក្កដា មន្ទីរកសិកម្មខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ធ្វើអាជីវកម្មទិញ-លក់ និងពិឃាតសត្វសុនខ ដោយថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសម្លាប់សត្វសុនខនៅខេត្តនេះមានភាពអនាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថា៖ «នេះជាសញ្ញាមួយដែលបានបង្ហាញថា មានការធ្លាក់ចុះនៃតម្លៃសីលធម៌ គុណធម៌ ព្រមទាំងរាលដាលនៃជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗទៀតជាច្រើន ពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ»។
អ្នកស្រី Martina Mayr ស្ថាបនិក និងជានាយិការប្រតិបត្តិនៃអង្គការសង្គ្រោះសត្វកម្ពុជា លើកឡើងថា ការហាមឃាត់ការជួញដូរ និងបរិភោគសាច់សុនខនៅខេត្តសៀមរាប គឺជាជំហានសំខាន់ និងបន្ទាន់មួយ ឆ្ពោះទៅរកសុខុមាលភាពសត្វ និងសុខភាពសាធារណៈនៅកម្ពុជា។ អ្នកស្រីបន្ថែមថា ការហាមឃាត់ទូទាំងប្រទេសចំពោះការជួញដូរ និងបរិភោគសាច់សត្វសុនកគឺមានភាពចាំបាច់ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ របស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ខណៈកម្ពុជាក៏កំពុងមានករណីមនុស្សស្លាប់មួយចំនួន ធំដោយសារតែជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ។
អ្នកស្រី Martina បន្ថែមថា ដោយសារតែការធ្វើពាណិជ្ជកម្មសាច់សត្វសុនខដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន ធ្វើឲ្យមានហានិភ័យនៃការកើតមាននូវជំងឺផ្សេងៗ។
អ្នកស្រីបញ្ជាក់ថា៖ «ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់សាច់សត្វដែលមិនមានការគ្រប់គ្រង និងខុសច្បាប់ធ្វើឱ្យមានហានិភ័យដល់សុខភាពជាច្រើន ដែលជំងឺខ្លះមិនធ្លាប់មានពីមុនមកដូចករណី Covid-19 ជាដើម»។ អ្នកស្រីបន្ថែមថា៖ «មានតែតាមរយៈវិធីសាស្រ្តប្រកបដោយចីរភាពដែលយើងរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងដើម្បីកែលំអរសុខុមាលភាពសត្វ និរន្តរភាពរបស់បរិស្ថាន និងសុខភាពសាធារណៈប៉ុណ្ណោះ ទើបប្រទេសកម្ពុជាអាចធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួន»។
បើតាមរបាយការណ៍របស់អង្គការ FOUR PAWS ចេញកាលខែតុលា ២០១៩ បង្ហាញថា បើតាមការប៉ាន់ស្មាន សត្វសុនខដល់ទៅ៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះក៏បានរកឃើញដែរថា បើធៀបទៅនឹងប្រទេសជិតខាង សត្វសុនខត្រូវបានគេជួញដូរដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជានោះឡើយ៕