រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​បាន​​ព្រមាន​ចាត់​វិធានការ​លើ​ការធ្វើ​អាជីវកម្ម​សត្វ​សុនខ (ឆ្កែ) ដែល​មិនមាន​ច្បាប់​អនុញ្ញាត​​​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​នៅ​​ក្នុង​ខេត្ត​សៀមរា​ប​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការចរចរណ៍​សាច់​សត្វ​សុនខ​យ៉ាង​អនាធិបតេយ្យ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ​រុក្ខា​ប្រម៉ាញ់ និង​នេសាទ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​៩​ ខែកក្កដា​នេះ​ថា នាពេល​កន្លង​មក​ការធ្វើ​អាជីវកម្ម​ទៅ​លើ​សត្វសុនខ​គឺ​មិនមាន​ការត្រួត​ពិនិត្យ​ច្បាស់លាស់​ដូច​សត្វ​ដទៃ​ទៀត​នោះទេ​ ហើយថា នៅ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​​ល្បី​ល្បាញ​ មាន​ការលក់ដូរយ៉ាងសេរី។​ លោក​​បន្ថែមថា ក្រសួង​ក៏​នឹង​មាន​វិធានការ​លើ​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ 

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំគិតថា​បើ​សិន​ខេត្ត​ដទៃ​មាន​សកម្មភាព​នេះ យើង​នឹង​ប្រកាសដែរ ប៉ុន្តែ​សព្វថ្ងៃនេះ​ខេត្ត​សៀមរាប​ហាក់បី​ដូចជា​ផុសផុលជាងគេ»។ 

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រូប​នេះ​បន្ថែមថា ក្រសួង​នឹង​ប្រើ​ច្បាប់​ស្តីពី​សុខភាព​សត្វ និង ផលិតកម្ម​សត្វ ចំពោះ​ទីតាំង​ណា​ដែល​បាន​ធ្វើ​អាជីកម្ម​ទៅ​លើ​សត្វ​សុនខ​ដោយ​មិនមាន​កាត្រួត​ពិនិត្យ​ច្បាស់លាស់។ 

លោក​បញ្ជាក់ថា៖ «ខ្ញុំគិតថា​បើសិនជា​យើង​មាន​ការបញ្ជាក់​ជូន​ដំណឹង​គាត់ ហើយ​បើសិន​ជា​គាត់​អត់​បិទ​ មន្ត្រី​នៅថ្នាក់ក្រោម​ជាតិ​ហ្នឹង អាច​ចាប់​ផាក​ពិន័យ​គាត់​តាម​ច្បាប់​ដែល​យើង​បាន​ចែង ហើយ​បើ​មាន​ទោស​ធ្ងន់ធ្ងរ​អាច​ទទួល​ទោស​ក្នុង​ការដាក់​គុក​ផង ដាក់អី​ផង»។

លោក វេង សាខុន បន្ថែមថា ការហាមឃាត់​នេះ​គឺ​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​សុខភាព​សត្វ​ពិភពលោក ដែល​បាន​ការពារ និង​ចាត់ទុកថា សត្វ​សុនខ​ជាស​​ត្វដៃគូ​របស់​មនុស្ស និង ទប់ស្កាត់​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។ 

កាលពីថ្ងៃទី៦ ខែកក្កដា មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការហាមឃាត់​ធ្វើ​អាជីវកម្ម​ទិញ-លក់ និង​ពិឃាតសត្វ​សុនខ ដោយ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការសម្លាប់​សត្វ​សុនខ​នៅ​ខេត្តនេះ​មាន​ភាព​អនាធិបតេយ្យ និង​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរថា៖ «នេះ​ជា​សញ្ញា​មួយ​ដែល​បាន​បង្ហាញ​ថា មាន​ការធ្លាក់ចុះ​នៃ​តម្លៃ​សីលធម៌ គុណធម៌ ព្រមទាំង​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ»។

អ្នកស្រី Martina Mayr ស្ថាបនិក និង​ជានាយិការ​ប្រតិបត្តិ​​នៃ​​អង្គការ​សង្គ្រោះសត្វ​កម្ពុជា​ លើក​ឡើង​ថា ការហាមឃាត់​​ការ​ជួញ​ដូរ និង​​បរិភោគ​សាច់សុនខនៅ​​ខេត្តសៀមរាប ​គឺជា​​ជំហាន​​សំខាន់ និង​​បន្ទាន់​​មួយ ​ឆ្ពោះ​​ទៅរក​​សុខុមាលភាព​សត្វ និង​​សុខភាព​​សាធារណៈ​​នៅ​កម្ពុជា។ អ្នកស្រី​បន្ថែ​​ម​ថា ការហាមឃាត់​​ទូទាំង​​ប្រទេស​​​ចំពោះ​​ការ​ជួញដូរ និង​បរិភោគ​សាច់​សត្វ​សុនក​​គឺមាន​ភាព​​ចាំបាច់​​ដើម្បី​​សម្រេច​​គោលដៅ​ឆ្នាំ​២០៣០ របស់​​រដ្ឋាភិបាល ​ក្នុង​ការលុប​​បំបាត់​​ជំងឺ​ឆ្កែឆ្កួត ខណៈ​​កម្ពុជា​​ក៏​កំពុង​​មាន​ករណីមនុស្ស​​ស្លាប់​​មួយ​ចំនួន ​ធំ​​​ដោយសារ​​តែ​​ជំងឺ​ឆ្កែឆ្កួត​​ជា​រៀង​រាល់​​ឆ្នាំ។ 

អ្នកស្រី Martina បន្ថែមថា ដោយសារ​​តែ​ការធ្វើ​​ពាណិជ្ជកម្ម​​សាច់​សត្វ​​សុនខដែល​​កំពុង​​កើនឡើង​នា​​ពេល​​បច្ចុប្បន្ន ធ្វើ​ឲ្យ​​មាន​​ហានិភ័យ​​នៃការ​កើត​​មា​ន​នូវ​ជំងឺផ្សេងៗ​។

អ្នកស្រី​បញ្ជាក់ថា៖ «ការធ្វើ​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​សាច់​សត្វ​ដែល​មិនមាន​ការគ្រប់គ្រង និង​​ខុស​ច្បាប់​​ធ្វើ​ឱ្យ​​មាន​ហានិភ័យ​ដល់​សុខភាព​ជាច្រើន ដែលជំងឺ​​​ខ្លះ​មិ​​ន​ធ្លាប់​មាន​ពី​មុនមក​ដូច​ករណី Covid-19 ជាដើម»​។ អ្នកស្រី​បន្ថែមថា៖ «មាន​តែ​​តាមរយៈ​​វិធីសាស្រ្ត​​ប្រកប​​ដោយ​ចីរភាព​​ដែល​​យើង​​រួម​​បញ្ចូល​​គ្នា​​នូវ​​កិច្ច​​ខិតខំ​ប្រឹងប្រែង​​ដើម្បី​កែ​​លំអរ​​សុខុមាលភាព​​សត្វ និរន្តរភាព​​របស់​​បរិស្ថាន និង​​សុខភា​ព​​សាធារណៈ​​ប៉ុណ្ណោះ ទើប​​ប្រទេស​​កម្ពុជា​​អាច​​ធានា​បាន​នូវ​​ស្តង់ដារ​​សុខភាព​​ខ្ពស់​​សម្រាប់​​ប្រជាជន​​របស់​​ខ្លួន»។

បើ​តាម​របាយការណ៍​របស់​អង្គការ FOUR PAWS ចេញ​កាល​ខែតុលា ២០១៩​​ បង្ហាញ​ថា បើតាម​ការ​ប៉ាន់​ស្មាន សត្វ​សុនខដល់​​​​​ទៅ​​៣​លាន​ក្បាល ត្រូវ​​បាន​​គេ​​សម្លាប់​​ក្នុង​មួយ​ឆ្នាំៗ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា។ អង្គការ​នេះ​ក៏​បាន​​រក​ឃើញ​​ដែរ​ថា បើធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង សត្វ​សុនខ​​​​​​ត្រូ​​វ​​​បាន​​​​គេ​​ជួញ​ដូរ​​​​ដោយ​​មិន​​មាន​​​​ការ​យក​ចិត្ត​ទុក​​ដាក់​​ពី​​​អាជ្ញាធរ​​កម្ពុជា​​នោះ​ឡើយ៕