អ្នកលក់​ចំណី​អាហារ និង​អ្នក​បរិភោគ​និយាយ​ថា ការឡើង​ថ្លៃ​តម្លៃ​ត្រី និង​អាហារ​សមុទ្រ ធ្វើ​ឲ្យមនុស្ស​ជាច្រើន​​មិន​មាន​​​ថវិកា​សម្រាប់​ទិញ​ ​ខណៈការ​កើនឡើង​តម្លៃ​កើត​​​មាន​ដោយ​សារ​​​ការបំផ្លាញ​​ទី​ជម្រក​មច្ឆា និង​ការធ្លាក់​ចុះ​ស្តុកត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ និង​ទន្លេ​។

យោងតាម​ស្ថិតិ​របស់​ធានាគារ​ជាតិ​នៃ​កម្ពុជា តម្លៃ​ត្រី​រស់​បាន​កើន​​​ឡើង​ចំនួន​៨,៨​ភាគរយ​នៅ ខែ​មីនា ​ក្នុង​ឆ្នាំនេះ ដែល​ជា​ការកើន​ឡើង​ខ្ពស់​បំផុត​លំដាប់ទី២​ បន្ទាប់ពី​តម្លៃ​​ដំណាប់​ផ្លែឈើ​ក្នុង​​ចំណោម៤០​ប្រភេទ​ដែល​បាន​រាយឈ្មោះ។

អ្នកស្រី លី នីតា អ្នកលក់​ម្ហូប​តាម​ចិញ្ចើម​ផ្លូវ​នៅ​ផ្សារ​ទួល​សង្កែ ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ ដោយ​មាន​លក់ត្រី​អាំង បាយសាច់​ជ្រូក និង​បាយម្ហូប​កុម្ម៉ង់​ច្រើន​មុខ​ទៀត។ អ្នកស្រីបន្តថា តម្លៃ​ត្រី​ឡើង​ថ្លៃ​ជាង​សាច់ និង​បន្លែ​ផ្សេងៗ​​ទៀត ដោយ​​ត្រីឌៀប​​តម្លៃ​​ប្រមាណជា​​៩,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម និង​ពេលខ្លះ​ឡើង​ដល់​១៣,០០០រៀល ជាហេតុ​ធ្វើឲ្យ​​​អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​លក់​ឡើង​ថ្លៃ​ដែរ។

អ្នកស្រី​និយាយថា៖ «តម្លៃ​លក់របស់ខ្ញុំគឺផ្អែកលើតម្លៃដែលខ្ញុំទិញនៅក្នុងផ្សារ»។​

អ្នកស្រី​​បានបន្ថែមថា នៅក្នុង​គ្រួសារ​​របស់​គាត់​បាន​រងប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូរ៉ូ​ណាផង​ដែរ។​ ​

អ្នកស្រី​ថា៖ «ប្រាក់ខែ​របស់​ប្តី​ខ្ញុំ​ត្រូវ​បាន​កាត់បន្ថយ​៥០​ភាគរយ​ក្នុង​រយៈពេល​៣​ខែ​នេះ»។

អ្នកលក់នំបញ្ចុក និងគុយទាវម្នាក់​នៅក្រុង​ព្រះសីហនុ អ្នកស្រី​ ស្រី អានី បាន​និ​យាយ​ថា​អ្នកស្រី​​​លក់​គុយ​ទាវ​​​១ចាន​​៦,០០០​រៀល និង​​ពេល​ខ្លះ​​បញ្ចុះ​​តម្លៃ​​ដល់​​អ្នក​​អត់​​លុយ​​ដែរ​ ដែល​កំពុង​​ធ្លាក់​​ខ្លួន​​លំបាក​​ក្នុង​​វិបត្តិ​​សេដ្ឋកិច្ច។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ចង់​ឲ្យ​តម្លៃ​គ្រប់​មុខ​ទំនិញ​ចុះ​ថោក​។​

គាត់​​​​​​និយាយ​​​ថា៖ «ខ្ញុំ​​​ចង់​​​ឲ្យ​​​តម្លៃ​​ធ្លាក់​​ចុះ តម្លៃ​​​ទាប​​វា​​​ប្រសើរ​​​ទាំង​អស់​​​គ្នា​»។

អ្នក​ទិញ​ម្ហូប​អាហារ​មាន​ការព្រួយ​​បារម្ភ​ដោយ​និយាយថា ​ពិបាក​នឹង​មាន​លទ្ធភាព​​ទិញ។

អ្នកស្រី មួយ ឆេង ស្ត្រីមេផ្ទះ​មាន​កូនបី​នាក់​នៅ​ក្នុង​ខណ្ឌទួលគោក​បាន​និយាយថា​ អ្នកស្រី​បាន​ឃើញ​តម្លៃ​ត្រី​ទន្លេ និង​អាហារ​សមុទ្រ​បាន​កើន​ឡើង​ហួស​ពី​លទ្ធភាព​របស់​អ្នកស្រី បើ​ទោះបី​ប្រាក់ខែ​របស់​ប្តី​អ្នកស្រី​កើនឡើង​ជាប្រចាំ​រាល់ឆ្នាំ​ក៏​ដោយ។

អ្នកស្រី​​និយាយថា៖ «ខ្ញុំ​មិន​អាច​ទិញ​អាហារ​ថ្លៃៗ​បាន​ទេ»។

ចំណែក​អ្នកស្រី ប៊ុន ម៉ិចថារី ស្ត្រីមេផ្ទះមួយ​រូប​ទៀត​នៅ​ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ ​លើក​ឡើង​​ថា អ្នកស្រី​អាណិត​​អ្នកក្រីក្រ​នៅពេល​ឃើញ​តម្លៃ​​ទំនិញ​នៅលើ​ទីផ្សារ​ឡើង​ថ្លៃ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​អាណិត​ប្រជាជន​ក្រីក្រ និង​កម្មករ​ដែល​មិន​អាច​រក​ប្រាក់​បាន​ច្រើន​ តែ​ថ្លៃ​ម្ហូប​គឺ​ឡើង​ខ្ពស់»។

លោក ហម​ ចាន់ អ្នកលក់​​ត្រី​បោះដុំ​នៅ​តំបន់​គីឡូម៉ែត្រ​លេខ៩ ក្នុង​​រាជធានី​ភ្នំពេញ​បាន​និយាយ​​ថា តម្លៃ​ត្រី​​មាន​ការកើន​ឡើង​ជាលំដាប់​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ​។

លោក​ថ្លែង​ថា៖ «ត្រី​​នៅ​​តា​ម​ដង​ទន្លេ​​ពិបាក​​រក​​ណាស់ ​ដែល​​ធ្វើ​​ឲ្យ​​តម្លៃ​​ត្រី​​ចិញ្ចឹម​​ឡើង​​ថ្លៃ​​ដែរ»។

លោក ហម ចាន់ បន្ត​ថា អ្នកលក់​​​នៅ​​​តាម​​ផ្សារ​​​ខ្លះ​ទិញ​​ត្រី​​​​ពី​​​លោក​ ​​​ហើយ​​​លោក​​លក់​បាន​ប្រហែល​ជា​៣តោន​ជា​ប្រចាំ។ ទោះ​យ៉ាងណា​​ប៉ុន្មាន​​ខែ​​ថ្មីៗ​​នេះ​មាន​ការធ្លាក់​ចុះ​នៃការ​លក់​ប្រហែល​៣០ភាគរយ បើតា​ម​ការ​លក់​ធម្មតា។

លោក វេង សុខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​មាន​ប្រសាសន៍​ថា តម្លៃ​ត្រី​មាន​ការប្រែប្រួល​តាម​តម្រូវការ​សព្វថ្ងៃ​  ត្រីភាគ​ច្រើន​បាន​មក​ពី​កសិដ្ឋាន​ចិញ្ចឹមត្រី​ដែល​ធ្វើ​ឲ្យ​តម្លៃ​អាច​ឡើង​ចុះ។

លោកថា រដ្ឋាភិបាល​បាន​បើក​ទីផ្សារ​សេរី​ ដូច្នេះ​មិន​អាច​​កំណត់តម្លៃ​បាន​ទេ ហើយ​​ថា បើ​តម្លៃឡើង​ខ្លាំង​ ក្រសួង​នឹង​ទៅ​ណែនាំ។

លោក ឯក ចំរើន អ្នក​សម្រប​សម្រួល​គម្រោង​នៅ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ លើកឡើង​ថា តម្លៃ​ត្រី​ចិញ្ចឹម​​នៅ​កសិដ្ឋាន​​​​មាន​​ស្ថិរ​ភាព​​ប៉ុន្តែ​​ត្រី​​នៅ​​តាម​​ដង​​ទន្លេ​​មាន​តម្លៃថ្លៃ​​ និង​ពិបាក​​រក​។ លោក​​បន្ត​​ថា ការនេសាទ​ខុស​ច្បាប់​ដូចជា​ការឆក់​ត្រី និង​ការប្រើប្រាស់​ឧបករណ៍​​ខុស​​ច្បាប់​​ផ្សេងៗ​ ​​ការប្រែប្រួល​​អាកាស​ធាតុ និង​ការបំផ្លាញ​​ទី​ជម្រក​ព្រៃ​កោងកាង​បាន​ធ្វើ​ឱ្យ​ចំនួន​ត្រី​ធ្លាក់​ចុះ។

លោកបន្ថែម​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ពាក់​កណ្តាល​រដូវ​បង្កាត់​ពូជត្រី និង​រដូវ​ត្រីពង រហូត​ដល់​ចុង​ខែ​កញ្ញា ដូច្នេះ​ជា​រឿង​ចាំបាច់​ណាស់​ក្នុងការ​ទុក​ឱ្យ​ត្រីបា​ន​បង្កបង្កើត​ពូជ​ ដោយ​មិនត្រូវ​នេសាទ​ក្នុង​រដូវ​នេះ​។

លោកបញ្ជាក់ថា៖ «យើង​គួរ​តែ​សហការ​ជាមួយគ្នា​ហើយ​កុំចាប់ត្រី​ក្នុង​អំឡុង​ត្រី​បន្ត​ពូជ  ឈប់​ប្រើ​ឧបករណ៍​ខុសច្បាប់​ទាំងអស់ និង​លើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត»៕​