មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា ចៅក្រមសាលាឧទ្ធរណ៍បានជូនដំណឹង និងពន្យល់អំពីសិទ្ធិទទួលបានមេធាវីក្នុងការការពារខ្លួនដល់ជនជាប់ចោទ ត្រឹមតែ៦ករណីប៉ុណ្ណោះ ក្នុងចំណោម៥៦ករណី ក្នុងអំឡុងពេលអនុវត្តពីខែមករា ឆ្នាំ២០១៩ ទៅដល់ខែមេសា ឆ្នាំ២០២០។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលចេញជាព្រឹត្តិប័ត្រព័ត៌មាននៅដើមសប្តាហ៍នេះ បានតាមដានករណីចំនួន២៧៣នៅសាលាឧទ្ធរណ៍ ហើយបានរកឃើញថា ជនជាប់ចោទដែលមានមេធាវី មានចំនួន៦៦ភាគរយ។ នៅពេលជនជាប់ចោទមិនមានមេធាវី សិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានគោរពពេញលេញនោះទេ ។
របាយការណ៍ដដែលបន្ថែមថា មិនមានភាពច្បាស់លាស់នោះទេថា ហេតុអ្វីបានជា នៅក្នុងករណីមួយចំនួនតូច ចៅក្រមមិនបានផ្តល់ការពន្យល់ពេញលេញដល់ជនជាប់ចោទអំពីសិទ្ធិរបស់ពួកគេ ដូច្នេះសិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានគោរពពេញលេញទេ ហើយការអនុវត្តបែបនេះមិនត្រូវនឹងស្តង់ដារជាតិ និងអន្តរជាតិស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នោះទេ។
របាយការណ៍បាននិយាយថា ក្នុងចំណោម៥៦ករណីដែលបានអនុវត្ត ចៅក្រមមិនបានជូនដំណឹង ឬពន្យល់អំពីសិទ្ធិតំណាងស្របច្បាប់ ឬការការពារខ្លួនចំនួន២០ករណី ហើយការដែលបានជូនដំណឹង ឬពន្យល់មានចំនួន៣០ករណីប៉ុណ្ណោះ។
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិមនុស្ស និងទទួលបន្ទុកឃ្លាំមើលការជំនុំជម្រះក្តីដោយយុត្តិធម៌របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា សាលាឧទ្ធរណ៍បានកែលម្អរការអនុវត្តរបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះយ៉ាងណា លោកថា បើនិយាយអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ តុលាការមិនបានអនុវត្តពេញលេញទេ ក្នុងបរិបទនៃច្បាប់ជាតិ និងអន្តរជាតិ។
លោក ស៊ាងហាក់ មានប្រសាសន៍ថា៖ «នោះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទក្នុងដំណើរការនីតិវិធីដែលអយុត្តិធម៌ ពីព្រោះគាត់មិនដឹងមូលហេតុ ឬការចោទប្រកាន់មកលើគាត់នោះទេ»។
យោងតាមរបាយការណ៍ ចៅក្រមមិនបានបញ្ជាក់ពីការចោទប្រកាន់ពាក់ព័ន្ធនឹងជនជាប់ចោទទាំងចំនួន២៨ភាគរយនៃករណីនេះ។
កាលពីខែឧសភា ក្រសួងយុត្តិធម៌បានប្រកាសធ្វើយុទ្ធនាការមួយ ដើម្បីពន្លឿនការដោះស្រាយ សំណុំរឿងនៅតុលាការ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ។
លោក ស៊ាងហាក់ មានប្រសាសន៍ថា ការពន្លឿនការដោះស្រាយសំណុំរឿងនេះមានភាពប្រសើរគួរឱ្យកត់សម្គាល់ ហើយបានព្រមានតុលាការពីការរំលោភលើសិទ្ធិរបស់ជនជាប់ចោទ។
លោកបញ្ជាក់ថា៖ «យើងកំពុងតែមើលឃើញថា សាលាឧទ្ធរណ៍មានការងារជាច្រើនដែលត្រូវធ្វើ។ យើងសង្កេតឃើញករណីនីមួយៗមានការដោះស្រាយលឿនណាស់ ដូច្នេះព័ត៌មានលម្អិតនៃការពន្យល់ទៅជនត្រូវចោទមិនទាន់ពេញលេញនៅឡើយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយរុញសំណួរទៅកាន់សាលាឧទ្ធរណ៍។
លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍បដិសេធមិនឆ្លើយតបភ្លាមៗ។
លោក អំ សំអាត ប្រធានផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានយល់ស្របថា វាជាការសំខាន់ណាស់ដែលតុលាការអនុវត្តនីតិវិធីត្រឹមត្រូវនៅពេលពួកគេពន្លឿនដំណើរការរឿងក្តី។
លោកបញ្ជាក់ថា៖ «យើងឃើញថាក្រសួងយុត្តិធម៌ឥឡូវនេះ មានយុទ្ធនាការបោសសម្អាតសំណុំរឿងនៅក្នុងតុលាការខេត្ត និងក្រុងលឿនជាងមុន ដូច្នេះខ្ញុំគិតថាវាជាការល្អដែលក្រសួងជំរុញឲ្យមានការអនុវត្តនីតិវិធីត្រឹមត្រូវ ប៉ុន្តែយើងចង់ឲ្យរាប់បញ្ចូលការពន្យល់ដល់ជនជាប់ចោទ ដូច្នេះពួកគេដឹងអំពីសិទ្ធិរបស់ពួកគេក្នុងការតំណាងស្របច្បាប់ ឬការការពារខ្លួន»។
លោក សំ អាត បន្ថែមថា៖ «ប្រសិនបើជនជាប់ចោទមិនដឹងអំពីសិទ្ធិរបស់ខ្លួននោះទេ នឹងធ្វើឱ្យខកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន និងធ្វើឲ្យពួកគេបាត់បង់សិទ្ធិរបស់ខ្លួន»៕