មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​រក​ឃើញ​ថា​ ចៅក្រម​សាលាឧទ្ធរណ៍បានជូន​ដំណឹង​ និង​​​ពន្យល់​​អំពី​​សិទ្ធិទទួល​បាន​មេធាវី​ក្នុង​ការ​​ការពារខ្លួន​ដល់​ជន​ជាប់​​ចោទ​​​ ត្រឹមតែ​​​​​៦ករណី​ប៉ុណ្ណោះ​​​ ក្នុង​ចំណោម​៥៦​ករណី ក្នុង​អំឡុង​ពេល​​អនុវត្ត​​ពី​ខែមករា ឆ្នាំ២០១៩ ទៅ​ដល់​ខែ​មេសា ឆ្នាំ២០២០។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ដែល​ចេញ​ជា​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​​នៅ​ដើម​សប្តាហ៍​នេះ បាន​តាមដាន​ករណី​ចំនួន​២៧៣នៅ​សាលា​ឧ​ទ្ធរណ៍ ហើយ​បាន​រក​ឃើញ​ថា ជន​ជាប់​ចោទដែល​មាន​មេធាវី​ មាន​​​​​ចំនួន​៦៦​ភាគរយ។ នៅពេល​​ជនជាប់​ចោទ​មិនមាន​មេធាវី សិទ្ធិ​របស់​ជន​ជាប់ចោទ​មិន​ត្រូវ​បាន​គោរព​ពេញ​លេញ​នោះ​ទេ ។

របាយការណ៍ដដែល​​បន្ថែម​ថា មិនមាន​ភាព​ច្បាស់លាស់​នោះ​ទេថា ហេតុអ្វី​បាន​ជា នៅ​ក្នុង​ករណី​មួយ​ចំនួន​តូច ចៅក្រម​មិន​បាន​ផ្តល់​ការពន្យល់​ពេញ​លេញ​ដល់​ជន​ជាប់​ចោទ​អំពី​សិទ្ធិ​របស់​ពួកគេ ដូច្នេះសិទ្ធិ​របស់​ជនជាប់ចោទ​មិន​ត្រូវ​បាន​​គោរព​ពេញលេញ​ទេ ហើយ​ការអនុវត្ត​បែប​នេះ​មិន​ត្រូវ​នឹង​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ស្តីពី​សិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នោះ​ទេ។

របាយការណ៍​បាន​និយាយ​ថា ក្នុងចំណោម​៥៦​ករណី​ដែល​​បាន​អនុវត្ត​​ ចៅក្រម​មិន​បាន​ជូន​ដំណឹង ឬ​ពន្យល់​អំពី​សិទ្ធិ​តំណាង​ស្របច្បាប់ ឬ​ការការពារ​ខ្លួន​ចំនួន​២០​ករណី​ ហើយ​ការ​ដែល​បាន​ជូន​ដំណឹង ឬ​ពន្យល់​មាន​ចំនួន​៣០​ករណី​ប៉ុណ្ណោះ។

លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​មនុស្ស និង​ទទួល​បន្ទុក​ឃ្លាំ​មើល​ការជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​លើក​ឡើង​ថា សាលា​ឧទ្ធរណ៍​បាន​កែ​លម្អរ​ការអនុវត្ត​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ទោះយ៉ាងណា ​លោក​ថា បើ​និយាយ​​អំពី​​សិទ្ធិ​​ទទួល​បា​នការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ តុលាការ​មិន​បាន​អនុវត្ត​ពេញលេញ​​ទេ ក្នុងប​រិបទ​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ។

លោក ស៊ាងហាក់ មានប្រសាសន៍ថា៖ «នោះ​​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ក្នុង​ដំណើរ​ការ​នីតិវិធី​ដែល​អយុត្តិធម៌ ពីព្រោះ​គាត់​មិន​ដឹង​មូលហេតុ ឬ​ការចោទ​ប្រកាន់​មក​លើ​គាត់​នោះ​ទេ»។

យោងតាមរបាយការណ៍ ចៅក្រម​មិន​បាន​បញ្ជាក់​ពី​ការចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ជន​ជាប់​ចោទ​ទាំង​ចំនួន​២៨​ភាគរយ​នៃ​ករណី​នេះ។

កាល​ពី​ខែឧសភា ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ធ្វើ​យុទ្ធនាការមួយ​ ​ដើម្បី​ពន្លឿន​ការ​ដោះ​ស្រាយ​​ ​សំណុំ​​​រឿង​នៅ​តុលាការ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​​ការ​ចង្អៀត​ណែន​ក្នុង​ព​ន្ធ​នា​គារ​។

លោក ស៊ាងហាក់ មាន​ប្រសាសន៍ថា ការពន្លឿន​ការ​ដោះ​ស្រាយ​សំណុំ​រឿង​នេះ​មាន​ភាព​ប្រសើរ​គួរ​ឱ្យ​កត់​សម្គាល់ ហើយបា​នព្រមាន​តុលាការ​ពី​ការរំលោភ​លើ​សិទ្ធិ​របស់​ជន​ជាប់​ចោទ។

លោកបញ្ជាក់​ថា៖ «យើង​កំពុង​តែ​មើល​ឃើញ​ថា សាលា​ឧទ្ធរណ៍​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ។ យើង​សង្កេត​ឃើញ​ករណី​នីមួយៗ​មាន​ការដោះស្រាយ​លឿន​ណាស់ ដូច្នេះ​ព័ត៌មាន​លម្អិត​នៃ​ការពន្យល់​ទៅ​ជន​ត្រូវចោទ​មិន​ទាន់​ពេញលេញ​នៅ​ឡើយ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយរុញ​​សំណួរ​ទៅកាន់​សាលា​ឧទ្ធរណ៍។ ​

លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍បដិសេធមិនឆ្លើយតបភ្លាមៗ​។

លោក អំ សំអាត ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​យល់ស្រប​ថា វា​ជា​ការសំខាន់​ណាស់​ដែល​តុលាការ​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​នៅ​ពេល​ពួកគេ​ពន្លឿន​ដំណើរការ​រឿង​ក្តី។

លោកបញ្ជាក់ថា៖ «យើង​ឃើញ​ថា​ក្រសួង​យុត្តិធម៌​ឥឡូវ​នេះ មាន​យុទ្ធនាការ​បោស​សម្អាត​សំណុំ​​រឿង​នៅ​ក្នុង​តុលាការ​ខេត្ត និង​ក្រុង​លឿន​ជាង​មុន ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ល្អ​ដែល​ក្រសួង​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​នីតិវិធី​ត្រឹមត្រូវ ប៉ុន្តែ​យើង​ចង់​ឲ្យ​រាប់​បញ្ចូល​ការពន្យល់​ដល់​ជន​ជាប់​ចោទ ដូច្នេះ​ពួកគេ​ដឹង​អំពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការតំណាង​ស្របច្បាប់ ឬការការពារខ្លួន»។

លោក សំ អាត បន្ថែម​ថា៖ «ប្រសិនបើជនជាប់ចោទមិនដឹងអំពីសិទ្ធិរបស់ខ្លួននោះទេ នឹង​ធ្វើ​ឱ្យ​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ និង​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​សិទ្ធិ​របស់​ខ្លួន»៕​