អ្នកធ្វើ​យុទ្ធនាការ​បរិស្ថាន​បាន​​ព្រមាន​​ថា ថង់​ប្លាស្ទិក​ចំនួន​ប្រហែល​ជា១០​លាន​ថង់ ដែល​បាន​ប្រើប្រាស់​ ហើយ​បោះចោល​ជារៀងរាល់​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ នឹង «នៅ​តែ​ស្ថិត​មាន​កំទេច​ប្លាស្ទិច​តូចៗ​ជា​រៀង​រហូត» តាមរយៈ​ចំណី​អាហារ ទឹក​ និង​ខ្យល់​។

អ្នកស្រី Manon Orinel អ្នកគ្រប់គ្រង​កម្មវិធី​នៅ​អង្គការ​បៃតង​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បាន​និយាយ​ថា ថង់ប្លាស្ទិច​មិន​អាច​រលួយ​ទៅ​ជា​ធម្មជាតិ​បាន​ឡើយ។

គាត់​បាន​ថ្លែង​ក្នុង​សារ​មួយ​ថា៖ «វា​នឹង​នៅ​តែ​ជា​មីក្រូ​ប្លាស្ទិច​តូច​ជា​រៀង​រហូត (ភាគល្អិត​តូចៗ​ដែល​មាន​នៅ​ក្នុង​អាហារ​ ទឹក និង​ខ្យល់»។

អ្នកស្រាវជ្រាវម្នាក់បានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា មីក្រូ​ប្លាស្ទិច​អាច​រារាំង​ផ្លូវ​រំ​លាយ​អាហារ​របស់​សត្វល្អិត​តូចៗ​ក្នុង​ខ្លួន​មនុស្ស ហើយ​ត្រូវ​បាន​គេ​គិត​ថា​អាច​ប៉ះ​ពាល់​ដល់​អរម៉ូន​កើត​មហារីក និង​ការប្រែប្រួល​ DNA ។

អ្នកស្រី Manon Orinel ​បន្តថា៖ «គួរឱ្យស្តាយ​ណាស់ សព្វថ្ងៃ​ថង់​ប្លាស្ទិច​មាន​តម្លៃថោ​ក​យ៉ាងខ្លាំង​នៅ​ក្នុង​ប្រទស​កម្ពុជា​ដូច្នេះ​អ្នក​លក់​អាច​ផ្តល់​នូវ​ថង់​ប្លាស្ទិក​ក្នុង​ការច្រក​របស់មួយ​ដោយ​មិន​បាន​សួរ​ថា តើ​អ្នក​ទិញ​ពិត​ជា​ត្រូវ​ការ​វាឬ​អត់»។  

អ្នកស្រី​បន្ថែម​ថា៖ «​ប្រសិនបើ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ឬ​ប្រសិនបើ​អតិថិជន​ត្រូវ​ចំណាយ​ថវិការ​ដើម្បី​ទទួល​បាន​ថង់​ប្លាស្លិក​ច្រក​នោះ​អ្នក​លក់​នឹង​មិន​ងាយ​ច្រក​ឲ្យ​ដោយ​ងាយ​នោះ​ទេ។ វា​បាន​ក្លាយ​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ​នៅ​កម្ពុជា ក្នុង​ការច្រក​របស់​របរ​ទំនិញ​តូច​ធំទាំងអស់​ក្នុង​ថង់​ប្លាស្ទិច ទោះបី​ជា​វា​មិន​ចាំបាច់​ក៏ដោយ។

លោក​ស្រី​បាន​និយាយ​ថា៖ «កត្តា​​សំខាន់​​​គឺ​ការកាត់​បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ហើយ​សម្រាប់​អ្វី​ដែល​នៅ​សេសសល់​គឺ​ដាក់​វា​នៅ​ក្នុង​ធុង​សំរាម ហើយ​ទុក​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ជា​អ្នក​គ្រប់គ្រង និង​​ប្រមូល​​វា​​ទៅ​​ដាក់​​នៅ​​​ក្នុង​​កន្លែង​​ចាក់​​សំរាម»។

អ្នកស្រី​បន្ថែម​ដោយ​​លើក​ទឹកចិត្ត​ដល់​អ្នក​ដើរទិញ​ទំនិញ​តាម​ផ្សារ ឱ្យ​យក​ថង់​បរិស្ថាន​ដែល​អាច​ប្រើ​ឡើង​វិញ​ច្រើន​ដង​​ដាក់​តាម​ខ្លួន​។

អ្នកស្រីថា៖ «ប្រជាជន​មិន​បាន​ដឹង​ថា តើ​មាន​ថង់ប្លាស្ទិច​ប៉ុន្មាន​ទេ​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ និង​ជា​រៀងរាល់​សប្តាហ៍»។

បើតាម​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ប្រទេស​កម្ពុជា​ផលិត​សំរាម​ប្រមាណ​៤លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​១៥ ទៅ២០​ភាគរយ​គឺជា​សំរាម​កាក​សំណល់​ប្លាស្ទិក។ លោក​បន្ត​ថា សម្រាប់​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ការប្រើ​ថង់​ប្លាស្ទិក​ប្រហែល​១០​លាន​ថង់​ក្នុង​មួយ​ថ្ងៃ ហើយ​លោក​ថា សំណល់​ទាំង​នោះ​មិន​ងាយ​រលាយ​រាប់​រយ​ឆ្នាំ ហើយ​ប្រសិន​បើ​ដុត នឹង​ប៉ះពាល់​ដល់​សុខភាព​ និង​បរិស្ថាន​។

លោកបន្ថែមថា ក្រសួង​កំពុង​ចាប់ផ្តើម​យុទ្ធ​នាការ​សាកល្បង​មួយ​សម្រាប់​ប្រជាជន​ដើម្បី​ញែក​សំរាម​ជា​៣ប្រភេទ គឺ​សំរាម​កាក​សំណល់​ផ្ទះបាយ សំរាម​ប្លាស្ទិក និង​សំរាម​កាកសំណល់​ដែល​មាន​គ្រោះថ្នាក់។

លោកបញ្ជាក់ថា៖  «ដល់​ពេល​ដែល​យើង​ត្រលប់​ទៅ​រក​ធម្មជាតិ​វិញ​ ហើយនិង​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក។ ប្រសិនបើ​យើង​ពិនិត្យ​រាងកាយ​មនុស្ស​យើង​ឃើញ​ថា មាន​ផ្ទុក​មីក្រូ​ប្លាស្ទិច​នៅ​ខាង​ក្នុង​រាងកាយ​រួចទៅ​ហើយ»។

ទោះយ៉ាងណា​អ្នកស្រី ចែ​លី ​មួយ ស្ត្រី​មេផ្ទះនៅ​ខណ្ឌ​ពោធិ៍សែនជ័យ​និយាយ​ថា វា​ពិបាក​ក្នុង​ការបញ្ឈប់​ការប្រើប្រាស់​ថង់​ប្លាស្ទិកនៅ​ពេល​ដែល​វា​មាន​តម្លៃថោក និង​ងាយស្រួល​ប្រើ​ប្រាស់។

អ្នកស្រី​​ថា៖ «តម្លៃ​តែ​ពីរ ឬ​បីពាន់​រៀល​ប៉ុណ្ណោះ ខ្ញុំ​អាច​ទិញ​ថង់​មួយ​ដុំ​ដែល​មាន​ថង់​ច្រើន​ប្រើ​មិន​ចង់​អស់​»។

ទោះយ៉ាងណា​លោកស្រី​បាន​ទទួល​ស្គាល់​ថា ចំនួន​ថង់​ដែល​ត្រូវ​ប្រើ​ក្នុង​ការវេចខ្ចប់​ គ្រាន់តែ​អាហារ​តែមួយ​មុខ​ហាក់​ដូចជា​មាន​ច្រើន​ហួស​កម្រិត។

អ្នកស្រី​បន្តថា៖ «អ្នកខ្លះ​ត្រូវ​ការថង់​ប្លាស្ទិក​៤ ឬ៥ថង់​សម្រាប់​ខ្ចប់​អាហារ​មួយ​ពេល។

លោក ផល សុផាត អ្នកប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក​ផ្សព្វផ្សាយ «យុទ្ធនាការ​គ្រួសារ​សំរាម» លើកឡើង​ថា សំរាម​ចាប់ផ្តើម​ពី​ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍​ទៅ​ក្នុង​ការទទួល​ខុសត្រូវ​ចំពោះ​សំរាម និង​ចំពោះ​បរិស្ថាន​។

លោក​បញ្ជាក់ថា៖ «សំរាម​កើតចេញ​ពី​មនុស្ស​ ប្រសិនបើ​យើង​ចង់​ចោល​សំរាម​នៅ​កន្លែង​សាធារណៈ ការអប់រំ​គួរ​តែ​ចាប់ផ្តើម​ពី​គ្រួសារ​របស់​យើង​ជាមុន ដើម្បី​ឱ្យ​ពួកគេ​យល់​ដឹង​ពី​ផល​ប៉ះពាល់​អាក្រក់​នៃ​សំរាម​ហើយ​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ។ ជំហាន​ដំបូង​គឺ​ចាប់ផ្តើម​ពី​គ្រួសារ​របស់​យើង ហើយ​បន្ត​ទៅ​សហគមន៍​ទាំងមូល»៕