សាលារាជធានីភ្នំពេញ បានបញ្ជាឱ្យលុបចោល ព្រឹត្តិការណ៍សាធារណៈជាច្រើននៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែមានការប្រុងប្រយ័ត្នជាប្រចាំជុំវិញការឆ្លងជំងឺកូវីដ១៩។
ព្រឹត្តិការណ៍ធំៗដែលសាលាក្រុងហាមឃាត់គឺ ការប្រមូលផ្ដុំចលនារើសអើងពូជសាសន៍ នៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ទិវាយោគៈអន្តរជាតិដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជានៅវត្តភ្នំ និង ការតាំងពិព័រណ៌រូបថតដោយសកម្មជនបរិស្ថានមាតាធម្មជាតិនៅមុខវត្តបុទុម ដែលត្រូវបានគេគ្រោងធ្វើនៅរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែមិថុនា។
ក្នុងករណីពីរដំបូង សាលាក្រុងបានបដិសេធមិនឱ្យមានការរៀបចំព្រឹត្តិការណ៍នៅតាមទីសាធារណៈ ហើយអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេយល់ស្របក្នុងការអនុវត្តតាមបទបញ្ជា និងបានរៀបចំការជួបជុំនៅទីកន្លែងឯកជនជំនួសវិញ។
ក្នុងករណីទីបីគឺ មាតាធម្មជាតិបានបន្តផែនការរបស់ខ្លួនដោយនិយាយថា ច្បាប់ស្តីពីការជួបជុំដោយសន្តិវិធីបានផ្តល់សិទ្ធិឱ្យក្រុមនេះប្រមូលផ្តុំ។ ទោះយ៉ាងណាក្រុមសន្តិសុខខណ្ឌបានបង្អាក់ និងបំបែកំបែកវាណាបំបែកវាដោយបង្ខំ។។ ក្រុមគឺនដូចេះាព្រឹត្តិការណ៍នោះដោយបង្ខំ។
អ្នកស្រី Heather Smith សកម្មជនសង្គម និងជាអ្នករៀបចំព្រឹត្តិការណ៍មួយនៅភ្នំពេញដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលីសនៅសហរដ្ឋអាមេរិក បាននិយាយថា ផែនការដំបូងគឺប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក។
សប្តាហ៍នោះគឺមានការតវ៉ា ការរើសអើងពូជសាសន៍នៅអាមេរិក ដែលត្រូវបានសម្លាប់បុរសជនជាតិអាមេរិក ដើមកំណើតជនជាតិស្បែកខ្មៅម្នាក់ គឺលោក George Floyd ដោយប៉ូលីស Minnesota។ រឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើបញ្ហានៃការរើសអើងជាតិសាសន៍ទាំងនៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក។
អ្នកស្រី Smith បានផ្ញើសារមក Newsroom Cambodia តាមបណ្តាញសង្គមតេលេក្រាមថា៖ «ដំបូងរដ្ឋាភិបាលបានអនុញ្ញាតឱ្យយើងធ្វើការតវ៉ា តែនៅថ្ងៃតែមួយនោះមានករណីថ្មីនៃជំងឺកូវីដបានចូលមកដល់» ។
អ្នកស្រីបន្ថែមថា៖ «យើងបានមកទទួលលិខិតដែលពួកគេបានប្រាប់យើងថា ដោយសារតែក្តីបារម្ភអំពីជំងឺកូវីដ១៩ ពួកគេមិនអាចផ្តល់ការអនុញ្ញាតឲ្យយើងប្រមូលផ្តុំបានទេ»។
អ្នកស្រី Smith បន្តថា អ្នកស្រីបានពន្យារពេលព្រឹត្តិការណ៍នេះ ហើយបានជួបជុំគ្នានៅបារមួយ ម្តុំទួលទំពូង ក្នុងរាជធានីភ្នំពេញជំនួសវិញ។
«យើងបានរកឃើញវិធីមួយ ដើម្បីបន្តការចែកចាយសាររបស់យើងទាក់ទងនឹង Juneteenth Social គឺការប្រមូលផ្តុំគ្នាក្នុងខែមិថុនា ដែលយើងបានប្រារព្ធធ្វើនៅបារ Alchemy»។
អ្នកស្រីបានបន្ថែមទៀតថា៖ «ព្រឹត្តិការណ៍នេះកាន់តែប្រសើរជាងអ្វីដែលយើងបានគ្រោងទុកទៅទៀត»។
ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍យោគៈអន្តរជាតិរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ត្រូវបានធ្វើឡើងទាំងពីរទីតាំងគឺនៅ មុខប្រាសាទតាព្រហ្ម សៀមរាប និងនៅវត្តភ្នំ រាជធានីភ្នំពេញ ប៉ុន្តែទីតាំងនៅរាជធានីភ្នំពេញត្រូវបានផ្លាស់ទៅធ្វើនៅបរិវេណខាងក្នុងស្ថានទូតឥណ្ឌាវិញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និយាយថា ព្រឹត្តិការណ៍ដែលគ្រោងធ្វើនៅភ្នំពេញរបស់ស្ថានទូតឥណ្ឌាដើម្បីរៀបចំវគ្គយោគៈនៅវត្តភ្នំ គឺស្រដៀងគ្នានឹងការធ្វើលំហាត់ប្រាណកាយសម្ព័ន្ធដែលត្រូវបានបិទនៅពេលដែលករណីឆ្លងវីរុសនេះកើតមាននៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «ទិវាយោគៈអន្តរជាតិត្រូវបានលុបចោលពីព្រោះក្លឹបហាត់ប្រាណទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបានបិទ ដូច្នេះព្រឹត្តិការណ៍យូហ្គាត្រូវតែហាមឃាត់»។
លោកបាននិយាយថា ការជួបជុំសាធារណៈផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញក៏ត្រូវបានលុបចោលផងដែរដោយសារបញ្ហាសុខភាពសាធារណៈ។
លោកថា៖ «ព្រឹត្តិការណ៍មួយចំនួនត្រូវបានលុបចោល ពីព្រោះយើងកំពុងការ ពារការរាតត្បាតនៃជំងឺកូវីដ១៩ យើងមិនត្រូវបានអនុញ្ញាតឲ្យមានការជួបជុំសាធារណៈទេ»។
លេខាទី២នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លោក Battula Subba Rao ប្រាប់ថា ការប្រារព្ធពិធីនៅឆ្នាំនេះមានទំហំតូចបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
លោកថា៖ «យើងត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីជាមានការផ្លាស់ប្តូរទីកន្លែងក៏ដោយ»។
ចំណែកកញ្ញា ឡុង គន្ធា សកម្មជនមកពីអង្គការមាតាធម្មជាតិ បានហៅការរំខានរបស់អាជ្ញាធរក្នុងការតាំងពិព័រណ៍រូបថត ដើម្បីការពារកោះកុងក្រៅ ថាជាការរំលោភលើសិទ្ធិសេរីភាពក្នុងការជួបជុំគ្នា។
កញ្ញា គន្ធា បានអះអាងទៅលើមាត្រា៣ ចំណុច៣ នៃច្បាប់ស្តីពីការប្រមូលផ្តុំដោយសន្តិវិធីថា
«ប្រសិនបើយើងស្នើសុំការអនុញ្ញាត យើងនឹងបំពានច្បាប់»។
ច្បាប់តម្រូវឱ្យមានការជូនដំណឹងដល់អាជ្ញាធររយៈពេលប្រាំថ្ងៃ មុនធ្វើការជួបជុំជាសាធារណៈ ប៉ុន្តែអាជ្ញាធរបានបដិសេធព្រឹត្តិការណ៍នេះ លុះត្រាតែមាន «ព័ត៌មានច្បាស់លាស់» ព្រោះអាចធ្វើឱ្យអន្តរាយដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ទោះជាយ៉ាងណា មាត្រា៣ ក្នុងបទបញ្ញត្តិនៃច្បាប់នេះ ក៏លើកលែងសម្រាប់ករណីការប្រមូលផ្តុំគ្នា ការបោះឆ្នោត ការតវ៉ាការងារ ការជួបជុំខាងសាសនា និងវប្បធម៌ និងសកម្មភាពផ្សព្វផ្សាយអប់រំដើម្បីផលប្រយោជន៍សង្គមផងដែរ។
គន្ធា បាននិយាយថា ការតាំងពិព័រណ៍រូបថតរបស់ក្រុមមាតាធម្មជាតិនេះ គឺស្ថិតនៅមាត្រា៣ នេះហើយ មិនគួរតម្រូវឱ្យមានការជូនដំណឹងជាមុនទេ។
កញ្ញាថា៖ «ច្បាប់មិនប្រាប់យើងឲ្យសុំការអនុញ្ញាតទេ ប៉ុន្តែអាជ្ញាធរបានរារាំងយើង ដូច្នេះយើងចាត់ទុកសកម្មភាពនេះថា ជាការបំភិតបំភ័យ និងរំលោភសិទ្ធិរបស់យើង»។
កញ្ញាបន្ថែមថា កញ្ញានឹងបន្តតស៊ូមតិដើម្បីការពារកោះកុងក្រៅ ទោះបីមានសម្ពាធពីអាជ្ញាធរក៏ដោយ។
«មិនថាយើងត្រូវបានរារាំងប៉ុន្មានដងទេ យើងនឹងបន្តសកម្មភាពរបស់យើងរហូតទាល់តែកោះកុងក្រៅទាំងមូលត្រូវបានការពារពេញលេញក្នុងទ្រង់ទ្រាយដើមដដែល»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនបានឆ្លើយតបទៅនឹងសំណួរអំពីការអះអាងរបស់មាតាធម្មជាតិដែលថា សិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ឬយ៉ាងណានោះទេ៕