ក្នុងរយៈពេលពីរថ្ងៃនៃសប្តាហ៍នេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន២៤នាក់ ដែលជាបុរសជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១៤ ខែកក្កដា បុរសជនជាតិខ្មែរចំនួន ៩នាក់បន្ថែមទៀតត្រូវបានរកឃើញថាមានវីរុសកូវីដ១៩ បន្ទាប់ពីបានរកឃើញ១៥នាក់ដំបូង កាលពីថ្ងៃទី១២ ខែកក្កដា ដែលជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុងចំណោមអ្នកធ្វើដំណើរចំនួន៩៤នាក់។
អ្នកដំណើរចំនួន៧០នាក់ទៀត ដែលបានធ្វើតេស្តរកឃើញលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក [ដាក់ឲ្យនៅដាច់ដោយឡែក] ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ដែរ អ្នកដំណើរទាំង៩៤នាក់នោះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែកក្កដា វេលាម៉ោង ១៧:២៥នាទីល្ងាច ដោយចេញដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកកាន់កម្ពុជា។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ Newsroom Cambodia នៅថ្ងៃអង្គារថា ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល មានគោលការណ៍អភិវឌ្ឍន៍សម្រាប់ចត្តាឡីស័ក [ការដាក់ឲ្យនៅដាច់ដោយឡែក] សម្រាប់អ្នកទាំងនោះ។
«អ្នកដែលស្នាក់នៅនឹង គេនឹងបន្តក្នុងការតាមដានសុខភាពរបស់ពួកគាត់ ហើយនិងការធ្វើតេស្តនឹងមានធ្វើជាបន្តបន្ទាប់ទៀត»។
អ្នកស្រី ឱ វណ្ណឌីន បន្ថែមថា អ្នកទាំង៧០នាក់ដែលកំពុងបន្តធ្វើចត្តាឡីស័កសុទ្ធតែជាជនជាតិខ្មែរ។
គិតត្រឹមថ្ងៃទី១៤ ខែកក្កដានេះ ចំនួនអ្នកដែលត្រូវបានរកឃើញថាមានវីរុសកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា សរុបមាន១៦៥នាក់។ ក្នុងនោះមាន១៣៣នាក់បានជាសះស្បើយ និង៣២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕