ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​សប្តាហ៍​នេះ​ កម្ពុជា​រក​ឃើញ​​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ចំនួន​២៤​នាក់ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល។

ក្នុង​សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញ​ថ្ងៃទី​១៤ ខែកក្កដា បុរសជនជាតិខ្មែរចំនួន ៩នាក់​បន្ថែមទៀតត្រូវបានរកឃើញថាមានវីរុសកូវីដ១៩ បន្ទាប់ពីបានរកឃើញ១៥នាក់ដំបូង កាល​ពីថ្ងៃទី១២ ខែកក្កដា ដែលជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្នុង​ចំណោម​អ្នក​ធ្វើដំណើរ​ចំនួន​៩៤​នាក់។ 

អ្នកដំណើរចំនួន​៧០នាក់ទៀត ដែលបានធ្វើតេស្តរកឃើញលទ្ធផលអវិជ្ជមាន ត្រូវ​បាន​ដាក់ឲ្យ​ធ្វើចត្តាឡីស័ក [ដាក់ឲ្យនៅដាច់ដោយឡែក] ចំនួន​១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន រាជធានី​ភ្នំពេញ។ នេះ​​បើតាម​​សេចក្តី​​ប្រកាស​​ព័ត៌មា​ន​របស់​ក្រសួង​សុខាភិបាល។​

សូមបញ្ជាក់ដែរ អ្នកដំណើរទាំង៩៤នាក់នោះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែកក្កដា វេលាម៉ោង ១៧:២៥នាទីល្ងាច ដោយ​ចេញ​ដំណើរ​មក​ពី​ប្រទេស​អារ៉ាប់​ប៊ីសា​អូឌីត និង​បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី មក​កាន់​កម្ពុជា។

អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​អង្គារ​​ថា ក្រុមការងារ​​​បច្ចេកទេស​ក្រសួង​សុខាភិបាល​ មានគោលការណ៍​អភិវឌ្ឍន៍​សម្រាប់​ចត្តាឡីស័ក ​[ការដាក់ឲ្យនៅដាច់ដោយឡែក] សម្រាប់​អ្នក​ទាំង​នោះ​។

«​អ្នក​ដែល​ស្នាក់​នៅ​នឹង គេ​នឹង​បន្ត​ក្នុង​ការតាមដាន​សុខភាព​របស់​ពួកគាត់ ហើយ​និង​ការធ្វើ​តេស្ត​នឹង​មាន​ធ្វើ​ជា​បន្តបន្ទាប់​ទៀត»។

អ្នកស្រី ឱ វណ្ណឌីន បន្ថែម​​ថា អ្នក​ទាំង​៧០នាក់​ដែល​កំពុង​បន្ត​ធ្វើ​ចត្តា​ឡីស័ក​សុទ្ធ​តែ​ជាជន​ជាតិ​ខ្មែរ។

គិត​ត្រឹមថ្ងៃទី១៤ ខែកក្កដា​នេះ​ ចំនួន​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញថា​មាន​វីរុស​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ សរុប​មាន​​១៦៥​នាក់។ ក្នុងនោះ​មាន​១៣៣នាក់​បាន​ជា​សះស្បើយ និង​៣២​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ៕​