ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដែលមានលទ្ធភាព រៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯងនៅក្នុងខែសីហាខាងមុខ ខណៈដែលគ្រឹះស្ថានសិក្សាសាធារណៈមិនទាន់មានការជូនដំណឹងនៅឡើយ។
ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ចេញកាលពីថ្ងៃទី១៤ ខែកក្កដា បញ្ជាក់ថា ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៧ ខែសីហា សម្រាប់ គ្រឹះស្ថានសិក្សាឯកជនទាំងឡាយណាដែលអាចរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯង។ ក្រសួងបន្ថែមថា សម្រាប់គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាព ត្រូវរងចាំប្រឡងជាមួយស្ថាប័នសិក្សារបស់រដ្ឋ ដែលនឹងត្រូវជូនដំណឹងអំពីកាលបរិច្ឆេទប្រឡងនៅពេលក្រោយ។
សេចក្តីណែនាំរបស់ក្រសួងបន្ថែមថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនពីចម្ងាយ ព្រមទាំងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន ដើម្បីធានាបានស្តង់ដារគុណភាពនៃការប្រឡង។ ហើយប្រសិនបើសាលាឯកជនទាំងនោះមានលទ្ធភាពក្នុងការរៀបចំការប្រឡង ត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡង ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត ឱ្យបានមុនដំណាច់ខែកក្កដានេះ។
ក្រសួងបញ្ជាក់ថា៖ «គ្រឹះស្ថានសិក្សានីមួយៗជាអ្នកចេញសញ្ញាបត្រ និងចុះហត្ថលេខាលើសញ្ញាបត្រដោយខ្លួនឯង ហើយក្រសួងទទួលស្គាល់ក្រោយពេលពិនិត្យឃើញថា ការប្រឡងប្រព្រឹត្តទៅតាមការណែនាំរបស់ក្រសួង ព្រមទាំងប្រធានវិញ្ញាសារមានកម្រិតស្តង់ដារប្រហាក់ប្រហែលឆ្នាំកន្លងមក ត្រូវរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯង»។
លោក ចាន់ វាសនា នាយករងសាលាអន្តរជាតិបញ្ញាសាស្ត្រខេត្តបាត់ដំបងលើកឡើងនៅថ្ងៃពុធនេះថា នៅសាលារបស់លោក មានបេក្ខជនដែលជាសិស្សថ្នាក់ទី១២ចំនួន១០០នាក់។ លោកថា ចំពោះការប្រឡងបាក់ឌុប មានបែងចែកជា២មណ្ឌល គឺមណ្ឌលផ្នែកវិទ្យាសាស្រ្តចំនួន៦៦នាក់ និងមណ្ឌលផ្នែកវិទ្យាសាស្ត្រសង្គម ចំនួន៣៤នាក់។
លោកបញ្ជាក់ថា៖ «ខ្ញុំបានត្រៀមរួចហើយក្នុងការធ្វើសំណើសុំឆ្លងកាត់ទៅលើនីតិវិធី ផ្ញើទៅក្រសួង ដើម្បីធ្វើឱ្យការងារនឹង បានបញ្ចប់ក្នុងសប្តាហ៍ទី៣ ខែកក្កដា»។
កាលពីខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសមួយឱ្យបិទសាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់ជាបណ្តោះអាសន្ន ដើម្បីអនុវត្តវិធានការការពារទប់ស្កាត់បន្ទាន់មួយ ក្រោយកម្ពុជាបានរកឃើញករណីវីរុសកូវីដ១៩ជាបន្តបន្ទាប់៕