ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​សិក្សា​ឯកជន​ដែល​មានលទ្ធភាព​ រៀបចំ​​ការប្រឡង​​មធ្យម​សិក្សា​​ទុតិយ​​ភូមិ​ដោយខ្លួនឯង​នៅ​ក្នុង​ខែសីហា​ខាងមុខ ខណៈ​ដែល​គ្រឹះស្ថាន​សិក្សា​សាធារណៈ​មិន​ទាន់​មាន​ការជូន​ដំណឹង​នៅ​ឡើយ។

​ក្នុង​សេចក្តីណែនាំ​​របស់​ក្រសួង​អប់រំ ស្តីពី​​ការរៀប​​ចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឯកជន​សម្រាប់​ឆ្នាំសិក្សា​២០១៩-២០២០ ចេញ​​កាល​ពីថ្ងៃទី១៤ ខែកក្កដា បញ្ជាក់​ថា ​ក្រសួងអប់រំ​បាន​កំណត់​យក​​​ថ្ងៃ​ទី​១៧ ខែសីហា ​ សម្រាប់ ​​​គ្រឹះស្ថាន​សិក្សា​ឯកជន​​ទាំង​ឡាយ​ណា​ដែល​​អាច​​រៀបចំ​ការប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដោយ​ខ្លួនឯង​​​​។ ក្រសួង​បន្ថែមថា  សម្រាប់​គ្រឹះស្ថាន​សិក្សាឯកជន​ដែល​មិនមាន​លទ្ធភាព ត្រូវ​រង​ចាំ​ប្រឡង​ជាមួយ​ស្ថាប័ន​សិក្សា​​​របស់​រដ្ឋ​ ដែល​នឹង​ត្រូវ​ជូន​ដំណឹងអំពី​កាល​បរិច្ឆេទ​ប្រឡង​​នៅ​ពេល​ក្រោយ។​

សេចក្តីណែនាំរបស់ក្រសួង​បន្ថែម​ថា ដោយសារ​តែ​មាន​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សាឯកជនបង្រៀន និង​រៀន​​​ពីចម្ងាយ ព្រម​ទាំង​​​សិក្សា​​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​រៀងៗ​​ខ្លួន ដើម្បី​​ធានា​បាន​​ស្តង់ដារគុណភាព​នៃការប្រឡង។ ហើយ​ប្រសិន​បើ​សាលា​ឯកជន​ទាំង​នោះមានលទ្ធភាព​ក្នុង​ការ​រៀបចំការ​​ប្រឡង​ ត្រូវ​​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​ការប្រឡង ដោយ​ភ្ជាប់​បញ្ជី​រាយនាម​បេក្ខជន​ត្រូវ​ប្រឡង​មក​ក្រសួង តាមរយៈ​មន្ទីរ​អប់រំ យុវជន និងកីឡា រាជធានី/ខេត្ត ឱ្យ​បាន​មុន​ដំណាច់​ខែ​កក្កដា​នេះ។

ក្រសួង​បញ្ជាក់​ថា៖ «គ្រឹះស្ថាន​សិក្សា​នីមួយៗ​ជា​អ្នក​ចេញ​សញ្ញាបត្រ និង​ចុះហត្ថលេខា​លើ​សញ្ញាបត្រ​ដោយ​ខ្លួន​ឯង ហើយ​ក្រសួង​ទទួល​ស្គាល់​ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា ការប្រឡង​ប្រព្រឹត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង ព្រម​ទាំង​ប្រធាន​វិញ្ញាសារ​មាន​កម្រិត​ស្តង់ដារ​ប្រហាក់​ប្រហែល​ឆ្នាំ​កន្លង​មក ត្រូវ​រៀបចំ​ការប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដោយ​ខ្លួន​ឯង»។ 

លោក ចាន់ វាសនា នាយក​រង​សាលា​អន្តរជាតិ​បញ្ញាសាស្ត្រ​ខេត្តបាត់ដំបង​លើក​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​សាលា​​របស់​លោក មាន​​បេក្ខជន​​ដែល​ជា​​សិស្ស​ថ្នាក់​ទី១២​​ចំនួន​១០០នាក់។ លោក​ថា​ ចំពោះ​ការប្រឡងបាក់ឌុប មាន​បែងចែក​ជា​២មណ្ឌល គឺ​មណ្ឌល​ផ្នែក​វិទ្យាសាស្រ្ត​ចំនួន​៦៦នាក់ និង​មណ្ឌល​ផ្នែក​វិទ្យាសាស្ត្រសង្គម ចំនួន​៣៤នាក់​។  

លោក​បញ្ជាក់ថា៖ «ខ្ញុំបាន​ត្រៀម​រួចហើយ​ក្នុង​ការធ្វើសំ​ណើ​សុំ​ឆ្លង​កាត់​ទៅ​លើ​​នីតិវិធី ផ្ញើ​​ទៅ​ក្រសួង ដើម្បី​ធ្វើ​ឱ្យ​ការងារ​នឹង បាន​បញ្ចប់​​ក្នុង​សប្តាហ៍​ទី៣ ​ខែ​កក្កដា»។

កាលពី​ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសមួយ​ឱ្យ​បិទ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​​ជា​​បណ្តោះ​អាសន្ន ដើម្បី​អនុវត្ត​វិធានការ​ការពារ​ទប់ស្កាត់​បន្ទាន់​មួយ ក្រោយ​កម្ពុជា​បាន​រកឃើញ​ករណី​វីរុស​កូវីដ១៩​ជា​បន្តបន្ទាប់៕​ ​​