ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសប្តាហ៍នេះប្រកាសថា ខ្លួនកំពុងសិក្សាស្រាវជ្រាវអំពីស្ថានភាពជីវភាពរស់នៅ និងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩របស់កម្មករ។
ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារ ចេញកាលពីថ្ងៃទី១៧ ខែកក្កដា និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃទី១៩ ខែកក្កដា បញ្ជាក់ថា ក្រសួងការងារនឹងចាប់ផ្តើមធ្វើការស្រាវជ្រាវនេះពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែកក្កដា។ ក្រសួងថា លិខិតនេះក៏ជាការជូនដំណឹងដល់នាយកសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ក្រសួងបញ្ជាក់ថា៖ «អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការអង្កេតនេះ នឹងចាប់អនុវត្តពីថ្ងៃ១៧ ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ទៅលើគំរូសំណាកកម្មករនិយោជិត ដែលជ្រើសរើសដោយចៃដន្យនៅតាមបណ្តារាជធានី-ខេត្ត»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនឆ្លើយពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវនេះ ដោយគ្រាន់តែបញ្ជាក់ថា៖ «វាជាការងាររដ្ឋបាលផ្ទៃក្នុង ដែលយើងបានធ្វើជារៀងរាល់ឆ្នាំសម្រាប់ចែកជូនសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតែប៉ុណ្ណោះ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើកឡើងថា ស្ថានភាពជីវភាពរបស់កម្មករប្រឈមនឹងភាពអត់ការងារធ្វើ និងការធ្វើទុក្ខបុកម្នេញពីនិយោជក ដូច្នេះលោកថា ការស្រាវជ្រាវនេះគឺជារឿងល្អ ប៉ុន្តែលោកថា លោកចង់ឱ្យការសិក្សានោះមានការចូលរួមពីស្ថាប័នឯករាជ្យ។
លោកបញ្ជាក់ថា៖ «យើងចង់បានឱ្យមានស្ថាប័នសិក្សាឯករាជ្យទៅ នៅពេលចូលតុចរចារប្រជុំទៅ គឺនឹងបានផលប្រយោជន៍ច្បាស់ទាំងអស់គ្នា»។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាលើកឡើងថា កម្មករនៅតែជួបបញ្ហាជីវភាព ទោះបីមានប្រាក់ឧបត្ថម្ភពីនិយោជក និងរដ្ឋាភិបាលក៏ដោយ។
លោកបន្តថា៖ «កម្មករកំពុងជួបប្រទះបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត និងអ្នកដែលព្យួរការងារគឺជួបបញ្ហាខ្វះខាតជីវភាពដោយសារប្រាក់ចំណូលគាត់បានតិច ដែលទទួលបានឧបត្ថម្ភពីនិយោជក និងរដ្ឋាភិបាល គឺគាត់មិនអាចដោះស្រាយជីវភាពបានទេ»។
ចាប់តាំងពីរោងចក្រព្យួរការងារកម្មករ ដោយសាររោងចក្របិទទ្វារមិនមានអ្នកបញ្ជាទិញ ដោយសារវិបត្តិជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រោងចក្រផ្តល់ប្រាក់៣០ដុល្លារក្នុងមួយខែឲ្យកម្មករ ចំណែករដ្ឋាភិបាលផ្តល់ឲ្យ៤០ដុល្លារ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC មានប្រសាសន៍ថា ដោយសារជំងឺកូវីដ១៩ ទំនិញដែលផលិតនៅកម្ពុជាមិនមានការបញ្ជាទិញ បណ្តាលឲ្យមានការបិទទីផ្សារ ។
លោកបញ្ជាក់ថា៖ «បើរោងចក្រអត់មានអីវ៉ាន់អីចឹង អត់ត្រូវការបុគ្គលិកច្រើននោះទេ។ អាហ្នឹងទី១ ទី២បើអត់មានអីវ៉ាន់ធ្វើ មានលុយឯណាបើកប្រាក់ខែ»។
បើតាមអ្នកនាំពាក្យក្រសួងការងារ ក្នុងអំឡុងការកើតមានជំងឺកូវីដ១៩ យ៉ាងហោចណាស់រោងចក្រជាង១០០បានព្យួរការផលិត និងធ្វើឱ្យកម្មករនិយោជិតខ្មែរប្រមាណ១០ម៉ឺននាក់ បាត់បង់ការងារ៕