ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅ​សប្តាហ៍នេះ​ប្រកាស​ថា ខ្លួន​កំពុងសិក្សា​​​ស្រាវជ្រាវ​​អំពីស្ថានភាព​ជីវភាព​រស់នៅ​ និងផលប៉ះពាល់ដោយសារជំងឺកូវីដ​១៩​របស់​កម្មករ។​

ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ការងារ ចេញ​កាលពីថ្ងៃទី១៧ ខែកក្កដា និង​ត្រូវ​បាន​បង្ហោះ​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បញ្ជាក់​ថា ក្រសួង​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើការ​ស្រាវ​ជ្រាវ​នេះ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា។ ក្រសួង​ថា លិខិត​នេះ​ក៏​​​ជា​​ការ​ជូនដំណឹង​​​​ដល់​នាយកសហគ្រាសគ្រឹះស្ថាន និង​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​​ផលិតស្បែក​ជើង និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់។

ក្រសួង​បញ្ជាក់​ថា៖ «អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការអង្កេត​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ១៧ ដល់​៣១​ ខែកក្កដា ឆ្នាំ​២០២០ ទៅ​លើ​គំរូ​សំណាក​កម្មករ​និយោជិត ​ដែល​ជ្រើសរើស​ដោយ​ចៃដន្យ​នៅ​តាម​បណ្តា​រា​​ជធានី-ខេត្ត»។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ​ មិនឆ្លើយ​​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ដោយ​គ្រាន់​តែ​បញ្ជាក់ថា៖ «វាជាការងាររដ្ឋបាលផ្ទៃក្នុង ដែល​យើង​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ចែក​ជូន​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​តែ​ប៉ុណ្ណោះ»។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លើក​ឡើង​ថា ស្ថានភាព​ជីវភាព​របស់​កម្មករ​ប្រឈម​នឹងភាព​អត់​ការងារ​ធ្វើ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​និយោជក ដូច្នេះ​លោក​ថា ការ​ស្រាវជ្រាវ​នេះ​​គឺជា​​រឿង​​ល្អ​ ប៉ុន្តែ​លោក​ថា លោក​ចង់​ឱ្យការ​សិក្សា​នោះ​មានការចូលរួមពីស្ថាប័នឯករាជ្យ។

លោក​បញ្ជាក់​ថា៖ «​យើង​ចង់​បាន​ឱ្យ​មាន​ស្ថាប័ន​សិក្សា​ឯករាជ្យ​ទៅ នៅ​ពេល​ចូល​តុ​ចរចារ​ប្រជុំ​ទៅ គឺ​នឹង​បាន​ផល​ប្រយោជន៍​ច្បាស់​ទាំងអស់​គ្នា»។

ចំណែក​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លើក​ឡើង​ថា កម្មករ​នៅ​តែ​ជួប​បញ្ហា​ជីវភាព ទោះបី​មាន​ប្រាក់​ឧបត្ថម្ភ​ពី​និយោជក និង​រដ្ឋាភិបាល​ក៏ដោយ។

លោក​បន្ត​ថា៖ «កម្មករ​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រ​ឈម​ធ្ងន់ធ្ងរ​បំផុត និង​អ្នក​ដែល​ព្យួរ​ការងារ​គឺ​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ដោយសារ​ប្រាក់​ចំណូល​គាត់​បាន​តិច ដែល​ទទួល​បាន​ឧបត្ថម្ភ​ពី​និយោជក និង​រដ្ឋាភិបាល គឺ​គាត់​មិន​អាច​ដោះស្រាយ​ជីវភាព​បាន​ទេ»។​

ចាប់​តាំង​​ពី​​រោងចក្រ​​ព្យួរ​​ការងារ​​កម្មករ ដោយសារ​​រោង​ចក្រ​​បិទ​ទ្វារ​​មិន​មាន​អ្នក​បញ្ជា​​ទិញ ដោយ​សារ​​វិបត្តិ​​ជំ​ងឺ​កូវីដ​១៩​ ​លោក​​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បានបញ្ជាក់​​​ថា​ រោងចក្រ​​ផ្តល់​​ប្រាក់​៣០​​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​កម្មករ​​ ចំណែក​រដ្ឋាភិបាល​​ផ្តល់​​ឲ្យ​​៤០​​ដុល្លារ។​

លោក ខេន លូ ​​អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC មានប្រសាសន៍​ថា ដោយ​សារ​​​ជំងឺកូវីដ១៩ ​ទំនិញ​​ដែល​ផលិត​​នៅ​កម្ពុជា​​​​មិនមានកា​របញ្ជាទិញ បណ្តាល​ឲ្យ​មានការ​បិទ​ទី​ផ្សារ ។

លោក​បញ្ជាក់​ថា៖ «បើ​រោងចក្រ​អត់​មាន​អី​វ៉ាន់អីចឹង អត់​ត្រូវ​ការបុគ្គលិក​ច្រើន​នោះ​ទេ។ អាហ្នឹង​ទី១ ទី២​បើ​អត់​មាន​អី​វ៉ាន់​ធ្វើ មាន​លុយ​ឯណា​បើក​ប្រាក់​ខែ»។

​បើតាម​អ្នកនាំពាក្យក្រសួងការងារ ​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩ យ៉ាងហោចណាស់រោង​ចក្រ​ជាង​១០០​បាន​ព្យួរការ​ផលិត​ និង​​ធ្វើ​ឱ្យកម្មករនិយោជិត​ខ្មែរ​ប្រមាណ១០ម៉ឺននាក់ បាត់បង់​ការងារ៕