លទ្ធផលនៃការស្រាវជ្រាវមួយរកឃើញថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ប្រជាជនកម្ពុជា បានបាត់បង់ប្រាក់ចំណូលក្នុងគ្រួសារដល់ទៅ៤០%។ នេះបើតាមការស្ទង់មតិ និងការសិក្សាស្រាវជ្រាវរបស់វេទិកាអនាគត និង Angkor Research Cambodia។

កាលពីថ្ងៃពុធ វេទិការអនាគត Future Forum និង Angkor Research Cambodia បានរៀបចំសិន្និសីទសារព័ត៌មានមួយបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ និងស្ទង់មតិរបស់ខ្លួន ស្តីអំពី «ផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាកំឡុងពេលកូវីដ១៩»

ការស្ទង់មតិនោះធ្វើឡើងចន្លោះពីខែមករា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២០ ដោយផ្តោតលើប្រាក់ឈ្នួលកម្មករ ក្រុមគ្រួសារដែលមានសហគ្រាសខ្នាតតូច និងកសិករនៅក្នុងរាជធានីខេត្តចំនួន៤ គឺ កំពត សៀមរាប ស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។

ក្នុងរបាយការណ៍នោះរកឃើញថា ក្រោយពីការសាកសួរមេភូមិ គ្រួសារចំនួន១,០៨៣ ដែលមានសហគ្រាសខ្នាតតូច ត្រូវបានផ្អាកដំណើរការ និងបិទទ្វារប្រហែលជា១០.៥% ក្នុងចំណោម ៥៤ភូមិ ហើយ៤២%បានកាត់បន្ថយការធ្វើពិធីបុណ្យសពតាមប្រពៃណី និង៣២% បានកាត់បន្ថយការអំពើហិង្សាក្នុងគ្រួសារ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមានប្រសាសន៍ក្នុងសន្និសីទនោះថា លទ្ធផលសរុបក្នុងរបាយការណ៍បានរកឃើញថា ចំណូលក្នុងគ្រួសារជាមធ្យមបានធ្លាក់ចុះ៤០%កំឡុងពេលមានជំងឺកូវីដ១៩ ក្នុងចំណោមការសិក្សា៤ខេត្ត និងមួយរាជធានីភ្នំពេញ ជាពិសេសខេត្តសៀមរាបទទួលរងផលប៉ះពាល់ខ្លាំងជាងគេលើគ្រប់វិស័យ។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ «បើយើងមើលទៅលើគ្រួសារទាំងមូល គឺចំណូលរបស់គាត់បានធ្លាក់ចុះដល់ទៅ៤០% ជាពិសេសនៅខេត្តសៀមរាបប៉ះពាល់ធ្ងន់ជាងគេស្ទើរតែគ្រប់វិស័យ ហើយអសន្តិសុខស្បៀងក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ»។

ក្នុងរបាយការណ៍ដដែលបានបង្ហាញថា នៅខេត្តសៀមរាប ប្រាក់ចំណូលធ្លាក់ចុះពី៣៥១,៤៤ ដុល្លារ ក្នុងខែមករា ដល់១៨៦,០១ដុល្លារ ក្នុងខែមេសា។ លទ្ធផលអវិជ្ជមាននេះក៏អាចត្រូវបានគេមើលឃើញផងដែរ ក្នុងអត្រាខ្ពស់នៃអសន្ដិសុខស្បៀងក្នុងកម្រិតមធ្យមទៅជាកម្រិតធ្ងន់ធ្ងរ សរុបប្រហែល២០,១% នៃគ្រួសារដែលបានស្ទង់មតិ ហើយអាចចាត់ចូលក្នុងចំណាត់ថ្នាក់ អសន្តិសុខស្បៀង (FIES) ។

ក្នុងចំណោមការស្ទង់មតិមនុស្សចំនួន១,០៨៧នាក់ មាន៩៣៣នាក់ បានដំណើរការអាជីវកម្មក្នុងគ្រួសារ។ ក្នុងចំណោមកម្មករមានប្រាក់ឈ្នួល៣១០នាក់ ដែលធ្វើការតាមបណ្តាខេត្តផ្សេងៗ និង២៧នាក់ដែលធ្វើការនៅក្រៅប្រទេស ៤២,៧% បានវិលត្រឡប់មកវិញដោយសារការផ្អាកការងារ និង៣៤,៧% ត្រលប់មកស្រុកវិញដោយសារការភ័យខ្លាចកូវីដ១៩ ។

លោក Ian Ramage ប្រធានផ្នែកបច្ចេកទេស Angkor Research Cambodia លើកឡើងថា «៦២%នៃការសន្សំក្នុងគ្រួសារគឺបានធ្លាក់ចុះ៥៥% មានន័យថា ការសន្សំជាមធ្យមក្នុងគ្រួសារបានកាត់បន្ថយពី៣៤១$ ស្មើនឹង២០% អំឡុងខែមករា ដល់ខែមេសា»។

ក្នុងរបាយការណ៍នោះក៏បានបង្ហាញពីបំណុលគ្រួសារបានផ្លាស់ប្តូរ៣៤% នៃប្រាក់កម្ចីក្នុងលក្ខខណ្ឌចាំបាច់ ក្នុងនោះចំនួនគ្រួសារដែលពួកគេយឺតក្នុងការសងប្រាក់កម្ចីកើនឡើង ២៣០%។ ក្នុងនោះ ប្រាក់កម្ចីចំនួន១១ភាគរយ ក្នុងចំណោមប្រាក់កម្ចីថ្មីមួយភាគបី ត្រូវបានយកទៅសងប្រាក់កម្ចីផ្សេងទៀត ឬផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។

តាមរបាយការណ៍ ភាគច្រើននៃគ្រួសារនីមួយៗ គឺត្រូវការជំនួយជាថវិការចំនួន៥៥,៧% ជំនួយជាស្បៀងអាហារចំនួន២៤.៥% ការពន្យាពេលនៃសងប្រាក់កម្ចី៤.៥% និងថ្នាំពេទ្យ៤,៥% ។

យោងតាមរបាយការណ៏ដដែលបានបង្ហាញថា ប្រហែលមួយភាគប្រាំនៃគ្រួសារ បានបង្កើត ប្រាក់ចំណូលពីកសិកម្ម និងនេសាទ ដូចជា ធ្វើស្រែ ដាំដំឡូងមី ចិញ្ចឹមសត្វ និងការដាំបន្លែ បានកើនឡើង ៩,៧% ដែលក្នុងចំណោមនោះជាអ្នកដែលបោះបង់ការរកស៊ីមកធ្វើកសិកម្មជំនួសវិញ។

ក្នុងរបាយការណ៍បានលើកឡើងថា មូលហេតុចម្បងដែលធ្វើឱ្យធ្លាក់ចុះប្រាក់ឈ្នួលកម្មករ គឺរោងចក្របានបិទជាបណ្តោះអាសន្នចំនួន ៣៤,០% កាត់បន្ថយម៉ោងធ្វើការ ២៥.៧% និង គ្មានការថែមម៉ោង១៩.៤%។ បញ្ហាចម្បងមួយទៀតដែលប៉ះពាល់ដល់ម្ចាស់អាជីវកម្មគឺ កង្វះអតិថិជន៧៣,៩% កង្វះការលក់៥៤,៧% និងអតិថិជនខ្លាចជំងឺកូវីដ១៩ ចំនួន៥៣,៥% ។

លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំមិនឆ្លើយតបទៅនឹងលទ្ធរបាយការណ៍ដែលរកឃើញដោយវេទិកាអនាគត និង Angkor Research Cambodia។

លោកប្រាប់ Newsroom Cambodia ថា៖ «មានរបាយការណ៍ច្រើនក្នុងការស្ទង់មតិនេះ ដូចជា World Bank UNDP ដែលមានការវាយតម្លៃរៀងៗខ្លួន។ យើងអត់ត្រូវយករបាយការណ៍ណាមួយជាគោលក្នុងការដោះស្រាយនយោបាយជាតិទាំងមូលនោះទេ គឺយើងយកការស្ទង់មតិដែលជាភ្នាក់ងារទទួលស្គាល់ដោយស្ថាប័នជាតិដើម្បីយើងធ្វើការ ប៉ុន្តែយើងមិនទាត់ចោលទេក្នុងរបាយការណ៍ដទៃទៀត យើងចាំមើលយន្តការរបស់គាត់ធ្វើបែបណា អីបែបណា»។

លោកមានប្រសាសន៍បន្ថែមថា ក្រសួងសេដ្ឋកិច្ចបានត្រៀមថវិការទៅតាមអ្វីដែលជាការសន្យាក្នុងការជួយពលរដ្ឋក្រីក្រអំឡុងពេលមានជំងឺកូវីដ១៩។ លោកថា៖ «យើងត្រៀមក្នុងមួយខែ២៥លានដុល្លារ លើសហ្នឹងក៏មានដែរ រហូតដល់៣០លានដុល្លារក្នុងមួយខែ គឺអត់បញ្ហាសម្រាប់ក្រសួងសេដ្ឋកិច្ច គឺធានាជូនតែម្តង»។

ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ហើយគិតត្រឹមខែកក្កដានេះ រដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ ជំហានទី២បានចំនួន៥ម៉ឺនគ្រួសារបន្ថែមទៀត ថែមលើទិន្នន័យជំហានទី១ដែលមាន៥៦ម៉ឺនគ្រួសារ។

យោងតាមអនុក្រឹត្យលេខ៨៨អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ប្រាក់ឧបត្ថម្ភនេះក៏នឹងត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ដល់១២០,០០០រៀល នឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗតាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស៕