ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កំពុង​ស្វែងរក​ការអនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​​ជា​សាធារណៈ​ដោយ​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា ពួកគេ​មាន​ជម្រើស​តិចតួច​ក្នុង​ការធ្វើ​លំហាត់​ប្រាណ​នៅ​តាម​សួន​ ដោយសារ​កន្លែង​ខ្លះតូចចង្អៀត​មាន​មនុស្សច្រើន កន្លែងខ្លះ​ស្ទើរ​​តែ​ដើរ​ជាន់​គ្នា។

ទីលាន​ពហុកីឡាដ្ឋាន​ដែល​ជា​កន្លែង​លេង​កីឡា​ជា​សាធារណៈ​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​បិទ​តាំង​ពី​ដើម​ខែមេសា ចំ​ពេល​មាន​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។

សេចក្តី​ជូនដំណឹង​មួយ​ដែល​ព្យួរ​នៅ​ក្លោង​ទ្វារពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​កាល​ពីថ្ងៃទី​១៥ ខែមីនា បាន​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការរក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​ខណៈ ​ដែល​កាល​បរិច្ឆេទ​មួយ​ទៀត​នៅ​ថ្ងៃទី៧ ខែមេសា បាន​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន។ ផ្នែក​ខ្លះ​ក្នុង​ពហុដ្ឋាន​កំពុង​ត្រូវ​បាន​ប្រើជា​ចំណត​ចត​ឡាន។

លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​បាន​ថ្លែង​ប្រាប់ Newsroom Cambodia  ថា លោក​កំពុង​ស្នើ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ឲ្យ​បើក​ឡើង​វិញ។

លោក​ថា៖ « ខ្ញុំបាន​ស្នើសុំទៅ​លោក​ឯកឧត្តម​​ហើយ ប៉ុន្តែ​មិនទាន់​បាន​​ការឆ្លើយ​តប​នៅឡើយ​ទេ» ។

ទោះបីយ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា ពេលណា​ក្រសួង​នឹង​អនុញ្ញាត​ឱ្យ​ពហុកីឡាដ្ឋាន​បើកជា​សាធារណៈ​ឡើង​វិញ​នោះ​ទ។

ក្រសួងអប់រំ​​បាន​ប្រកាស​កាល​ពី​ខែឧសភា អនុញាត​ឲ្យ​​កីឡាករ​ជាតិ​ និង​កីឡាកម្រិត​ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ហ្វឹកហាត់​នៅ​ទីនោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ​មានប្រសាសន៍​ថា កាអនុញ្ញាត​ឲ្យ​កីឡាករ​ថ្នាក់ជាតិ និង​ជាន់​ខ្ពស់​បាន​ហាត់​តាំង​ពីខែ៦។

លោក ចំរើន បន្ថែម​ថា វា​ជាហា​និភ័យដែល​​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ការប្រកាស​ពី​​រដ្ឋា​​ភិបាល ​​ដើម្បី​​បង្ការ និង​​ទ​​ប់ស្កាត់​ការរាល​ដាល​ឆ្លង​ជំងឺកូវីដ​១៩​ ក្នុងការបិទពហុកីឡា​ដ្ឋាន​។

លោក​បញ្ជាក់​​ថា៖ «អ្នក​ដែល​ធ្លាប់​ហាត់ប្រាណ​អាច​ហាត់ប្រាណ​នៅ​ផ្ទះ។ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​រៀន​រស់ និ​ង​សម្រប​ខ្លួន​​ក្នុង​ស្ថានភាពថ្មី និង​ធ្វើ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល»។

ទោះយ៉ាងណា​លោក នៅ វណ្ណ ដែល​ជា​អ្នក​រស់នៅ​ក្នុង​ខណ្ឌ​ដូនពេញ​និយាយ​ថា លោក​ចូលចិត្ត​ហាត់ប្រាណ​នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ជម្រើស​កន្លែង​ផ្សេង​ទៀត​ហាក់​ដូចជា​មាន​ហានិភ័យ​ខ្ពស់​ជាង។

«ខ្ញុំ​ដើរ​ហាត់ប្រាណ​នៅ​សួន​វិមាន​ឯករាជ្យ និង​កន្លែង​ខ្លះទៀ​តតូច​ចង្អៀត​ដើរ​ចង់​ជាន់​គ្នា​ក៏​មាន»។​

លោកបន្ថែមថា កន្លែង​ផ្សេង​ទៀត​មាន​មនុស្ស​​ប្រមូល​ផ្ដុំគ្នា​នៅ​កន្លែង​បាំង​ជិត​ មនុស្ស​ជុំគ្នាស៊ី​ផឹក ​ជា​ការ​បង្ក​ហានិភ័យ​ជាង​ការបើក​ពហុកីឡាដ្ឋាន​ជាតិអូឡាំពិ​ក​ឲ្យដំណើរការឡើងវិញ​។​ លោក​ថា កីឡាដ្ឋាន​​​​​មាន​កន្លែង​ធំទូលាយ និង​មាន​ខ្យល់​អាកាស​ល្អ ងាយស្រួល​ក្នុងកា​ររក្សា​គម្លាត​ចម្ងាយ ៥-១០ ម៉ែត្រ​ពីគ្នា។​

លោក វណ្ណ បញ្ជាក់​ថា៖ «ដំបូង​ការបិទ​មួយ​រយៈ​ខ្លី​ដើម្បី​បង្ការ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​តែ​បិទ ខ្ញុំ​មិន​គាំទ្រ​ទេ។ វា​ជាធម្មជាតិ ការហាត់ប្រាណ​ធ្វើ​ឲ្យ​សម្រួល​ការតានតឹង និង​ជួយ​ឱ្យ​គេង​លក់​ស្រួល។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​បើក​ស្តាត​ឡើងវិញ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ហាត់ប្រាណ​បាន»។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ កក្កដា​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន ​២២៥​ករណី ហើយ​សាលារៀន​នានា​មាន​​គម្រោង​នឹង​បើកឡើង​វិញ​ជា​បណ្តើរៗ ​នៅដើ​មខែ​ក្រោយ​នេះ។

អ្នកស្រី មាន រស្មី ពលរដ្ឋ​រស់នៅ​ក្បែរ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​និយាយថា ផ្ទះ​របស់អ្នកស្រី​តូច​ចង្អៀត មិន​អាច​ដើរ​ហាត់ប្រាណ​តាមផ្លូវ​ដែល​ពោរពេញ​ដោយ​ចរាចរណ៍​បានទេ ចំណែក​ចិញ្ចើម​ថ្នល់​ពេញ​ដោយ​ចំណត​ម៉ូតូ និង​ឡាន​។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ឲ្យ​ពហុកីឡាដ្ឋានជាតិអូឡាំពិក​បើក​ដំណើរ​ការឡើងវិញ ដូច្នេះ​អ្នកស្រី និង​ក្រុមគ្រួសារ​ នឹង​អាច​ទៅ​ហាត់​ប្រាណ​នៅ​ពេល​ល្ងាច និង​ចុង​សប្តាហ៍​បាន​។

អ្នកស្រី​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ស្តាត​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ ឲ្យ​មនុស្ស​បាន​ទៅ​ហាត់ប្រាណ​បំបាត់​ភាព​តានតឹង និង​ឱ្យ​គេមា​ន​កន្លែង​ហាត់ប្រាណ​ល្អមួយ»៕