គិតត្រឹមថ្ងៃទី២៤ ខែកក្កដា គ្រួសារដែលមានបណ្ណក្រីក្រចំនួនជាង៥៣ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងពេលជំងឺកូវីដ១៩ សរុបជាទឹកប្រាក់ប្រមាណជា២៣លានដុល្លារអាមេរិក។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច និងអតីតយុវជននីតិសម្បទា ចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បង្ហាញថា គ្រួសារក្រីក្រដែលទទួលបានប្រាក់ឧបត្ថម្ភសរុបមានចំនួន៥៣០,៨៣៨គ្រួសារ គិតជាសមាជិកមានចំនួន២,១៥៣,១១៤នាក់ ក្នុងនោះបានបែងចែកជាពីរកម្រិត គឺគ្រួសារក្រីក្រកម្រិត១មានចំនួន១៩៨,៦៣១ និងគ្រួសារក្រីក្រកម្រិត២មានចំនួន ៣៣២,២០៧ គ្រួសារ។
គ្រួសារក្រីក្រទាំងជាង៥៣ម៉ឺនគ្រួសារនោះ បានទទួលសាច់ប្រាក់ពីរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងពលរដ្ឋងាយរងគ្រោះអំឡុងការកើតមានជំងឺកូវីដ១៩ ដែលគិតជា ទឹកប្រាក់ចំនួន ៩៤,៥៥,១៨៧៦,០០០ (កៅសិបបួនប៊ីលាន ប្រាំរយហាសិបមួយលាន ប្រាំបីរយចិតសិបប្រាំមួយពាន់រៀលគត់) ឬស្មើនឹងប្រមាណជា២៣លានដុល្លារអាមេរិក។
សេចក្តីជូនដំណឹងនោះសរសេរថា ៖ «ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់នៅដើមខែមិថុនារួចហើយ សូមអញ្ជើញទៅបើកនៅបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំសង្កាត់សាជាថ្មីនោះទេ»។
ចំណែកឯគ្រួសារដែលទើបតែទទួលបានបណ្ណសមធម៌ថ្មី ត្រូវទៅផ្ទៀងផ្ទាត់ឈ្មោះនៅតាមសាលាឃុំ សង្កាត់ណាមួយជាមុនសិន ដើម្បីទទួលប្រាក់ឧបត្ថម្ភ ដោយក្រសួងទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា នេះតទៅ។
បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងជាជុំៗ គឺជុំនីមួយៗមានរយៈពេល២ខែ ហើយប្រសិនបើ២ខែកន្លងផុតទៅ ស្ថានភាពជំងឺកូវីដ១៩នៅតែមិនមានភាពធូរស្រាល នោះការផ្តល់ប្រាក់ឧបត្ថម្ភនឹងបន្តធ្វើទៅជុំទី២ ហើយបន្តទៅជុំបន្តបន្ទាប់ទៀត។ ប៉ុន្តែ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩នេះធូរស្រាល នោះរដ្ឋាភិបាលនឹងបញ្ឈប់កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ។
នាយកប្រតិបត្តិសម្ពន្ធគណនេយ្យភាពកម្ពុជាលោក សន ជ័យ លើកឡើងថា លោកគាំទ្រនូវវិធានការរបស់រដ្ឋាភិបាលដែលបានដាក់ចេញកម្មវិធីនេះ។ ប៉ុន្តែលោកថា ក្នុងការផ្តល់សាច់ប្រាក់ជុំទី១នេះ លោកឃើញមានការរិះគន់លើភាពមិនប្រក្រតីមួយចំនួន។
លោកបញ្ជាក់ថា៖ «មានការរិះគន់ទៅលើលក្ខណៈសម្បត្តិពលរដ្ឋខ្លះដែលគេហៅថាមិនមែនជាអ្នកក្រពិតប្រាកដ ហើយគាត់បែរជាបានទទួលនូវបណ្ណសមធម៌។ នេះជាភាពចម្រូងចម្រាស់មួយនៅក្នុងនីតិវិធីនៃការទទួលបានបណ្ណសមធម៌សម្រាប់អ្នកក្រីក្រ ឬ ពលរដ្ឋដែលងាយរងគ្រោះក្នុងប្រភេទទី១ និងទី២»។
លោក សន ជ័យ បន្ថែមថា រដ្ឋាភិបាលគួរផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំលាយជាងនេះ និងកែលម្អរនូវនីតិវិធីមួយចំនួននៅដំណាក់កាលទី២ ដើម្បីផ្តល់បណ្ណសមធម៌ជូនពលរដ្ឋដែលក្រីក្រដោយសារជំងឺកូវីដ១៩ ពិតប្រាកដ។
លោកមានប្រសាសន៍ថា៖ « យើងក៏ចង់ឃើញនៅវិធានការបន្ទាប់ដើម្បីឲ្យមានការផ្តល់ទៅដល់អ្នកដែលងាយរងគ្រោះដំណាក់កាលទី២ ជាពិសេស គឺក្រុមដែលទើបតែរងគ្រោះដោយសារតែកូវីដ១៩ហ្នឹង»។
កាលពីថ្ងៃទី២៤ ខែមិថុនា រដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់ពលរដ្ឋចំនួនជាង៥៦ម៉ឺនគ្រួសារ។ កម្មវិធីនេះត្រូវបានក្រសួងសង្គមកិច្ច ចាប់ផ្តើមអនុវត្តន៍កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ៕