គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែកក្កដា គ្រួសារ​​ដែល​មាន​បណ្ណ​ក្រីក្រ​​ចំនួន​ជាង​៥៣ម៉ឺនគ្រួសារ ទទួល​​បាន​​ប្រាក់​​ឧបត្ថម្ភ​​ពី​រដ្ឋាភិបាល​ក្នុងអំឡុង​ពេលជំងឺកូវីដ១៩ សរុប​ជា​​ទឹក​ប្រាក់​ប្រមាណជា​​​២៣​លាន​ដុល្លារ​អាមេរិក​។

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សង្គម​កិច្ច និង​អតីត​យុវជន​នីតិ​សម្បទា ចេញ​​នៅ​ថ្ងៃទី​២៤​ ខែ​កក្កដា ឆ្នាំ​២០២០​ ​បង្ហាញ​ថា គ្រួសារ​ក្រីក្រ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សរុប​​មាន​ចំនួន​​៥៣០,៨៣៨​គ្រួសារ គិត​ជា​សមាជិក​មាន​ចំនួន​២,១៥៣,១១៤នាក់ ក្នុងនោះបានបែង​ចែក​ជា​ពីរ​កម្រិត​ គឺ​គ្រួសារ​ក្រីក្រ​​កម្រិត១មានចំនួន១៩៨,៦៣១ និង​គ្រួសារក្រីក្រ​កម្រិត២​មាន​ចំនួន ៣៣២,២០៧ គ្រួសារ។

គ្រួសារក្រីក្រទាំង​ជាង​៥៣​ម៉ឺន​គ្រួសារ​នោះ បាន​ទទួលសាច់​​ប្រាក់​ពី​រដ្ឋាភិបាល តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​អំឡុង​ការ​កើត​មាន​​ជំងឺកូវីដ១៩ ដែលគិតជា ទឹកប្រាក់​ចំនួន ៩៤,៥៥,១៨៧៦,០០០  (កៅសិបបួនប៊ីលាន ប្រាំ​រយ​ហាសិប​មួយ​លាន ប្រាំបី​រយ​ចិត​​សិប​ប្រាំមួយពាន់រៀល​គត់)  ឬ​​ស្មើ​នឹង​ប្រមាណជា​២៣​លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ជូន​ដំណឹង​នោះ​​សរសេរ​ថា ៖ «ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​នៅ​ដើម​ខែ​មិថុនា​រួច​ហើយ សូម​អញ្ជើញ​ទៅ​បើក​នៅ​បញ្ជរវីង​ណាមួយ ដោយ​មិន​តម្រូវ​ឲ្យ​មក​សាលាឃុំ​សង្កាត់​សា​​ជា​ថ្មី​នោះ​ទេ»។

ចំណែក​ឯគ្រួសារ​ដែល​ទើប​តែ​ទទួល​បាន​បណ្ណ​សមធម៌​ថ្មី ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​តាម​សាលា​ឃុំ សង្កាត់​ណាមួយ​ជាមុន​សិន ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ ដោយ​ក្រសួង​ទុក​រយៈពេល​៣០ថ្ងៃ គិតចាប់​ពីថ្ងៃទី​២៥​ ខែកក្កដា នេះ​តទៅ។

បើតាម​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ការផ្តល់​ប្រាក់​ឧបត្ថម្ភនេះ ធ្វើ​ឡើង​ជា​ជុំៗ គឺ​ជុំ​នីមួយៗ​មាន​រយៈពេល​២ខែ ហើយ​ប្រសិន​បើ​២​ខែ​កន្លង​ផុតទៅ​ ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅតែ​មិន​មាន​ភាព​ធូរស្រាល នោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​នឹង​បន្ត​ធ្វើ​ទៅ​ជុំទី២ ហើយ​បន្តទៅជុំបន្តបន្ទាប់ទៀត​។ ប៉ុន្តែ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូវីដ១៩​នេះ​ធូរស្រាល ​នោះ​រដ្ឋាភិបាល​នឹង​បញ្ឈប់​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ។​

នាយកប្រតិបត្តិសម្ពន្ធគណនេយ្យភាព​ក​ម្ពុ​ជា​លោក សន ជ័យ លើក​ឡើង​ថា លោក​គាំទ្រ​នូវ​វិធានការ​​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​​កម្មវិ​ធីនេះ។ ប៉ុន្តែ​លោក​ថា ក្នុងការ​ផ្តល់​សាច់​ប្រាក់​ជុំ​ទី​១នេះ ​លោក​ឃើញ​មានការ​​រិះ​គន់​លើ​​​ភាពមិនប្រក្រតី​មួយ​ចំនួន​។

លោកបញ្ជាក់ថា៖ «មាន​ការរិះគន់​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ពលរដ្ឋ​ខ្លះ​ដែល​គេ​ហៅ​ថា​មិនមែន​ជា​អ្នក​ក្រ​ពិត​ប្រាកដ ហើយ​គាត់បែរ​ជា​បាន​ទទួល​នូវ​បណ្ណ​​សមធម៌។ នេះ​ជា​ភាព​ចម្រូង​ចម្រាស់​មួយ​នៅ​ក្នុង​នីតិវិធី​នៃ​ការទទួល​បាន​បណ្ណសមធម៌​សម្រាប់​អ្នក​ក្រីក្រ ឬ ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ក្នុង​ប្រភេទ​ទី១ និង​ទី២»។

លោក សន ជ័យ បន្ថែម​ថា រដ្ឋាភិបាល​គួរ​ផ្សព្វផ្សាយព័ត៌មាន​ឱ្យ​បាន​ទូលំ​លាយ​ជាង​នេះ និង​កែ​លម្អរ​នូវ​នីតិវិធី​មួយ​ចំនួន​នៅ​ដំណាក់​កាលទី២ ដើម្បី​ផ្តល់​បណ្ណ​សមធម៌​ជូន​ពលរដ្ឋ​ដែល​ក្រីក្រ​ដោយសារ​ជំងឺ​កូវីដ១៩ ពិត​ប្រាកដ។

លោក​មាន​ប្រសាសន៍​ថា៖ « យើង​ក៏​ចង់​ឃើញ​នៅ​វិធាន​ការបន្ទាប់​ដើម្បី​ឲ្យ​មាន​ការផ្តល់​ទៅ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ដំណាក់​កាល​ទី២ ​ជាពិសេស គឺ​ក្រុម​ដែល​ទើប​តែ​រងគ្រោះ​ដោយសារ​តែ​កូវីដ​១៩​ហ្នឹង»។​

កាល​ពីថ្ងៃទី​២៤ ខែមិថុនា រដ្ឋាភិបាល​​បាន​​ប្រកាស​ដាក់​​ឱ្យ​​ប្រើប្រាស់​​ជា​ផ្លូវ​ការ​​នូ​វ​​កម្មវិធី​​ឧបត្ថម្ភ​សាច់​ប្រាក់​​ជូន​គ្រួសារ​ក្រីក្រ​ និង​​ងាយ​រងគ្រោះ ​ក្នុង​អំឡុង​​ពេល​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ​១៩ ដល់​ពលរដ្ឋ​​ចំនួន​​​​ជាង​៥៦​ម៉ឺន​គ្រួសារ​​។ កម្មវិធី​នេះត្រូ​វ​បាន​ក្រសួង​សង្គម​កិច្ច ចាប់ផ្តើម​អនុវត្តន៍​កាល​ពីថ្ងៃទី២៥ ខែមិថុនា កន្លង​ទៅ៕