(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​ការការពារ​ជំងឺ​កូវីដ១៩ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក​ចំនួន​០៥ថ្ងៃ​ខាងមុខ បើ​ទោះ​បី​​​កម្ពុជា​មិន​ទាន់​​មាន​ករណី​ឆ្លង​ក្នុងសហគមន៍។

កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ ក្រសួងសុខាភិបាល ​ជូនដំណឹងដល់សាធារណៈជន សម្រាប់​ថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ គឺនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែល​ជា​ការ​ឈប់​សម្រាក ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លើក​ការឈប់​សម្រាក​​ កាល​ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅដោយសារបញ្ហាកូវីដ១៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​ថ្ងៃ​២៧ ខែ​កក្កដា ឆ្នាំ​២០២០ ​ឲ្យ​ដឹង​ថា ការអនុញ្ញាត​ឱ្យ​ឈប់សម្រាកក្នុងរយៈពេលយូរ​ ប្រជាពលរដ្ឋ នឹង​អាច​ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត ឬ​ក៏​អាច​ដើរ​លេង​កំសាន្ត​ផង​ដែរ ដូ​ច្នេះ​ក្រសួងណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ការការពា​រ​ការ​ចម្លង​​​ជំងឺ​កូវីដ១៩​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ទៅ​តាម​ការណែនាំ​របស់​ក្រសួង។

ក្រសួង​បញ្ជាក់​ថា៖ «យើង​មិន​ត្រូវ​មាន​ការធ្វេស​ប្រហែស ដោយ​ត្រូវ​ការពារ​ខ្លួន តាម​ការណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​មើល​រំលង​នូវ​លទ្ធភាព​នៃ​ការចម្លង​រហ័ស​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​នឹង​អាច​កើត​មាន​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់»។

នាយិការ​ប្រតិបត្តិ​អង្គការឆេក (CHEC) លោក​​ស្រី កាសែម កុលណារី ​លើកឡើងថា ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្ត​ទុក​ដាក់​​​ថែរទាំ​សុខភាព​​ដើម្បី​ឱ្យ​ផុ​ត​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ មិនត្រូវ​មាន​ការធ្វេស​ប្រហែស និង​​​ត្រូវ​​ធ្វើ​​តាម​​ការណែនាំ​​របស់​​ក្រសួង​សុខាភិបាល​។ លោកស្រី​បន្ថែមថា ក្នុង​ពេល​មាន​ការ​​​ឈប់​សម្រាក​ជំនួស​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ ក្រសួងបា​ន​​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ច្រើន នូវ​វិធី​បង្ការ​ជំងឺ​កូវីដ​១៩ តាមរយៈ​ទូរទស្សន៍ និង​វិទ្យុ កុំ​ឱ្យ​មាន​ការឆ្លង​ទៅ​ដល់​សហគមន៍។

លោកស្រីបញ្ជាក់ថា៖ «ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ក្នុង​ការទប់ស្កាត់​នៃ​ការចម្លង​ជំងឺ​កូវីដ​១៩​ហ្នឹង យើង​ត្រូវ​ចូលរួម​អនាម័យ មាន​ការពាក់​ម៉ាស​ឱ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​ធ្វេស​ប្រហែស យើង​ត្រូវ​អនុវត្ត​ជា​ប្រចាំ ត្រូវ​រក្សា​គ​ម្លាត​»។

បើ​តាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល​ គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០២០ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប ​មាន​២២៦​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន១៤៧នាក់​​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​៧៧នាក់៕​