(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តការការពារជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃខាងមុខ បើទោះបីកម្ពុជាមិនទាន់មានករណីឆ្លងក្នុងសហគមន៍។
កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ ក្រសួងសុខាភិបាល ជូនដំណឹងដល់សាធារណៈជន សម្រាប់ថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ គឺនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលជាការឈប់សម្រាក ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់ពីរដ្ឋាភិបាលបានលើកការឈប់សម្រាក កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅដោយសារបញ្ហាកូវីដ១៩។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងថា ការអនុញ្ញាតឱ្យឈប់សម្រាកក្នុងរយៈពេលយូរ ប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ឬក៏អាចដើរលេងកំសាន្តផងដែរ ដូច្នេះក្រសួងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តការការពារការចម្លងជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួង។
ក្រសួងបញ្ជាក់ថា៖ «យើងមិនត្រូវមានការធ្វេសប្រហែស ដោយត្រូវការពារខ្លួន តាមការណែនាំឱ្យបានត្រឹមត្រូវ ហើយមិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងរហ័សនៃវីរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់»។
នាយិការប្រតិបត្តិអង្គការឆេក (CHEC) លោកស្រី កាសែម កុលណារី លើកឡើងថា ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរទាំសុខភាពដើម្បីឱ្យផុតពីការឆ្លងជំងឺកូវីដ១៩ មិនត្រូវមានការធ្វេសប្រហែស និងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកស្រីបន្ថែមថា ក្នុងពេលមានការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ ក្រសួងបានផ្សព្វផ្សាយឱ្យពលរដ្ឋបានច្រើន នូវវិធីបង្ការជំងឺកូវីដ១៩ តាមរយៈទូរទស្សន៍ និងវិទ្យុ កុំឱ្យមានការឆ្លងទៅដល់សហគមន៍។
លោកស្រីបញ្ជាក់ថា៖ «ប្រជាពលរដ្ឋត្រូវចូលរួមក្នុងការទប់ស្កាត់នៃការចម្លងជំងឺកូវីដ១៩ហ្នឹង យើងត្រូវចូលរួមអនាម័យ មានការពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស យើងត្រូវអនុវត្តជាប្រចាំ ត្រូវរក្សាគម្លាត»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប មាន២២៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៤៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន៧៧នាក់៕