(ភ្នំពេញ)៖ ក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិចំនួនបួននាក់ ក្នុងចំណោម៨០នាក់ ដែលត្រឡប់មកពីប្រទេសម៉ាលី រកឃើញមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីពួកគេមកដល់កម្ពុជាកាលពីថ្ងៃ១០ ខែកក្កដា និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាចេញនៅថ្ងៃទី២៩ ខែកក្កដា នេះបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧នាក់ ក្នុងនោះ៤នាក់ មកពីប្រទេសម៉ាលី និង៣នាក់ទៀតមកពីប្រទេសឥណ្ឌូនេស៊ី។ ក្រសួងបន្ថែមថា បុរស៤នាក់ដែលមកពីប្រទេសម៉ាលី គឺជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ ដែលទើបត្រឡប់មកដល់កម្ពុជាវិញកាលពីថ្ងៃទី១០ ខែកក្កដា ជាមួយទាហានមួកខៀវចំនួន៧៦នាក់ទៀត។
ក្រសួងបញ្ជាក់ថា៖ «ពួកគាត់ជាក្រុមមួកខៀវអង្គការសហប្រជាជាតិ ដែលសរុបមាន៨០នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ក្រៅពីអ្នកជំងឺ ក្រុមនេះត្រូវបានបន្តដាក់ឲ្យធ្វើចត្តាឡីស័ក [នៅដាច់ដោយឡែក] នៅមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ»។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែលបញ្ជាក់ថា ក្រៅពីទាហានមួកខៀវអង្គការសហប្រជាជាតិទាំង៤នាក់ នៅថ្ងៃទី២៨ ខែកក្កដា នេះ កម្ពុជាក៏បានរកឃើញមានអ្នកឆ្លងជំងឺនេះចំនួន៣នាក់ផ្សេងទៀត ដែលជាបុរសខ្មែរធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ជាមួយអ្នកដំណើរចំនួន៥៦នាក់ផ្សេងទៀត កាលពីថ្ងៃទី២៣ ខែកក្កដា។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានបន្តដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលកងទ័ពអាកាស រាជធានីភ្នំពេញ។
គិតត្រឹមនៅថ្ងៃទី២៩ ខែកក្កដា នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន២២៣នាក់ ក្នុងនោះ អ្នកព្យាបាលបានជាសះស្បើយចំនួន១៥៤នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន៧៧នាក់។
រដ្ឋាភិបាលកម្ពុជានៅសប្តាហ៍នេះ បានសម្រេចផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ធ្វើដំណើរមកពីប្រទេសទាំងពីរនេះជាបន្តបន្ទាប់៕