(ភ្នំពេញ)៖ បន្ទាប់ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​អំពី​ការ​តែង​តាំង​​កូនប្រុស​របស់​លោក អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​​ជនបទ ធ្វើ​ជា​រដ្ឋលេខាធិការ​ក្នុង​ក្រសួង​ជាមួយ​គ្នា ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​​សង្គម​យល់​ឃើញ​​​ថា នេះ​ជា​ការ​បង្ហាញ​អំពី​កង្វះ​តម្លា​ភាព​ក្នុង​ការ​តែងតាំង​មន្រ្តី ក្នុង​ជួរ​រដ្ឋា​ភិបាល។​

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី២៣ ​ខែកក្កដា ព្រះ​មហាក្សត្រ​បាន​តែងតាំង​​​លោក អ៊ុក ពញ្ញា ជា​រដ្ឋ​លេខា​ធិការ​​​ក្រសួង​​​អភិវឌ្ឍន៍​​ជន​បទ។ ​សារព័ត៌មាន​ក្នុង​ស្រុក​​មួយ​ចំនួន​បាន​ផ្សាយ​ថា រដ្ឋលេខាធិការ​ថ្មីរូប​​នេះ​ត្រូវ​ជា​កូនប្រុរស​របស់​​លោក អ៊ុក រ៉ាប៊ុន ដែល​មាន​តូនាទី​ជា​រដ្ឋមន្រ្តី​​នៃ​ក្រសួង​មួយ​នេះ​ផ្ទាល់​។

ប្រធាន​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​​ លោក អ៊ឹម នរិន្ទ លើកឡើង​ថា ការដាក់​បញ្ចូល​ក្រុម​គ្រួសារ​​របស់​មន្រ្តី​ខ្លួនឯង​ក្នុង​ជួរ​រដ្ឋាភិបាល បង្ហាញ​អំពី​កង្វះ​តម្លា​ភាព​ និង​​បង្ហាញ​អំពី​ទំនាស់​ផល​ប្រយោជន៍​ក្នុង​​ស្ថាប័ន​។​

លោកបញ្ជាក់​ថា៖ «វា​គាប់​ជួន​ពេក​ ដោយសារ​ឳពុក​នៅ​ហ្នឹង ហើយ​កូនឡើង​តួនាទី​នៅ​គៀក​ក្បែរ​ឳពុក​តែ​ម្តង។​អ្វី​បែប​ហ្នឹង​យើង​គិត​ថា​មិន​សូវ​ជា​ល្អ​ទេ។ យើង​ដឹង​ស្រាប់​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង គឺ​ទាក់ទង​ការបង្ហាញ​តម្លាភាព ការជ្រើសរើស​ដែល​ផ្តោត​ទៅ​លើ​សមត្ថភាព។ លក្ខណៈ​គុណ​ស​ម្បត្តិ​​ហ្នឹង​ អ​ត់មាន​បង្ហាញ​ច្បាស់​លាស់​ទេ»។​

លោក នរិន្ទ បន្ថែម​ថា ការជ្រើសរើស​បុគ្គល​ណាម្នាក់​មក​កាន់​មុខ​តំណែង ណាមួយ ត្រូវ​ជ្រើសរើស​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ ពេញ​លេញ​ ជាជាង​ការឡើង​មក​កាន់​តំណែង​ទាំង​នោះ​តាមរយៈ​ខ្សែស្រឡាយ។ លោកថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​គួ​រតែ​មា​នឱ​កាស​សម្រេច​ក្តី​ស្រមៃរៀ​ងៗ​ខ្លួន។

លោក​បន្ថែមថា៖ «យើង​​សង្ឃឹម​​ថា រាជ​​រដ្ឋាភិបាល​​ត្រូវ​​គិ​តគូរ​​ឡើងវិញ ​ទោះ​បី​ជា​មាន​​ដាក់​បញ្ចូល​​គេ​ហៅ​​ថា​អ្នក​ជំនាន់​ក្រោយ យើ​ង​មិន​បដិសេធ​ទេ ដំណើរ​ការនៃ​ការដាក់​បញ្ចូល​គួរ​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង ឲ្យ​​បាន​ទូលំ​ទូលាយ ហើយ​តម្លាភាព​ទៅ​លើ​សមត្ថភាព»។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​លោក អ៊ុក រ៉ាប៊ុន បដិសេធ​មិនធ្វើ​អត្ថា​ធិប្បាយ ដោយ​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា៖ «សួររដ្ឋាភិបាល ខ្ញុំអត់ដឹងទេ»។

អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន ​មានប្រសាសន៍​ថា រដ្ឋមន្រ្តីនៃ​ក្រសួង​ណាមួយ មានសិទ្ធិ​​តែង​តាំង​នរណាម្នាក់​ដើម្បី​ធ្វើ​ការងារ​ជាមួយ​គ្នា។ លោក​បន្តថា មន្ត្រី​ដែល​ជ្រើសរើស​ដោយ​រដ្ឋមន្រ្តី​នៃ​ក្រសួង​ណាមួយ មិន​ត្រូវ​បាន​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​នោះ​ឡើយ​ ដោយថា ពួកគេ​ជា​មន្ត្រី​នយោ​បាយ ។

លោកបញ្ជាក់​ថា៖ «ការតែងតាំង​​ជា​​បុព្វសិទ្ធិ​​ដែ​ល​បង្ហាញ​អំពី​សមត្ថភាព ​និង គុណ​វឌ្ឍន៍​របស់​បុគ្គល​ណាមួយ​ ហើយ​បុគ្គល​ហ្នឹង​គេ​មិន​រើស​អើង​ជា​កូន ជា​ចៅ ជា​ក្មួយ​ទេ ការតែងតាំង​ហ្នឹង។ ការតែង​តាំង​ហ្នឹង​ជា​មន្ត្រី​នយោបាយ មិនមែន​ជា​មន្រ្តី​ក្នុង​ប្រអប់​ទេ»។

ប្រធាន​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​​ លោក អ៊ឹម នរិន្ទ បញ្ជាក់ថា ​ក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​ចាប់​ពី​ឆ្នាំ២០១៨​មក មាន​ការចាត់​តាំង​ខ្សែ​ស្រឡាយ​ ក្រុម​គ្រួសារ​មន្រ្តី​​មួយ​ចំនួន​​ជាប្រព័ន្ធ និងស្ទើរ​តែ​គ្រប់​ក្រសួង៕​