(ភ្នំពេញ)៖ ពលករកម្ពុជាជាង១០ម៉ឺននាក់ ដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយប្រទេសទាំងនោះកំពុងរិតបន្តឹង ឬបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោក ស ខេង ថ្លែងបែបនេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា។
លោកលើកឡើងថា ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងរាតត្បាតជំងឺកូវីដ១៩ មានប្រមាណ ១០,៣០០០នាក់។ លោកថា អាជ្ញាធរក៏បានជួយសង្គ្រោះពលករដែលវិលត្រឡប់មកវិញ ដោយព្យាយាមឆ្លងដែនខុសច្បាប់ និងតាមច្រកមិនផ្លូវការ ទៅកាន់ប្រទេសទាំងនោះវិញផងដែរ។
លោក ស ខេង បន្ថែមថា ក្នុងអំឡុងស្ថានភាពជំងឺកូវីដ១៩បែបនេះ នឹងមិនអាចបញ្ចប់ដោយឆាប់នោះទេ ហើយថា ករណីនេះក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ដែលចាំបាច់ត្រូវមានកិច្ចការពារពលករ និងទេសន្តរប្រវេសន៍ គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ។
«នៅក្នុងដំណាក់កាលបច្ចុប្បន្ន ការធ្វើទេសន្តរប្រវេសន៍ រឹតតែត្រូវប្រឈមយ៉ាងខ្លាំង ដោយហេតុថា ការរាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ព្រមជាមួយគ្នានេះ ប្រទេសមួយចំនួនបាននិងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មី យ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ ស្ថានភាពនេះ»។
លោក ឌី ថេហូយ៉ាង មន្ត្រីកម្មវិធីនៃអង្គការសង់ត្រាល់លើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើទេសន្តរប្រវេសន៍ភាគច្រើនខ្វះការងារធ្វើនៅស្រុកខ្មែរ ជាហេតុត្រូវមានការពិចារណាទៅលើឱកាសការងារនៅក្នុងស្រុក កុំផ្តល់ឱកាសឱ្យជនបរទេស ខណៈពេលដែលប្រជាពលរដ្ឋខែ្មរ ទៅចំណាកស្រុកទៅរកការងារនៅស្រុកគេ។
លោកបញ្ជាក់ថា៖ «រដ្ឋត្រូវតែអនុវត្តយន្តការគាំពារសង្គមនៅពេលដែលគាត់ត្រឡប់មកវិញ នៅពេលដែលគាត់ធ្វើការងាររបស់គេ ហើយយកអាជំនាញរបស់គាត់បម្រើការនៅស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាប្រាក់ចំណូលសម្រាប់មកពីស្រុកគេមកខ្មែរវិញ»។
បើតាមរបាយការណ៍លទ្ធផលនៃសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញកាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៨ បង្ហាញថា រដ្ឋាភិបាលកម្ពុបានផ្តល់សេវាស្វែងរកការងារធ្វើនៅក្រៅប្រទេសដល់ពលរដ្ឋចំនួនជាង១,២លាននាក់។ ក្នុងចំណោមពលករទាំង១,២លាននាក់នោះ កម្ពុជាបានបញ្ជូនពលករទៅប្រទេសថៃចំនួនជាង១លាននាក់ កូរ៉េខាងត្បូងចំនួន៤ម៉ឺននាក់ ជប៉ុនចំនួន៦ពាន់នាក់ ម៉ាឡេស៊ីចំនួន៣ម៉ឺននាក់ សិង្ហបុរីជិត៥០០នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុងចាប់ផ្ដើមទទួលពលការិនីចំនួន១៥នាក់៕