(ភ្នំពេញ)៖ ពលករ​កម្ពុជា​ជាង​១០​ម៉ឺននាក់ ដែល​ចំណាក​ស្រុក​ទៅធ្វើការ​នៅក្រៅប្រទេស ​បាន​វិល​ត្រឡប់​មក​​កម្ពុជា​​វិ​ញ​ ក្រោយ​ប្រទេស​ទាំង​នោះ​​កំពុង​រិត​បន្តឹង ឬ​បិទ​ប្រទេស ដើម្បី​កាត់​បន្ថយ​ការឆ្លង​​ជំងឺ​កូវីដ​១៩។ នេះ​​បើ​​តាម​ការ​បញ្ជាក់​​របស់​លោក​​ ស ខេង រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។

លោក ស ខេង ថ្លែង​បែប​នេះ​ក្នុង​សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី​កតិកា​សញ្ញា​ពិភព​លោក​សម្រាប់​ទេសន្តរ​​ប្រវេសន៍​​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់ កាល​ពី​ថ្ងៃទី៣០​ ខែកក្កដា។ ​

លោក​លើកឡើងថា ​​ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មាន​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​ពី​ការធ្វើ​ទេសន្តរ​ប្រវេសន៍ ក្នុង​អំឡុង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ មាន​ប្រមាណ ១០,៣០០០​នាក់។ លោក​​ថា  អាជ្ញាធរ​ក៏​បាន​ជួយ​សង្គ្រោះ​ពលក​រ​ដែល​វិល​ត្រឡប់​មកវិញ ដោយ​ព្យាយាម​ឆ្លង​ដែន​​ខុស​ច្បាប់ និង​តាម​ច្រក​មិន​ផ្លូវ​ការ ទៅ​កាន់​ប្រទេស​ទាំង​នោះ​វិញ​ផង​ដែរ។​​

លោក ស ខេង បន្ថែមថា ក្នុង​អំឡុង​ស្ថានភាព​ជំងឺ​កូវីដ​១៩​បែបនេះ នឹង​មិន​អាច​បញ្ចប់​ដោយ​ឆាប់​នោះ​ទេ ហើយ​ថា ករណី​នេះ​ក៏​អាច​អូសប​ន្លាយ​បន្ត​ទៀត​ក្នុង​រយៈពេល​វែង ដែល​ចាំបាច់​ត្រូវ​មាន​កិច្ចការពារ​ពលករ និង​ទេសន្តរ​ប្រវេសន៍​ គឺជា​កិច្ចការ​ដ៏​ចាំបាច់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំងក្លា​ពី​ប្រទេស​ដើម និង​ប្រទេស​គោល​ដៅ​។

«នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន ការធ្វើ​ទេសន្តរ​ប្រវេសន៍ រឹតតែ​ត្រូវ​ប្រឈម​យ៉ាង​ខ្លាំង ដោយ​ហេតុ​ថា ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅមិ​នទាន់​ស្ងប់ស្ងាត់​នៅឡើ​យ ព្រម​ជាមួយ​គ្នា​នេះ ប្រទេស​មួយ​ចំនួន​បាន​និងកំ​ពុង​តែកើនឡើងនូវចំនួនអ្នកឆ្លងថ្មី យ៉ាង​ច្រើន​លើស​លប់​ជារៀង​រាល់ថ្ងៃ ស្ថាន​ភាព​នេះ»។

លោក ឌី ថេហូយ៉ាង មន្ត្រីកម្មវិធីនៃអង្គការសង់ត្រាល់​លើក​ឡើង​ថា​ ប្រជាពល​រដ្ឋ​កម្ពុជា ដែល​ធ្វើ​ទេសន្ត​រ​ប្រវេសន៍​ភាគច្រើន​ខ្វះ​ការងា​រ​ធ្វើ​​នៅ​​ស្រុក​ខ្មែរ ជាហេតុ​ត្រូវ​មាន​​​ការ​ពិចារណា​ទៅ​លើ​ឱកាសការងារ​នៅក្នុងស្រុក កុំផ្តល់ឱ​កាស​ឱ្យ​ជ​ន​បរទេស ខណៈពេល​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ ទៅ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅស្រុក​គេ។

លោក​បញ្ជាក់​ថា៖ «រដ្ឋ​ត្រូវ​តែ​អនុវត្ត​យន្តការ​គាំពារសង្គម​នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ នៅ​ពេល​ដែល​គាត់​ធ្វើការងារ​របស់​គេ ហើយ​យក​អា​ជំ​នាញ​របស់​គាត់​​បម្រើការ​នៅ​ស្រុក ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ ក៏ដូចជា​ប្រាក់​ចំណូល​សម្រាប់​មក​ពី​ស្រុក​គេ​មក​ខ្មែរ​វិញ»។ ​​

បើតាម​របាយ​ការណ៍​លទ្ធ​ផល​​នៃ​​សន្និបាត​​បូ​កសរុប​​ការងារ​​របស់​​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​ចេញ​​កាល​ពីថ្ងៃទី​១៣ ​ខែ​មីនា​ឆ្នាំ​២០១៨​ បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារធ្វើ​នៅ​ក្រៅ​ប្រទេស​ដល់​ពលរដ្ឋចំនួន​ជាង​១,២​លាន​នាក់។ ​ក្នុង​ចំណោម​ពលករ​ទាំង​​១,២​​លាន​​នាក់​​នោះ ​កម្ពុជា​​​បាន​​បញ្ជូន​​ពលករ​​ទៅ​​ប្រទេស​​ថៃ​​ចំនួន​​ជាង​១​លាន​នាក់​ ​កូរ៉េ​ខាង​ត្បូង​ចំនួ​ន​​៤​ម៉ឺន​នាក់​ ​ជប៉ុន​ចំនួន​​៦​ពាន់​​នាក់ ​ម៉ាឡេស៊ី​​ចំនួន​​៣​ម៉ឺននាក់​ ​​សិង្ហ​បុរី​​ជិត​​៥០០​​នាក់ ​និង​តំបន់​​រដ្ឋបាល​​ពិសេស​ហុងកុង​​ចាប់ផ្ដើម​ទទួល​​ពល​ការិនី​​ចំនួន​​១៥​នាក់៕