អង្គការសង្គមស៊ីវិលចំនួន៨០ បានអំពាវនាវទៅកាន់រដ្ឋាភិបាលឱ្យដកសិទ្ធិក្រុមហ៊ុនឯកជនមួយចេញពីការអភិវឌ្ឍនៅតំបន់កោះកុងក្រៅ ដោយថា ការអភិវឌ្ឍនោះមានការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ។
សេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី៣១ ខែកក្កដា របស់ក្រុមយុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ចំនួន៨០ស្ថាប័នរួមមាន ចលនាយុវជនមាតាធម្មជាតិ បណ្តាញយុវជនកម្ពុជា និងអង្គការលីកាដូជាដើម បានស្នើរទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យដកសិទ្ធិក្រុមហ៊ុនអេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG S E ZCO., LTD.) ចេញពីការអភិវឌ្ឍន៍នៅតំបន់កោះកុងក្រៅទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍នោះសរសេរថា៖ «ការផ្ដល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឍន៍កោះកុងក្រៅ និងអាចផ្ដល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អគារលើឆ្នេរសមុទ្រ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការបាត់បង់សោភ័ណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល»។
សកម្មជនចលនាយុវជនមាតាធម្មជាតិ កញ្ញា ឡុង រស្មី បានឱ្យដឹងថា ក្រុមហ៊ុន អេស អ៊ី ហ្ស៊ិត គឺជារបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលកញ្ញាថា កន្លងមកការអភិវឌ្ឍរបស់ឧកញ៉ារូបនេះមិនបានផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋនោះទេ។
កញ្ញាបន្តថា កញ្ញាព្រួយបារម្ភចំពោះការយកតំបន់កោះកុងក្រៅទៅអភិវឌ្ឍន៍ ថាអាចនឹងមានការកាប់បំផ្លាញព្រៃឈើ បាត់បង់ជម្រកសត្វព្រៃ និងការបំពុលបរិស្ថានដោយទឹកកខ្វក់ជាដើម។
រស្មីបន្ថែមថា ក្រុមកញ្ញានឹងបន្តសកម្មភាពទាមទារឱ្យមានការដកសិទ្ធិក្រុមហ៊ុននេះចេញ បើរដ្ឋាភិបាលមិនមានចំណាត់ការទេនោះ។
កញ្ញាបញ្ជាក់ថា៖ «យើងមានការព្រួយបារម្ភថា អាចនឹងមានការកាប់បំផ្លាញព្រៃឈើច្រើន ហើយនឹងមានការសង់អគាររំលោភលើដីឆ្នេរ អាចនឹងមានការបង្ហូរទឹកលូចូលក្នុងសមុទ្រ ហើយនិងការសង់អគារធ្វើអីៗ។ ទាំងអស់ហ្នឹងអាចនឹងប្រើគ្រឿងចក្រ ធ្វើឲ្យមានប៉ះពាល់ទៅដល់សត្វដែលរស់នៅលើហ្នឹង»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា លោកគាំទ្រចំពោះការអភិវឌ្ឍ ប៉ុន្តែលោកថា ការអភិវឌ្ឍទៅលើតំបន់កោះកុងក្រៅ គួរតែផ្តល់សិទ្ធិឱ្យសហគមន៍នៅតំបន់នោះជាអ្នកធ្វើវិញ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ ជាជាងការប្រគល់ទៅឱ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍។
លោក សំអាត មានប្រសាសន៍ថា៖ «យើងមិនជំទាស់ទេការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍវាមិនមែនតែដើម្បីប្រគល់ឱ្យទៅលើក្រុមហ៊ុនអភិវឌ្ឍន៍ទេ។ យើងអាចធ្វើការអភិរក្សហើយប្រគល់ទៅឱ្យសហគមន៍មូលដ្ឋានគាត់ធ្វើការអភិវឌ្ឍ ហើយរដ្ឋជាអ្នកជួយរៀបចំបន្ថែមទៅជាតំបន់អេកូទេសចរណ៍ ឬក៏ជីវៈចម្រុះដើម្បីទទួលភ្ញៀវទេសចរណ៍ក៏សំខាន់ដែរសម្រាប់ធ្វើការអភិវឌ្ឍ»។
អ្នកនាំពាក្រក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេលេក្រាមនៅថ្ងៃចន្ទនេះថា ថា ការទាមទាររបស់ក្រុមសង្គមស៊ីវិលទាំងនោះ គឺជាចេតនានយោបាយទុច្ចរិត។ លោកថា ពួកគេមានបំណងបង្កចលាចលដល់សង្គម ក្រោមរូបភាពជាអ្នកស្រលាញ់បរិស្ថាន។
លោកបញ្ជាក់ថា៖ «ការធ្វើយុទ្ធនាការណាមួយដោយយកបញ្ហាបរិស្ថានមកធ្វើជាលេសក្នុងការញុះញង់បង្ក គឺជារបៀបវារៈនយោបាយទុច្ចរិត ហើយពួកគេមិនគួរមានជំងឺតួឯកថាមានតែខ្លួនជាអ្នកស្រលាញ់បរិស្ថាន និងធនធានធម្មជាតិឡើយ»។
កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយដែលមានរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ ជាប្រធានដើម្បីត្រួតពិនិត្យការអភិវឌ្ឍរបស់ក្រុមហ៊ុន អេស អ៊ី ហ្ស៊ិត ទៅលើតំបន់កោះកុងក្រៅទាំងមូល។
បើតាមលោក នេត្រ ភក្រ្តា គណៈកម្មការដែលបង្កើតដោយរដ្ឋាភិបាល កំពុងត្រួតពិនិត្យអំពីផលប៉ះពាល់របស់ក្រុមហ៊ុន ដើម្បីកំណត់តំបន់សម្រាប់អភិរក្ស និងតំបន់ដែលត្រូវអភិវឌ្ឍន៍។ លោកបន្ថែមថា ក្រសួងបរិស្ថានបានសហការជាមួយ ក្រសួង២ទៀត រួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីកំណត់តំបន់នោះ។
សម្រាប់កញ្ញា ឡុង រស្មី ដែលជាយុវជនមាតាធម្មជាតិ លើកឡើងថា កញ្ញានៅតែទាមទារឱ្យមានការដកអាជ្ញាបណ្ណចេញពីក្រុមហ៊ុន បើទោះបីជា រដ្ឋាភិបាលបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យក៏ដោយ។ កញ្ញាថា រហូតមកដល់ពេលនេះគណៈកម្មការនោះមិនបានបង្ហាញព័ត៌មានជាសាធារណៈប្រាប់ពលរដ្ឋជានោះទេ ហើយថា កញ្ញាមិនទុកចិត្តគណៈកម្មការដែលរដ្ឋាភិបាលបង្កើតនោះឡើយ។
កញ្ញានិយាយថា៖ «និយាយរួមទៅគឺយើងអត់មានការទុកចិត្តជាមួយនឹងការបង្កើតគណៈកម្មការហ្នឹងមកទេ ហើយ ការធ្វើការរបស់គាត់ចាប់ពីថ្ងៃបង្កើតដល់ឥឡូវយើង ក៏មិនដឹងថាគាត់ធ្វើអីបានខ្លះ ព្រោះថា គ្មានការបង្ហោះជាព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋឱ្យបានឃើញ»។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរក្នុងខេត្តកោះកុងបានចាប់យកកង់របស់ក្រុមសកម្មជនបរិស្ថាន ក្នុងពេលដែលពួកគេធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុង មកភ្នំពេញក្នុងគោលបំណងយកញ្ញត្តិជូនលោកនាយករដ្ឋមន្រ្តី ដើម្បីដាក់តំបន់កោះកុងក្រៅជាតំបន់អភិរក្សធម្មជាតិផងដែរ។
បើតាមគេហទំព័ររបស់មន្ទីទេសចរណ៍ខេត្តកោះកុង កោះកុងក្រៅជាកោះធំជាងគេក្នុងប្រទេសកម្ពុជា ហើយខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃ។ កោះនេះមានផ្ទៃដីសរុប ១០៣គីឡូម៉ែត្រការ៉េ និងមានទទឹង៧គីឡូម៉ែត្រ បណ្តាយប្រហែល២២គីឡូម៉ែត្រ៕