អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨០​ បាន​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​ដក​សិទ្ធិ​ក្រុមហ៊ុន​ឯកជន​មួយ​ចេញ​ពី​ការអភិវឌ្ឍ​នៅ​តំ​បន់​កោះកុង​ក្រៅ ដោយ​​ថា ​ការអភិវឌ្ឍ​នោះ​មាន​ការគំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ ។

សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ថ្ងៃទី៣១ ​ខែ​កក្កដា ​របស់​ក្រុម​យុវជន ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួ​ន​៨០​ស្ថាប័ន​រួម​មាន​ ចលនា​​យុវជន​មាតា​ធម្មជាតិ​  បណ្តាញ​យុវជន​កម្ពុជា និង​អង្គការលីកាដូជាដើម បានស្នើរទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យដកសិទ្ធិក្រុមហ៊ុនអេស អ៊ី ហ្ស៊ិ​ត ខូ​អិ​លធី​ឌី (KOH KONG S E ZCO., LTD.) ចេញពីការអភិវឌ្ឍន៍នៅតំបន់កោះកុង​ក្រៅ​ទាំងមូល​។

ក្នុងសេចក្តីថ្លែងការណ៍​នោះ​សរសេរថា៖ «ការផ្ដល់​​សិទ្ធិ​​ឱ្យ​ទៅ​​ក្រុមហ៊ុន​​មួយ​នេះ​​ដើម្បី​​អភិ​វ​ឌ្ឍ​ន៍​កោះកុង​​ក្រៅ និង​​អាច​​ផ្ដល់​​ជា​ការ​គំរាម​​គំហែង​​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​​ធនធាន​​ធម្មជាតិ​​នៅ​លើ​​កោះ​និង​​ជីវៈ​ចម្រុះ​​ក្នុង​​សមុទ្រ ការកាប់​បំផ្លាញ​​ព្រៃឈើ ការ​បរបាញ់​​សត្វព្រៃ ការសាងសង់​​អគារ​​លើ​ឆ្នេរ​សមុទ្រ ការបង្ហូរ​​ទឹក​​កខ្វក់​​ចូល​​សមុទ្រ ការបាត់បង់​​សោភ័ណភាព​​ធម្មជាតិ​​នៃ​​កោះ និង​ការបាត់​បង់​​ប្រយោជន៍​​ស​ម្រា​​ប់​​ប្រជាជន​​ខ្មែរ​​ទាំង​មូល»។

សកម្មជន​ចលនា​យុវជន​មាតា​ធម្មជាតិ កញ្ញា ឡុង រស្មី បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន អេស អ៊ី ហ្ស៊ិ​ត គឺជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែលកញ្ញា​ថា ​កន្លង​មក​​ការអភិវឌ្ឍ​របស់​ឧកញ៉ា​រូបនេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​ដ​ល់​ប្រជាពលរដ្ឋ​នោះ​ទេ។

កញ្ញាបន្ត​ថា កញ្ញា​​​ព្រួយបារម្ភ​​ចំពោះ​ការយក​​តំបន់​​កោះកុង​​ក្រៅ​​ទៅ​​អភិវឌ្ឍន៍ ថា​អាច​នឹង​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ បាត់បង់​ជម្រក​សត្វព្រៃ និង​ការ​បំពុល​បរិស្ថាន​ដោយ​ទឹក​កខ្វក់​ជា​ដើម។

រស្មី​បន្ថែម​ថា ក្រុម​កញ្ញា​នឹង​បន្ត​សកម្មភាព​ទាមទារ​ឱ្យ​មាន​ការដក​សិទ្ធិ​ក្រុមហ៊ុន​នេះ​ចេញ បើ​រដ្ឋាភិបាល​មិន​មាន​ចំណាត់ការទេ​នោះ។

កញ្ញា​បញ្ជាក់​ថា៖ «យើង​មាន​ការព្រួយ​បារម្ភ​ថា អាច​នឹង​មាន​ការកាប់​បំផ្លាញព្រៃឈើច្រើ​ន​ ហើយ​នឹង​មាន​ការសង់​អគាររំលោភ​លើ​ដី​ឆ្នេរ អាច​នឹង​មាន​ការបង្ហូរ​ទឹក​លូ​ចូល​ក្នុង​សមុទ្រ ហើយ​និង​ការសង់​អ​គារ​ធ្វើអីៗ។​ ទាំងអស់​ហ្នឹង​អាច​នឹងប្រើ​គ្រឿង​ចក្រ​ ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ទៅ​ដល់​សត្វ​ដែល​រស់នៅ​លើហ្នឹង​»។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា លោក​គាំទ្រ​ចំ​ពោះ​ការអភិវឌ្ឍ​ ប៉ុន្តែ​លោក​ថា ការអភិវឌ្ឍ​ទៅ​លើ​តំបន់​កោះកុង​ក្រៅ គួរ​តែ​ផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​នៅ​តំបន់​នោះ​ជាអ្នក​ធ្វើ​វិញ ដើម្បី​បង្កើត​ជា​តំបន់​ទេសចរណ៍ ជា​ជាង​ការប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍន៍។

លោក សំអាត មាន​ប្រសាសន៍​ថា​​៖ «យើង​មិន​ជំទាស់​ទេ​ការអភិវឌ្ឍ​ ប៉ុន្តែ​ការអភិវឌ្ឍ​វា​មិនមែន​តែ​ដើម្បី​ប្រគល់​ឱ្យ​ទៅ​លើក្រុមហ៊ុន​អភិវឌ្ឍន៍​ទេ។ យើង​អាច​ធ្វើការ​អភិរក្ស​ហើយ​ប្រគល់​ទៅ​ឱ្យ​សហគមន៍​មូលដ្ឋាន​គាត់​ធ្វើការអភិវឌ្ឍ​ ហើយ​រដ្ឋ​ជា​អ្នក​ជួយ​រៀបចំ​បន្ថែម​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ឬ​​ក៏​ជីវៈចម្រុះ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍​ក៏សំខាន់​ដែរ​សម្រាប់​ធ្វើកា​រ​អភិវឌ្ឍ​»។​

អ្នកនាំពាក្រក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ប្រាប់ Newsroom Cambodia តាម​បណ្តាញ​សង្គម​តេលេក្រាម​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា  ថា ការទាមទារ​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត។ លោក​ថា ពួកគេ​មាន​បំណង​បង្ក​ចលាចល​ដល់​សង្គម​​ ក្រោម​រូបភាព​ជា​អ្នក​ស្រលាញ់​បរិស្ថាន។

លោក​បញ្ជាក់​ថា៖  «ការធ្វើ​យុទ្ធនាការ​ណាមួយ​ដោយ​យក​បញ្ហា​បរិស្ថាន​មក​ធ្វើ​ជា​លេស​ក្នុង​ការញុះញង់​បង្ក​ គឺជា​​របៀបវារៈ​នយោបាយ​ទុច្ចរិត ហើយ​ពួកគេ​មិន​គួរ​មាន​ជំងឺ​តួឯក​ថា​មាន​តែ​ខ្លួ​ន​ជា​អ្នក​ស្រលាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ឡើយ»។

កាល​ពី​ថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ ជាប្រធាន​ដើម្បី​ត្រួតពិនិត្យ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន អេស អ៊ី ហ្ស៊ិ​ត ទៅ​លើ​តំបន់​កោះកុង​ក្រៅ​ទាំង​មូល។

បើតាម​លោក នេត្រ​ ភក្រ្តា គណៈកម្មការ​​ដែ​ល​បង្កើត​​ដោយ​​រដ្ឋាភិបាល កំពុង​​ត្រួត​ពិនិត្យ​​អំពី​ផល​​ប៉ះពាល់​​របស់​​ក្រុមហ៊ុន ដើម្បី​កំណត់​តំបន់​សម្រាប់​អភិរក្ស និង​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍។ លោក​បន្ថែម​ថា ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ ក្រសួង​២ទៀត រួមមាន​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជា​មួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​កំណត់​តំបន់​នោះ។

សម្រាប់​កញ្ញា ឡុង រស្មី ដែល​ជា​យុវជន​មាតាធម្មជាតិ លើកឡើង​ថា កញ្ញា​នៅ​តែ​ទាមទារ​​ឱ្យមាន​ការដក​អាជ្ញា​បណ្ណ​ចេ​ញ​ពី​ក្រុមហ៊ុន បើទោះ​បីជា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ​ក៏​ដោយ។ កញ្ញា​ថា រហូត​មក​ដល់​ពេល​នេះ​គណៈកម្មការ​នោះ​មិន​បាន​បង្ហាញ​ព័ត៌​មាន​ជាសាធារណៈ​ប្រាប់​ពលរដ្ឋ​ជា​នោះ​ទេ​ ហើយ​ថា​ កញ្ញា​មិន​ទុកចិត្ត​គណៈកម្មការ​ដែល​រដ្ឋាភិបាល​បង្កើត​នោះ​ឡើយ។

កញ្ញានិយាយ​ថា៖ «និយាយរួម​ទៅ​គឺ​យើង​អត់​មាន​ការទុកចិត្ត​ជាមួយ​នឹង​ការបង្កើត​គណៈ​កម្ម​ការ​​ហ្នឹង​មក​ទេ​ ហើយ ការ​ធ្វើការ​របស់​គាត់​ចាប់​ពីថ្ងៃ​បង្កើត​ដល់​ឥឡូវ​យើង​ ក៏​មិន​ដឹង​ថា​គាត់​​ធ្វើអី​​បា​​ន​ខ្លះ ព្រោះថា គ្មាន​ការ​បង្ហោះជា​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឃើញ»។

កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ​​ក្នុង​​ខេត្ត​កោះកុង​​បាន​ចាប់​យកកង់​របស់​​ក្រុម​សកម្មជន​បរិស្ថាន ក្នុង​​ពេល​​ដែល​​ពួកគេ​​ធ្វើ​​យុទ្ធនាការ​​ជិះ​​ក​ង់ពី​ខេត្តកោះកុង មកភ្នំពេញ​ក្នុង​គោល​បំណង​​យក​ញ្ញត្តិ​ជូនលោកនាយករដ្ឋមន្រ្តី​ ដើម្បី​ដាក់តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ​​ផងដែរ។

បើតាម​​គេហទំព័រ​​របស់​មន្ទីទេសចរណ៍​ខេត្តកោះកុង​​ កោះកុង​ក្រៅ​ជា​កោះធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ខ្ពស់​​ជាង​គេ​​ក្នុ​ង​តំបន់​​ឈូង​​សមុទ្រ​ថៃ។ កោះនេះ​មាន​ផ្ទៃដី​សរុប ១០៣​គីឡូម៉ែត្រ​ការ៉េ និង​មាន​ទទឹង​៧គីឡូ​ម៉ែត្រ បណ្តាយ​ប្រហែល​២២​គីឡូម៉ែត្រ៕