ការប្រើប្រាស់​ជី​គីមី​ច្រើន​ហួស​កម្រិត និង​ការបំផ្លាញ​សត្វ​ល្អិត​ក្នុង​ដី​ ធ្វើឲ្យ​ដី​ខូច​គុណ​ភាព​មិន​អាច​ដាំដុះ​កើត និង​ប៉ះពាល់​សុ​ខភាព​អ្នកដាំ និង​អ្នក​បរិភោគ​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ពេល​​បច្ចុប្បន្ន និង​ទៅអនាគត​​។ នេះ​បើ​តាមការ​លើកឡើង​របស់​អ្នកជំនាញ។

លោក សម ​វិទូ ទីប្រឹក្សាឯករាជ្យ ​​និង​ជាប្រធាន​ពិគ្រោះយោបល់​ផ្លាស​អេជ្ជ​ លើកឡើង​ថា ការ​ប្រើ​គីមី​ច្រើន​​លើ​ដី​ និងការ​មិន​​ផ្តល់​សារធាតុ​សរីរាង្គទៅ​ដី​វិញ ធ្វើឲ្យ​ដី​ងាប់ ដែល​មិន​អាច​ ផ្តល់​ជីវជាតិ​អ្វី​ទៀត​ដល់​រុក្ខជាតិ។ ចំណែក​ថ្នាំ​ពុល​​គី​មី​ គឺ​ជា​​គីមី​​សំយោគ​​មិន​​ងាយ​​រលាយ​​ក្នុង​​ធម្មជាតិ​​​ ប៉ុន្តែ​​កសិករ​​​ស្ទើរ​តែ​​ទាំងអស់​​ប្រើ​​ជី​គីមី​ ជីបំប៉ន​ដី​ទ្រាប់​បាត និង​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ផ្សេងៗ​​​​​ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​ឆាប់ធំ ដោយ​​ខុស​បច្ចេកទេស​។ ​

«ពេលគាត់​ប្រើ​ជី​គីមី និង​ថ្នាំពុល​តាមចំ​ណេះ​គាត់​ផ្ទាល់ និង​ធ្វើ​តាម​គ្នា ពេលខ្លះ​គាត់​ប្រើ​លើស​ដែល​មិន​គួរ​ទទួល​យក​បាន​ សត្វ​ល្អិត​ពុល​ប៉ុណ្ណា​ មនុស្ស​ពុល​ប៉ុណ្ណឹង​ដែរ»។

លោក​បន្ថែម​ថា នៅ​ពេល​ដី​ប្រែជា​រឹង​ប្រៀប​​ដូចជា​ថ្ម ឬ​ខ្សាច់ មិន​អាច​ដាំដុះ​បាន​ ធ្វើឲ្យ​តំបន់នោះ​ក្លាយ​ជា​វាល​រហោ​ដ្ឋាន ឬ​វាល​ខ្សាច់ ដោយសារ​ពលរដ្ឋ​មិន​ថែរ​ទាំ​ដី​។

«តំបន់​វាលខ្សាច់​សាហារ៉ា​កាល​ពី​សម័យ​កកើត​ផែនដី ជា​តំបន់​ដែល​សំបូរ​​ព្រៃឈើ​ជាងគេ ​ប៉ុន្តែ​ក្រោយ​មក​​ពី​​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការដាំដុះ​អត់​ផ្តល់​​សរីរាង្គ​ដល់​ដី​វិញ ការសាងសង់ និង​ការប្រើប្រាស់ដី​​​ហួស​កម្រិត ដី​ក្លាយ​ជា​ដី​ដែល​អត់​ដាំ​ដុះលែង​បាន។ តំបន់​ណា​ក៏​ដូចគ្នា បើ​ដី​ងាប់​ហើយ ទោះ​ប្រើ​សារធាតុ​គីមី ឬ​ផ្តល់​សារធាតុ​សរីរាង្គ​ដើម្បី​បន្ត​ វា​ត្រូវ​ការ​កែ និង​ត្រូវ​ការ​រយៈពេល​យូរ​មែន​ទែន»។

លោក​បន្តថា ដើម្បី​ឲ្យ​ដី​រស់ យើង​ត្រូវ​រក្សា​ដី​ឲ្យ​មាន​សត្វ​ល្អិត និង​ ដំដំណាំ​ចម្រុះ​មាន​មើម​ផ្លែ​ ស្លឹក ដើម្បី​ឲ្យ​មាន​ជីវជាតិ​ច្រើន​មុខ។​

ចំណែក​ លោក ថេង​ សាវឿន ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ លើកឡើង​ថា កាដាំដុះ​ដំណាំ​កសិករ​ប្រមាណជា​៣០ ទៅ​៣៥​ភាគ​រយ ដាំដុះ​​ដំណាំ​នៅ​តាម​តំបន់​ទំនាប និង​តំបន់​មាន​ទឹក​គ្រប់គ្រាន់​​។ ប៉ុន្តែ​លោក​ថា បើទោះបីជា​ការ​ដាំ​ដុះ​របស់​កសិករ​នៅ​រដូវ​វស្សា​ មាន​កាកើន​ឡើន​ដោយសារ​មាន​ទឹក​គ្រប់គ្រាន់ ប៉ុន្តែនៅ​តែ​​មិន​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សា​ក្នុង​ស្រុក​បាន​នៅ​ឡើយ។

លោក​បន្ត​ថា បច្ចេកទេស​ដាំដុះ​របស់​ប្រជាជា​កសិករ​នៅ​មាន​កម្រិត មិន​បាន​ធ្វើ​តាម​បច្ចេក​ទេស​​ដោយ​ធ្វើ​តែ​តាម​ទំនៀម​ទម្លាប់។ ចំណែក​​ការប្រើប្រាស់​ជី​គីមី​មាន​កម្រិត​ច្រើន​ភាគរយ ស្ទើរ​គ្រប់​តំបន់​ទាំងអស់​ដី​ ជាហេតុ​ធ្វើ​ឲ្យ​ដី​ធ្លាក់​ គុណភាព​ដោយសារ​ការប្រើប្រាស់​ជាតិ​គីមី​ច្រើន​ ដើម្បីបានទិន្នផល​ខ្ពស់​។

លោក ថេង សាវឿន បន្ថែម​ថា កន្លង​មក​​រដ្ឋាភិបាល បាន​អំពាវនាវ​កុំ​ឲ្យ​ប្រើប្រាស់​ជី​គីមី ក៏ប៉ុន្តែ​វិធានការ​របស់​រដ្ឋ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ដោយ​លោក​ថា ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការផ្សព្វផ្សាយ​ដល់​កសិករ​ឲ្យ​ដឹង​ពី​ប៉ះពាល់​ដល់​អ្នកប្រើ និង​អ្នក​បរិភោគ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំង​ប្រាក់​កាក់​របស់​កសិករ ការ​ចំណាយ​លើ​ជី និង​ថ្នាំ​ព្យា​បាលជំងឺ និង​ត្រូវ​ជំរុញ​ឲ្យ​​អ្នក​​បរិភោគ​​គាំទ្រផ​លិត​ផល​អត់​គីមី។

«ចង់ឲ្យ​រាជ​រដ្ឋា​ភិបាល​ធ្វើ​យ៉ាងម៉េច​រៀបចំ​ឲ្យ​មាន​យុទ្ធការ​ច្បាស់​លាស់​ក្នុង​ការផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះពាល់ និង​ជួយ​វិធីសាស្រ្ត​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កសិករ​បោះបង់​ការប្រើប្រាស់​ជី​គីមី​មក​ធ្វើការ​ដាំ​ដុះ ឬ​ដាំ​តាម​ធម្មជាតិ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់​មូលដ្ឋាន​ជាដើម​អញ្ចឹង»។​

អ្នកស្រី សាត អង្កាសា  អ្នកសម្រប​សម្រួល​គម្រោ​ង​របស់​អង្គការ​សេដាក​ មាន​ប្រសាសន៍​ថា បន្លែ​ចែកចេញ​ជា​៣​ប្រភេទ គឺ​បន្លែ​គីមី​ បន្លែសុវ​ត្ថិភាព​ ​និង​បន្លែ​សរីរាង្គ។ អ្នកស្រី​បន្ត​ថា

បន្លែ​​គីមី​ប៉ះពាល់​​ខ្លាំង​ដល់​សុខភាព​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺរាគ បង្កឲ្យ​មាន​មេរោគ​ក្នុង​ឈាម ធ្វើឲ្យ​​ឡើង​ខ្លាញ់ លើស​ឈាម​ និង​មាន​បញ្ហា​គ្រប់​យ៉ាង​ក្នុង​រាងកាយ​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត។

«ថ្នាំពុល​សម្លាប់សត្វល្អិត​សុទ្ធ​តែ​មាន​ជាតិ​វិទ្យុសកម្ម​របស់​វា​កម្រិតខ្ពស់ កម្រិត​មធ្យម និង​កម្រិតទាប ប៉ុន្តែ​យើង​ប្រើ​អាទាប​អត់​បាន​ទៀត​ទេ បាញ់​ទៅ​អត់​ស្លាប់ ​​អញ្ចឹង​គេ​ប្រើ​អាខ្លាំង»។

អ្នកស្រី​បន្ថែម​ថា បន្លែ​ខ្លះ​​ដាំ​ទុក​លក់​ក្នុង​ស្រុក​ផ្សេង និង​សម្រាប់​នាំចេញ ទៅលក់​នៅ​ក្រៅ​ប្រទេស​ផ្សេង។ អ្នកស្រី​ថា ពេលយើង​នាំចូលមិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ហើយ​យក​មក​បរិភោគ នោះ​ជាតិ​​គីមី​ដែឡ​មាន​ក្នុង​បន្លែ​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​អាក្រក់​​ដល់​សុខភាព​​។

«បើនាំចេញ​គេ​ប្រើ​រហូត​ដល់​ថ្ងៃ​ប្រមូល​ផល​យក​មក ហើយ​បន្ទាប់​មក​ទៀត​គេ​បាញ់​ថ្នាំ​ទុក​ឲ្យ​បាន​យូរ គេ​បាញ់​ថ្នាំ​ពង្រីក​វា​អញ្ចឹង​ ពេល​យើង​ញ៉ាំចូល​ខ្លួន​ទៅ​វា​ក៏​អាច​រីករួម​អញ្ចឹង។ ជាតិ​គីមី​ទាំងអស់​ហ្នឹង​ពេល​យើង​ប្រើ​សុទ្ធ​តែ​ប្រើ​ម៉ាស់​ ចុះ​ពេល​យើង​ញ៉ាំ​ចូល​ដល់​ក្រពះ​ពោះវៀន​យើង?»។​

អ្នកស្រីបន្ថែម​ថា បន្លែ​សុវត្ថិភាព​គេ​ប្រើ​ថ្នាំ​គីមី​តាម​កម្រិត​ស្តង់​ដារ ដើម្បី​បរិភោគ​ទៅ​មិន​ប៉ះពាល់​ដល់​សុខភាព​ ដូចជា​ការ​ប្រើ​​ជី​គីមី​រយៈពេល​ត្រឹម​​តែ​១៥​​ថ្ងៃ ចំណែក​១៥ថ្ងៃ​ទៀត​អត់​​ប្រើ​ទេ​ ដើម្បី​ឲ្យ​អស់​ជាតិ​ថ្នាំ​ ទើប​កាត់​មក​លក់។​ អ្នកស្រី​ថា នៅ​ពេល​ប្រើ​ជាតិ​គីមី​ច្រើនយូរ​ទៅ​នឹង​​ធ្វើ​ឲ្យ​​មាន​​បញ្ហា​​ដល់​​ប្រព័ន្ធ​​ឈាម ​​ថ្លើម និង​​​ក្រពះ​​ជាដើម​។

«ដូច​ឥឡូវ​យើង​មាន​ជំងឺ​លើស​ឈាម​តាំង​ពីអាយុ​សាម​ជាង ​សែ​ជាង​ មាន​ជំងឺ​​ស្ទះខ្លាញ់​​សសៃ​ឈាម​​មា​ន​​គ្រប់​​សព្វ»។

«សរីរាង្គ​តាំងពី​ដើម​ដល់​ប្រមូល​ផល​គឺ​អត់​ប្រើ​អី​ហ្នឹង ប្រើធម្មជាតិ​សុទ្ធសាត​ ទាំង​​ថ្នាំ​បាញ់​សត្វ​ល្អិត​ និង​ថ្នាំ​ពូជ​ធ​ម្មជាតិ ញ៉ាំទៅ​​អ​ត់​មាន​ប៉ះពាល់​សុខភាព​ទេ​​​​។ ការញ៉ាំ​រក​ប្រភព​កន្លែង​ណា​ដែល​ទុក​ចិត្ត។​ បន្លែ​ធម្មជាតិ​មិនមាន​រូបរាង​ល្អ​ទេ»។

អ្នកដាំបន្លែនៅ​ខេត្ត​កំពង់​ស្ពឺ​ម្នាក់​ឈ្មោះ ទូច និយាយ​ថា  លោក​ដាំ​បន្លែ​ច្រើន​មុខ​សម្រាប់​ផ្គត់​ផ្គង់​​ទីផ្សារ​ ដោយ​​មាន​​ម៉ូយ​មក​យកដល់កន្លែងទៅលក់បន្តនៅផ្សារនានា។ លោក​​បន្ត​ថា ​បន្លែ​ដែល​លោក​ដាំ គឺ​លោក​​ដាក់​ជីគីមី និង​ថ្នាំបាញ់​សម្លាប់​​សត្វល្អិត​ច្រើន​ប្រភេទ​មាន​បាញ់ និង​គ្រាប់​ដែល​ទិញ​ពី​ផ្សារ។ លោក​ដាក់​​​ជីបំប៉ន​​បាញ់​​ថ្នាំ​​សម្លាប់​​ដង្កូវ និង​សត្វល្អិត និង​ថែរទាំ​ការពារ​រោគ​ផ្សេងៗ​លើ​ដំណាំ​តាំងពី​ដាំ​ដំបូង​ក្នុង​ដី រហូត​​មាន​ផ្លែ ឬ​បន្លែ​ធំ​គ្រប់គ្រាន់​សម្រាប់​បេះ​ទៅ​លក់ និង​បាញ់​ថ្នាំឲ្យ​ឆាប់​លូតលាស់​ល្អ និង​ចេញ​ផ្លែ​តាម​កំណត់​ហើយ​រលោង​ស្អាត តាម ធម្មជាតិ និង​តម្រូវ​​ការ​​ទីផ្សារ។

«បាន​ផ្លែ​​យើ​ង​​បាញ់​​ទៀត ការពារ​ដង្កូវ​ ហើយ​បំប៉ន​វា​ឲ្យ​​ល្អ បា​​ញ់​ថ្នាំ​​បំប៉ន​​ផ្លែ​​ទៅ​​ ហ្នឹង​ហើយ។ យើង​មើល​ល្មម​បេះ​យើង​បេះ​វា​ទៅ​៣​ទៅ៤​ថ្ងៃ​យើង​បាញ់​ទៀត​ទៅ ព្រោះ​ថ្នាំ​បាញ់​ឲ្យ​ល្អ​យើង​បាញ់​ឲ្យ​ល្អ​ផ្លែ​សំខាន់​បាញ់​ឲ្យ​រលោង​ផ្លែ​ឲ្យ​ខៀវ​ធម្មជាតិ។ បើដី​ថ្មី​បាច​កំបោរ​សម្លាប់​មេរោគ​ទៅ​អត់​អី​ទេ»។

លោក​បន្ថែម​ថា៖ «២ហិតតា​​ប្រើ​អស់​ប្រហែល​១បេ តម្លៃជាង​១០ម៉ឺន​រៀល​ពេល​ខ្វះ​ទិញ​ថែម​ទៀត ឬមា​នសត្វ​ល្អិត​ច្រើន​»។ លោក​ថា៖ «បើអត់​បាញ់​ស្មៅវា​​ងាប់​ដំណាំ​ ខ្ញុំដឹង​ថា​ប្រើ​គីមី​វា​ប៉ះពាល់​សុខភាព ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច»។

ចំណែកអ្នក​ដាំ​បន្លែ​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់​ស្ពឺ ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ប្រសិន​បើ​ដាំ​មិន​ប្រើ​​ជីគីមីលាយ នោះ​​ផលិតផល​នឹង​មិន​ទាន់​គេ​នោះ​ទេ​។ លោក​បន្ត​ថា លោក​ប្រើ​ជី​ធម្មជាតិ ​និ​ង​លាយ​ជី​គីមី​ខ្លះ ហើយ​បាញ់​ថ្នាំ​សម្លាប់​ស្មៅ ​ដោយសារកាត់ស្មៅ​មិន​ទាន់។

ឆ្លើយតបនិងការខ្លាចប៉ះពាល់សុខភាពគាត់មានប្រសាសន៍ថា លោក​មិន​ហ៊ាន​ចូល​ជិត​ដំណាំ​ទេ ដោយ​ឲ្យ​កម្មក​ធ្វើ និង​ពាក់ម៉ាស់ ហើយ​បាញ់​ពី​លើ​ខ្យល់។

«ដំបូង​អត់​ចង់​បាញ់​ទេ តែ​កាត់​មិន​ឈ្នះ​ កាត់​អាមុខ​ អាក្រោយ​ដុះ​មក​ទៀត ហើយឥឡូវ​បាញ់ហើយ​​វាល​ល្វឹង ​តែ​យើង​កុំ​បាញ់​ឲ្យ​ត្រូវ​ដាំណាំ»។

បើ​តាម​របាយការណ៍​​ស្រាវជ្រាវ​​របស់​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ (CPS) ចេញ​កាល​ពី​ឆ្នាំ​២០១៦ បង្ហាញថា កម្ពុជា​នាំចូល​បន្លែ​ពី​ក្រៅ​ប្រទេស​មក​ចាក់​បំពេញ​តម្រូវ​ការទីផ្សារ​ក្នុង​ស្រុក​ចន្លោះ​ពី​២០០តោន ទៅ​៤០០តោន​ក្នុង​មួយ​ថ្ងៃ ដែល​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ចិន វៀតណាម និងថៃ។ របាយការណ៍ដដែល​បញ្ជាក់​ថា កម្ពុជា​ចំណាយ​ជាង​២០០​លាន​ដុល្លារ សម្រាប់​ទិញ​បន្លែ​ពី​ក្រៅ​ប្រទេស​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក៕​​