(ភ្នំពេញ): ក្រុម​គ្រួសារ​របស់​អ្នក​កំពុង​ជាប់​ឃុំ​និ​យាយ​ថាពួកគេ​អាច​ចំណាយ​ប្រាក់រាប់រយ​ដុល្លារ​ក្នុង​មួយខែ​ ដើម្បី​​​ផាសុកភាព​​​សាច់ញាតិ​របស់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​ដែល​​​មាន​​ភាព​ចង្អៀត​​​ណែន ស្រប​ពេ​លមន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ការបង្ក្រាប​គ្រឿង​ញៀន​​ទូទាំ​ង​​ប្រទេស ​កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅ​​លើ​​ពន្ធនាគារ និង​​តុលាការ​​របស់​​ប្រទេស​នេះ​។

កាលពី​ខែមិថុនា​ អាជ្ញាធរ​​បាន​ប្រកាស​អំពី​ការកើនឡើង​នៃ​ការចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​​​សម្រាប់​ឆមាស​ទី​១​នៃ​ឆ្នាំនេះ​ដោ​យអះ​អាង​ថា ការបិទ​ក្លឹប​កំសាន្ត និង​រង្គសាល​​ផ្សេងៗ ចំ​ពេល​​ផ្ទុះ​ជំងឺ​កូវីដ​១៩​ ​ធ្វើ​ឲ្យ​សមត្ថកិ​​ច្ច​ងាយស្រួល​ក្នុង​ការស្វែង​រក​មុខ​សញ្ញា​អ្នក​ជួញដូរ​​គ្រឿង​ញៀន ​ជា​ហេតុធ្វើ​ឱ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

អ្នកស្រី កុល សាត ភរិយា​របស់​អ្នក​​ជាប់​ពន្ធនាគារ​នៅព្រៃស​ រាជធានីភ្នំពេញ​ម្នាក់ ​និយាយ​ថា ស្វាមី​របស់​អ្នក​ស្រី​​ដែល​កំពុង​ជាប់​ឃុំ​​អស់​រយៈពេល​ជាង​មួយឆ្នាំមក​ហើយនោះ​ ​កំពុង​មាន​ជំងឺ​លើស​ឈាម។ អ្នក​ថា អ្នកស្រី​បារម្ភ​ថា ស្វាមី​របស់​អ្នកស្រី​នឹង​មិន​អាច​រស់​បាន​ដោយ​សារ​របប​អាហារ​ក្នុង​ពន្ធនាគារ​គ្មាន​ស្តង់ដារ​​។

«ខ្ញុំទៅ​ជួបគាត់​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្ញើរ​ម្ហូប បន្លែ និង​សាច់​ឱ្យ​គាត់ ព្រោះ​សុខភាព​គាត់​មិ​ន​ល្អ»។

អ្នកស្រី​ថា រវាង​ការចំណាយ​ក្នុង​ពន្ធនាគារ ការជួល​ផ្ទះ អ្នកស្រី​ចាំបាច់​ត្រូវ​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ដើម្បី​រស់។

«ខ្ញុំ​បាន​ខ្ចីលុ​យគេ​បន្ថែម​ទៀត ព្រោះ​ការចំណាយ​ច្រើន»។

អ្នកស្រី សាត បានស្នើ​សុំថា​ ឈ្មោះ​ប្តី​របស់​អ្នកស្រី ដែល​ជា​អ្នក​នយោបាយ​មួយ​រូប​ មិន​ត្រូវ​បាន​ប្រើ​ជា​​ការសង​សឹក​។

ក្នុង​អំឡុង​ពេល​នៃ​ការឆ្លង​រីករាល​ដាល​នៃ​ជំងឺកូវីដ១៩​ក្នុង​ប្រទេស​កាន់​តែ​កើន​ឡើង ព្រៃស​ត្រូវ​បាន​ផ្អាក​មិន​ឱ្យ​សាច់​ញាតិ​បងប្អូន​ចូលសួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ឡើយ ហើយ​អ្នកស្រី សាត ក៏​មិន​អាច​ទៅ​ជួប​ស្វាមី​របស់​អ្នកស្រី​ផ្ទាល់​បាន​ដែរ។ ទោះយ៉ាងណា​អ្នកស្រី​នៅ​តែ​ផ្តល់​អាហារ​ជា​រៀងរាល់​សប្តាហ៍ ​តាមរយៈ​មន្ត្រី​ពន្ធនាគារ។

ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​អ្នក​លក់ស្បែក​ជើង​នៅ​ផ្សារ​អូរឫស្សី ប្រាប់ Newsroom Cambodia ដោយ​សុំ​មិនបញ្ចេញ​ឈ្មោះ​​ថា នាង​​មាន​ពូម្នាក់​កំពុ​ង​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេ​លជាង​៥​ឆ្នាំមក​ហើយ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​។ នាង​ថា គាត់​មាន​អាយុ​ជាង​៦០​ឆ្នាំ ហើយ​ជារឿ​យៗ​គាត់តែង​តែ​ឈឺ។

«ខ្ញុំ​ត្រូវ​ផ្ញើរ​ប្រាក់​ទៅ​គាត់​រាល់​ខែ​ ពេលខ្លះ​៥០​ដុល្លារ ពេលខ្លះ​១០០​ដុល្លារ ២០០​ដុល្លារ ឬ ច្រើន​ជាង​នេះ​ ពេល​គាត់​ឈឺ»។

នាង​បន្ថែម​ថា៖ «ប្រសិនបើ​ខ្ញុំ​មិន​ជួយ​ទេ គាត់​នឹង​ស្លាប់​ដោយ​គ្មាន​អ្វី​បរិភោគ»។

នាង​បារម្ភ​ថា ​ពូ​របស់​នាង​ថា​​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​អាហារ​ក្នុង​ពន្ធនាគា​រ​នោះហា​ក់បី​ដូចជា​អាហារ​ដាក់​ឱ្យ​ជ្រូក​ស៊ី។

«គ្មាននរណាម្នាក់ត្រូវបានគេព្យាបាលដោយគ្មានប្រាក់នោះទេ»។

ស្រ្តី​ចំណាស់​​​ម្នាក់​ដែល​មាន​ចៅប្រុស​អាយុ​១៨ ឆ្នាំ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ បាន​ប្រាប់​ពី​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​ដែរ។

អ្នកស្រីប្រាប់ Newsroom Cambodia ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ចៅរបស់​ខ្ញុំ​ទទួល​បាន​អាហារ​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ ហើយ​ម្តាយ​របស់​គាត់​តែង​តែផ្ញើ​ប្រា​ក់ជា​រៀងរាល់​ខែ​ដើម្បី​ទិញ​ម្ហូប​ភេសជ្ជៈ និង​បង់​លុយ​ថ្លៃ​ទឹក​​ ថ្លៃ​កង្ហារ ក្នុង​បន្ទប់​របស់​គាត់​ឱ្យ​ទៅ​អ្ន​ក​យាម​គុក»។

អ្នកស្រីបន្ត​ថា ចៅប្រុស​របស់​អ្នកស្រី​ជាប់​ពន្ធនាគារ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ទំនិញ​ក្នុង​ពន្ធនាគារ​មាន​តម្លៃ​ថ្លៃជា​ងខាងក្រៅ​ទ្វេរ​​ដង​។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មាន​ប្រសាសន៍​ថា ការចាប់​ខ្លួន​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន បាន​កើន​ឡើង​គួ​រ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ បើ​ប្រៀប ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ លោក​បន្ថែម​ថា មូលហេតុ​នៃ​ការកើនឡើង​បទល្មើស​គ្រឿងញៀន​នេះ​គឺ​ការឆ្លង​ជំងឺ​កូវី​ដ១៩ ដែល​តម្រូវឱ្យក្លឹបកំសាន្ត និង​រង្គសាល​ផ្សេងៗ​បិទ​ទ្វារ ហើយ​ការប្រើប្រាស់​គ្រឿងញៀន​កាន់​តែ​មាន​លក្ខណៈ​បើក​ចំហរ​នៅ​ខាងក្រៅ​ ទើបកម្លាំង​សមត្ថកិច្ច​អាច​បង្ក្រាប​បាន​ច្រើន។

លោក វីរិទ្ធ ​មាន​ប្រសាសន៍​ថា៖ «ការកើន​ឡើង​នៃ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ឆមាសទី​១ នៃ​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​នៅ​ក្នុង​អំឡុង​ពេល​កូវីដ​១៩ គ្រប់​ក្លឹប​កំសាន្ត និង​រង្គសាល​ត្រូ​វ​បាន​បិទទ្វារ​ ដូច្នេះ​អ្នក​ប្រើគ្រឿ​ងញៀន​បាន​ចេញ​មកខាងក្រៅ ហើយ​អាជ្ញាធរ​ងាយស្រួល​ក្នុង​ការ​ចាប់​មុខ​សញ្ញា»។

លោក វីរិទ្ធ បាន​ទទួល​ស្គាល់​ថា ការបង្ក្រាប​គ្រឿងញៀន​នេះ​កំពុង​នាំ​ឱ្យ​មាន​អ្នកទោស​លើស​ចំណុះ​នៅ​ក្នុង​ពន្ធនាគារ។

លោកបញ្ជាក់ថា៖ «អ្នក​ទោស​ជាង​៥០​ភាគរយ នៃ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ គឺជា​ឧក្រិដ្ឋជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ»​។

ទោះយ៉ាងណា​​លោក​ថា ការចាប់ខ្លួន​គឺ​ចាំបាច់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ។

លោក​ថា៖ «ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ខ្លាំង ពី ព្រោះ​នៅ​ពេល​ពួកគេ​ចេញ​ពី​ពន្ធនាគារ​ ពួកគេ​នឹង​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​មុន»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​របស់​ក្រសួង​ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំនេះ គឺ​ដើម្បីព​ន្លឿនដំណើរការ​តុលាការ មិនមែន​ដោះលែង​អ្នក​ទោស​ឱ្យ​ដើរ​ចេញ​ដោយ​សេរី​នោះទេ​។

លោក​​ថា៖ «យុទ្ធនាការ​ដោះស្រាយ​ភាព​កកស្ទះ​សំណុំ​រឿង មិនមែន​ជា​យុទ្ធនាការ​ដោះលែង​អ្នក​ទោស​​១​ម៉ឺ​ននាក់​ទេ វា​គឺជា​យុទ្ធនាការ​មួយ​ដើម្បី​ពន្លឿន​នីតិវិធី​តុលាការ និង​ដើម្បី​ធ្វើឱ្យ​រឿង​ក្តី​នេះ​បាន​ឆាប់​រហ័ស និង​ចេញ​សាលក្រម​ស្ថាពរ​បាន​ឆាប់​បំផុត»។

ទោះបីជាយ៉ាងណា ការបង្កើន​ល្បឿន​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿង​នេះ ក៏​អាច​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​ខ្លះដែរ។​

លោក ម៉ាលីន បញ្ជាក់ថា៖ «ប្រសិនបើ​មាន​សាលក្រម​ចុងក្រោយ ខាង​ពន្ធនាគារ​អាច​ផ្លាស់ប្តូរ​គា​ត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដែល​មិន​សូវ​មាន​ភាព​ចង្អៀត​ណែន»។

លោក​បាន​បន្ថែម​ថា៖​ «មិនមែន​សាលក្រម​ទាំងអស់​តម្រូវ​ឱ្យ​មាន​ការជាប់ពន្ធនាគារ​នោះ​ទេ គឺ​អាស្រ័យទៅ​តាម​ប្រភេទ​សំណុំរឿង និង​ស្ថានភាព​ជាក់ស្តែង​នៃ​កំហុស​នីមួយៗ»។

លោក​បាន​ទទួល​ស្គាល់​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទូទាំ​ង​ប្រទេស កំពុង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោកបញ្ជាក់ថា៖ «វា​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការកើនឡើង​នៃ​យុទ្ធនាការ​បង្ការ និង​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឡើយ​ទេ ប៉ុន្តែ​ការកសាង​ពន្ធនាគារ​ថ្មី​បន្ថែម​ទៀត និង​កំណែ​ទម្រង់​ច្បាប់​ជាច្រើន កំពុង​តែ​ផ្តួចផ្តើម​ដែល​មាន​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ»។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លើកឡើង​​ថា ចំនួន​អ្នក​ទោសច្រើន​ហួស​ហេតុ​នៅ​ក្នុង​ពន្ធនាគារ​បាន​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​។

លោកថា៖ «ក្នុង​បន្ទប់​មួយ​ដាក់​បាន​តែ​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ភាព​ចង្អៀត​ណែន គេអា​ច​ដាក់​ដល់​ទៅ​៣០​នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ទោស​ដេក​ផ្អៀង​ខ្លួន​ ហើយ​ខ្លះ​ទៀត​ផ្លាស់​ប្តូរ​វេន​គ្នា​សម្រាក ហើយ​ការប្រមូល​ផ្តុំ​គ្នាច្រើ​ន​ហួស អាច​បង្ក​ឱ្យ​មាន​បញ្ហា​ថប់​បារម្ភ លើស​សម្ពាធ​ឈាម និង​គាំង​បេះដូង បើសិន​មាន​ជំងឺ​ឆ្លង គឺវា​អាច​ងាយ​នឹង​ឆ្លង​បន្ត​គ្នា»។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមា​គម​​ការពារ​​សិទ្ធិ​​មនុស្ស​អាដហុក លើកឡើង​ថា៖ «យើង​​ចង់​ឱ្យ​​មាន​ការត្រួតពិនិត្យ​ពី​ខាង​ក្រសួង​សុខាភិបាល​ដែរ អំពី​ស្តង់ដារ​នៃ​ការរស់នៅ​របស់​អ្នក​ទោស ដើម្បី​ឱ្យគា​ត់​មាន​សុខភាព​ល្អ និ​ង​របប​អាហារ​របស់​គាត់​បាន​គ្រប់គ្រាន់»។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បញ្ជាក់​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រប​ស់​រដ្ឋាភិបាល កំពុង​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស ដោយ​មិនមែន​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន​នោះឡើ​យ៕​