(ភ្នំពេញ): សង្គមស៊ីវិលចំនួន១៤១ នៅសប្តាហ៍នេះ បានទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនទាំងយប់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ក្នុងសេចក្តីថ្លែងការណ៍រួមចេញកាលពីថ្ងៃទី៣ ខែកក្កដា ដោយអង្គការសង្គមស៊ីវិលចំនួន១៤១ស្ថាប័ន រូមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ និងអង្គការអាដហុកជាដើម បានស្នើទៅកាន់រដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ណ សេចក្តីថ្លែងការណ៍នោះបន្ថែមថា ការចាប់ខ្លូននេះជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីថ្លែងការណ៍រួមនោះសរសេរថា៖ «យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយជាខ្លាំង ចំពោះការចាប់ខ្លួនលោក រ៉ុង ឈុននៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានី នឹងអាចទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងរូបលោកពីការឃុំខ្លួនបណ្តោះអាសន្ន រងចាំសវនាការឱ្យបានឆាប់»។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពី «បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា។
ប្រធានសហភាពសហជីពកម្ពុជារូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុមួយជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការចោទប្រកាន់របស់តុលាការមកលើលោក រ៉ុង ឈុន ជារឿងមិនត្រឹមត្រូវ ដោយថា លោក រ៉ុង ឈុន មិនបានធ្វើសកម្មភាពណាមួយ ប៉ះពាល់ដល់ស្ថិរភាពសង្គមដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ លោកថា ការចាប់ខ្លួននេះបង្ហាញពីការរឹតត្បិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅ ហើយថា ស្ថាប័នតុលាការនៅកម្ពុជាមិនមានភាពឯករាជ្យ។
លោកនិយាយថា៖ «ខ្ញុំគិតថាវាជារឿងមួយកាន់តែធ្ងន់ធ្ងរ វាទៅជាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការចូលរួមទៅលើជីវភាពនយោបាយ សេដ្ឋកិច្ចសង្គមហ្នឹងផង ។ ហើយក៏ការអនុវត្តច្បាប់របស់ប្រទេសកម្ពុជាយើងក៏កាន់តែបង្ហាញថា ជាការអនុវត្តច្បាប់មួយដែលគេមើលឃើញថាតែងតែធ្វើឡើងតាមបែបទំនើងចិត្ត»។
លោកបន្តថា លោក រ៉ុង ឈុន គួរតែត្រូវបានរដ្ឋាភិបាល លើកទឹកចិត្ត ព្រោះលោកបានព្យាយាមទៅរកព័ត៌មានដើម្បីផ្តល់ឱ្យសាធារណៈជនបានដឹងស្តីពីបញ្ហាព្រំដែននេះ។ លោកថា សង្គមស៊ីវិលនឹងបន្តឃ្លាំមើលនូវការអនុវត្តច្បាប់របស់រដ្ឋាភិបាល ហើយបន្តជួយលោក រ៉ុង ឈុន នូវជំនួយផ្នែកច្បាប់ជាដើម។
លោកនិយាយថា៖ «គឺយើងគ្មានអីក្រៅពីការឃ្លាំមើល និងធ្វើរបាយការណ៍តាមវិជ្ជាជីវៈរបស់យើង។ យើងបន្តប្រសិនជាមានការចោទប្រកាន់ផ្សេងៗ យើងគ្មានអីក្រៅពីការជួយការផ្តល់ពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់ ឬក៏ជួយគាត់តាមការផ្តល់សេវាកម្មផ្នែកផ្លូវច្បាប់ផ្សេងៗ ដើម្បីការពារតាមផ្លូវច្បាប់តែប៉ុណ្ណឹងទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ Newsroom Cambodia នៅថ្ងៃពុធនេះថា ស្ថាប័នតុលាការនៅកម្ពុជាជាស្ថាប័នឯករាជ្យ។ លោកថា ការទាមទាររបស់សង្គមស៊ីវិលឱ្យមានការដោះលែងលោករ៉ុង ឈុន គឺមិនមានឥទ្ធិពលនោះទេ។
លោកថា៖ «ការធ្វើការរិះគន់ ការដាក់ញត្តិ ការទាមទារឱ្យដោះលែង គឺថាមិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបន្ថែមថា សមត្ថកិច្ចបានប្រើច្បាប់ដែលមានមូលដ្ឋានច្បាប់ដើម្បីចាប់ខ្លួនលោក រ៉ុង ឈុន ហើយថា ប្រសិនបើ ភាគីណាមួយមិនពេញចិត្តចំពោះការសម្រេចរបស់តុលាការ អាចប្រើប្រាស់វិធានការច្បាប់ដែលមានជាធរមាន ដើម្បីការពារខ្លួនបាន។
លោកបញ្ជាក់ថា៖ «បើភាគីណាមួយមិនពេញចិត្ត ឬក៍មិនឯកភាព គឺអាចចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ហើយធ្វើការ ការពារខ្លួនតាមផ្លូវច្បាប់ ដើម្បីបង្ហាញថា ខ្លួនមិនមានពិរុទ្ធដូចការចោទប្រកាន់នោះ នេះជាវិធីតែមួយគត់ដែលអាចធ្វើបាន នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ»។
មេដឹកនាំសហជីពលោក រ៉ុង ឈុន ត្រូវបានតុលាការឃាត់ខ្លួនចំនួន២ដងរួចមកហើយ។ លើកទី១ គឺកាលពីខែតុលា ឆ្នាំ២០០៥ ដោយតុលាការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍» និង «បទញុះញង់» ហើយត្រូវបានឃុំខ្លួនរយៈពេល៣ខែ និងកាលពីខែមករា ឆ្នាំ២០១៤ លោកត្រូវបានឃាត់ខ្លួនម្តងទៀតជាមួយមនុស្ស១០នាក់ផ្សេងទៀត ដែលពួកគាត់កំពុងអំពាវនាវជាសាធារណៈឱ្យដោះលែងអ្នកតវ៉ា២០នាក់ផ្សេងទៀត ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣៕