(ភ្នំពេញ): សង្គមស៊ីវិល​ចំនួន​១៤១ នៅ​សប្តាហ៍​នេះ បាន​ទាមទារ​​ឱ្យតុលាការ​​​ដោះលែង​​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​​សហភាព​សហជីព​កម្ពុជា​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់ ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ព្រំ​ដែន​កម្ពុជា-វៀតណាម។

ក្នុង​សេចក្តីថ្លែងការណ៍រួម​ចេញ​កាលពីថ្ងៃទី៣ ខែ​កក្កដា ដោយ​​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៤១​ស្ថាប័ន រូមមាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​អាដហុក​ជាដើម បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ណ សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ថា ការចាប់ខ្លូន​នេះ​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សេចក្តីថ្លែងការណ៍​រួម​នោះ​សរសេរ​ថា៖ «យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាងក្រោម​​​ សូម​សម្តែង​ការសោ​ក​ស្តាយ​ជា​ខ្លាំង​ ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន​នៅ​ពេល​យប់ និង​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល និង​សាលា​ដំបូង​រាជ​ធានី នឹង​អាច​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ទាំងអស់ និង​ដោះលែង​រូប​លោក​ពី​ការឃុំខ្លួន​បណ្តោះ​អាសន្ន រងចាំ​សវនាការ​ឱ្យ​បាន​ឆាប់»។

សេចក្តីថ្លែងការណ៍​ដដែលបញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី «បទ​ញុះញង់​​បង្ក​ឱ្យមា​ន​ភាព​វឹកវរ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ កាល​ពី​ព្រឹក​ថ្ងៃទី៤ ខែកក្កដា។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ ត្រូ​វបានអាជ្ញាធរ​ចាប់​ខ្លួន​កាលពីយប់ថ្ងៃទី​៣១ ខែកក្កដា បន្ទាប់ពី​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​មួយ​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា លើក​ឡើង​ថា ការចោទ​ប្រកាន់​របស់​តុលាការ​មក​លើ​លោក រ៉ុង ឈុន ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​ថា លោក​ រ៉ុង ឈុន មិនបាន​ធ្វើ​សកម្មភាព​ណាមួយ ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​​នោះឡើយ។ លោកថា ការចាប់​ខ្លួន​នេះប​ង្ហាញ​ពី​ការ​រឹតត្បិត សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ហើយ​ថា ស្ថាប័នតុលាការ​នៅ​កម្ពុជា​មិនមាន​ភាព​ឯករាជ្យ។

លោក​និយាយថា៖ «ខ្ញុំ​គិត​ថា​វា​ជារឿង​មួយ​កាន់​តែ​ធ្ងន់ធ្ងរ វា​ទៅ​ជា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការចូលរួម​ទៅ​លើ​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម​ហ្នឹង​ផង ។ ហើយ​ក៏​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​យើង​ក៏​កាន់​តែ​បង្ហាញ​ថា ជា​ការអនុវត្ត​ច្បាប់​មួយ​ដែល​គេ​មើលឃើញ​ថា​តែងតែ​ធ្វើ​ឡើង​តាម​បែប​ទំនើង​ចិត្ត»។

លោក​បន្តថា លោក រ៉ុង ឈុន គួរ​តែ​ត្រូវបាន​រដ្ឋាភិបាល​ លើកទឹកចិត្ត ព្រោះ​លោក​បាន​ព្យាយាម​ទៅ​រក​ព័ត៌មាន​ដើម្បី​ផ្តល់​ឱ្យ​សាធារណៈ​ជន​បាន​ដឹង​ស្តីពី​បញ្ហា​ព្រំដែន​នេះ។ លោកថា សង្គម​ស៊ីវិល​នឹង​បន្ត​ឃ្លាំមើល​នូវ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ហើយ​បន្ត​​ជួយ​លោក រ៉ុង ឈុន នូវ​ជំនួយ​ផ្នែក​ច្បាប់​ជាដើម។

លោក​និយាយ​ថា៖ «គឺ​យើង​គ្មាន​អី​ក្រៅ​ពី​ការឃ្លាំ​មើល និង​ធ្វើ​របាយការណ៍​តាម​វិជ្ជាជីវៈ​របស់​យើង។ យើងបន្ត​ប្រសិនជា​មាន​ការចោទ​ប្រកាន់​ផ្សេងៗ យើង​គ្មាន​អី​ក្រៅ​ពីការជួយ​ការផ្តល់​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវ​ច្បាប់ ឬ​ក៏​ជួយ​គាត់​តាម​ការផ្តល់​សេវាកម្ម​ផ្នែក​ផ្លូវ​ច្បាប់​ផ្សេងៗ ដើម្បី​ការពារ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណឹងទេ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់ Newsroom Cambodia នៅថ្ងៃពុធ​នេះ​ថា ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ។ លោក​ថា ការទាមទារ​របស់​សង្គម​ស៊ីវិល​ឱ្យ​មាន​ការដោះ​លែង​លោករ៉ុង ឈុន គឺ​មិនមាន​ឥទ្ធិពល​នោះ​ទេ។

លោកថា៖ «ការ​ធ្វើ​ការ​រិះគន់ ការ​ដាក់​ញត្តិ ការទាមទារ​ឱ្យ​ដោះលែង គឺថា​មិនមាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ការសម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌​រូបនេះ​បន្ថែម​ថា សមត្ថកិច្ច​បាន​ប្រើ​ច្បាប់​ដែល​មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​ចាប់ខ្លួន​លោក រ៉ុង ឈុន ហើយ​ថា ប្រសិន​បើ​ ភាគី​ណាមួយ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ អាច​ប្រើប្រាស់​វិធានការ​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​ការពារ​ខ្លួន​បាន​។

លោកបញ្ជាក់​ថា៖ «បើ​ភាគី​ណាមួយ​មិ​ន​ពេញចិត្ត ឬក៍​មិន​ឯកភាព​ គឺ​អាច​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ ហើយ​ធ្វើការ ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ហាញ​ថា ខ្លួនមិ​នមាន​ពិរុទ្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះ នេះ​ជា​វិធី​តែមួយ​គត់​ដែល​អាច​ធ្វើ​បាន នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ»។

មេដឹកនាំ​សហជីពលោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ឃាត់​ខ្លួន​ចំនួន​២ដង​រួច​មក​ហើយ។ ​លើក​ទី១ គឺ​កាល​ពី​ខែតុលា ឆ្នាំ២០០៥ ​ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«បរិហារកេរ្តិ៍» និង «បទ​ញុះញង់» ហើយ​ត្រូវ​បាន​ឃុំខ្លួន​​រយៈពេល​៣ខែ និង​កាល​ពី​ខែមករា ឆ្នាំ២០១៤ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ម្តង​ទៀត​ជាមួយ​មនុស្ស​១០នាក់​ផ្សេង​ទៀត ​ដែល​ពួកគាត់​កំពុង​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​ដោះលែង​អ្នក​តវ៉ា​២០នាក់​ផ្សេង​ទៀត ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត កាលពី​ឆ្នាំ២០១៣៕​