ជី​ជាផ្នែក​មួយ​សំខាន់​សម្រាប់​ការដាំ​ដុះ បាច​សាច​​ទៅ​លើ​វា​ល​ស្រែ ដើម្បី​ឱ្យ​ដំណាំ​ស្រូវ​លូត​លាស់ និង​បាន​ទិន្នផល​ល្អ។ ជី​ដែល​កសិករ​និយម​ប្រើប្រាស់​ស្ទើរ​គ្រប់​កន្លែង​គឺ​ជី​គីមី ដោយសារ​ងាយស្រួក​រក​ទិញ ងាយ​ស្រួ​​ល​ដឹក​ជញ្ជូន និង​មាន​តម្លៃ​ថោក។ ជី​អាចម៌​សត្វ និង​ជី​កំប៉ុស្ត​ដែល​អាច​រក​បាន​តាម​ផ្ទះ មិន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ការដាំដុះ​នោះ​ទេ ដូច្នេះ​កសិករ​បាន​ជ្រើសរើស​យក​ការប្រើប្រាស់​ជី​គីមី​ដើម្បី​បង្កើន​ទិន្នផល។

ប៉ុន្តែ​ការប្រើប្រាស់​ជី​គីមី​តែមួយ​មុខ ដោយ​គ្មាន​ការលាយ​ផ្សំ​ពី​ជី​ធម្មជាតិ ឬ​ជី​សរីរាង្គ​ផ្សេង​ទៀត ចំពោះ​វិស័យ​កសិកម្ម មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូច​សុខភាព​មនុស្ស សត្វ​នៅ​ពេល​អនាគត និង​ប៉ះពាល់​ដល់​ជីវៈ​ចម្រុះប៉ុណ្ណោះទេ លើសពី​នេះ​ ដោយសារ​ការប្រើប្រាស់​ជី​គី​មី​ ​ទើប​ធ្វើ​ឱ្យ​ដី​កាន់​តែ​ខ្សត់​ជី​ជាតិ កសិករ​ចាំបាច់​ត្រូវ​បង្កើន​បរិមាណការ​​ប្រើប្រាស់​ជីគីមី​នៅ​​ឆ្នាំ​បន្ទាប់​ដើម្បី​រក្សា​ទិន្នផល​ឱ្យ​នៅ​ថេរ។

កំពុង​អង្គុយ​​ជជែក​ជា​មួយ​កសិករ​ផ្សេង​ទៀត​លើ​កញ្ចុះ​​​ខាង​ក្រោយ​ផ្ទះ ក្នុង​ឃុំ​បាស្រែ ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក លេង សេម ​ដែល​​​ជា​​កសិករ​​ធ្វើ​ស្រែ​ម្នាក់​និយាយ​ថា លោក​មាន​​​​ដី​ស្រែ​៨០​អា និង​មាន​​សត្វគោ​ពី​រ​ក្បាល។ លោក​​​ថា​ លោក​តែង​ប្រើ​ជីគីមី​ដើម្បី​ដាក់​ស្រែ ដោយសារ​លាមក​​ដែល​​បាន​​ម​ក​ពី​សត្វគោ​ទាំងពីរ​​របស់​លោក​​តិ​ច​ពេក។

លោក សេម បន្ថែម​​ថា ដោយបារម្ភពីបញ្ហាសុខភាព លោកមាន​បំណង​ងាក​មក​ប្រើ​ជី​ធម្មជាតិ​វិញ​ដែរ ប្រសិន​បើ​តម្លៃ​នៅ​​តាមទីផ្សារ​ថោកសមរម្យ។

លោកថា៖ «ចង់ងាកមកប្រើជីធម្មជាតិដែរ តែដឹងធ្វើម៉េចបើទីផ្សារមានលក់ទៅ ចេះតែរក (ទិញ) តែ​យើងមានតែជីអាចម៌សត្វបន្តិចហ្នឹង»។

កសិករមួយរូបទៀតអង្គុយជាប់​លោក លេង សេម គឺ​ លោក កូវ គឿន និយាយ​ថា ការប្រើប្រាស់​​ជី​​គីមី​​មាន​​ផល​​ប៉ះពាល់​​ដល់​​ដំណាំ​​ស្រូវ ធ្វើ​​ឱ្យ​​ដើម​​ស្រូវ​​ពុក​​គល់ ដង្កូវ​​ចាក់​​ដើម ឬ​អុច​ស្លឹក​ជាដើម ប៉ុន្តែ​លោកថា បើ​​ទោះដឹងថា​ការប្រើប្រាស់​ជី​គីមី​​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​​លោក ក៏​ដូចជា​កសិករ​ផ្សេង​ទៀត​មិន​មាន​ជម្រើស។​ លោក​ថា ដើម្បីបង្ការជំងឺ​លើ​ដំណាំ​ស្រូវ​របស់​លោក លោក​បាន​បាញ់​ថ្នាំគីមី​បន្ថែម។​

លោក​ថា៖ «ប្រើជា​គីមី វាមាន​ជំងឺ វា​បណ្តាល​ឱ្យមា​នដង្កូវ​ចាក់ដើម អុច​ស្លឹក។ ហើយ​យើង​បាញ់​ថ្នាំ​បាញ់​អី​​អញ្ចឹង​​ទៅ ​(ថ្នាំគីមី) ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ជំងឺ។ ហើយ​ពេល​ប្រមូល​ផល​បាន​ផលចំ​ណេញតិច»។

ទោះជាយ៉ាងនេះ​ក្តី កសិករ​ទាំងពីរ​​រូប​​បញ្ជាក់​ថា ពួកគេ​ក៏​ចង់​ងាក​មក​ប្រើ​ជី​ធម្មជាតិ​វិញ​ដែរ ប៉ុន្តែ​ទីផ្សារ​ជី​ធម្មជាតិ​​មិន​​ទូលំ​ទូលាយ​នៅ​តំប​ន់​របស់​គាត់ ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​រក​យក​មក​ប្រើ​ឱ្យ​បាន​ជាប់លាប់។

អ្នក​ជំនាញ​ខាង​កសិកម្ម​ពន្យល់​ថា ការប្រើប្រាស់​ជី​គីមី​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​បាន​ទិន្នផល​ល្អ​ប្រសើរ និង​ឆាប់​រហ័ស តែ​​ក៏​មាន​ហានិភ័យ​រយៈពេល​​យូរ​អង្វែង​ផង​ដែរ ដោយ​ដី​ស្រែ​កាន់តែ​បាត់បង់​ជីជាតិ​បន្តិច​ម្តងៗ ទិន្នផល​ស្រូវ​ថយ​ចុះ ​ដុះ​ស្មៅ​ច្រើន​ប្រជ្រៀត​គុម្ព​ស្រូវ​ ចំណែក​អង្ករ​មាន​រសជាតិ​​មិន​សូវ​ឆ្ងាញ់ ​រក្សា​ទុក​​មិន​បាន​​យូរ​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា កាប្រើប្រាស់​ជី​គីមី​កាន់​តែច្រើន ផល​ប៉ះ​ពាល់​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រើ ដោយ​កើត​ជា​ដង្កូវ​ស៊ី​ដើម និង​ស្លឹក​ស្រូវ ស្មៅ​ដុះ​ច្រើន ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កសិករ​ត្រូវ​តែ​ទិញ​ថ្នាំ​គីមី​យក​មក​បាញ់​ថែម​ទៀត ធ្វើ​ឱ្យ​ដំណាំស្រូវ​ពោរពេញ​ដោយ​ជាតិ​គីមី។

លោក​ថា​៖ «ប្រើជីគីមី​យូរ​ទៅ​ធ្វើឱ្យ​ដី​សឹក​រិច​រិល និង​មាន​សត្វ​ល្អិត យើង​ត្រូវ​ប្រើប្រាស់​ថ្នាំបាញ់​សម្លាប់​​ស្មៅ និង​សត្វ​ល្អិត​ថែមទៀត។ អញ្ចឹងវាធ្វើឱ្យអង្ករឬស្រូវហ្នឹងពោពេញដោយសារធាតុគីមី ឬ​សារធាតុ​ពុល។ ធ្វើឱ្យខាត និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគផងដែរ»។

ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បាស្រែ លោក មឿយ ហ៊ាង ​លើកឡើងថា ក្នុង​ឃុំ​នេះ​មាន​គ្រួសារ​សរុប​២,២៥៣ ហើយ​៩០​ភាគរយ​​​ជា​កសិករ។ លោកប្រាប់​ថា កសិករ​នៅ​ឃុំ​របស់​លោក បាន​ជ្រើសរើស​យក​ជី​គីមី​សម្រាប់​ជំនួយ​ដល់​ដំណាំ​ស្រូវ​មាន​ប្រភេទ​ជី​ដូចជា អ៊ុយរ៉េ និង​ DAP ជាដើម។

លោក​ប្រធានក្រុម​ប្រឹក្សា​​ឃុំ​រូប​នេះ​បន្ថែម​ថា ការប្រើប្រាស់​ជី​គីមី​នាំ​ឱ្យ​ដី​បាត់បង់​ជីជាតិ ដោយ​សារ​កសិករ​នៅ​ទីនោះ​ធ្វើ​ស្រែ​ញឹក​ញាប់ និង​ប្រើប្រាស់​ជីគីមី​ញឹកញាប់។

លោក​បញ្ជាក់​ថា៖ «ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បើ​យើង​គិត​ទៅ (ជីគីមី) ចេះ​តែ​មាន​ការកើន​ឡើង​ម្តង​បន្តិចៗ។ ឬ​ក៏​យើង​គិត​ថា(បើ) មិន​ដាក់​ថែម (ជីគីមី) ច្រើន​ទេ​ធ្វើ​ឱ្យ​បាត់​ទិន្នផល​របស់​យើង»។

បើតាម​ក្រុម​កសិករ​ក្នុង​ឃុំ​ស្រែបា លើកឡើងថា ជីគីមី​មួយ​បាវ​ចំណុះ​៥០​គីឡូ​ក្រាម មា​នតម្លៃ​៧ម៉ឺន ទៅ​៨ម៉ឺន​រៀល ថោក​ជាង​ជី​ធម្មជាតិ​២ម៉ឺន​រៀល។ ក្នុង​នោះ ពួកគេ​​ប្រើប្រាស់​ជី​គីមី​ចន្លោះ​ពី​២៥០​ទៅ​៣០០​គីឡូក្រាម ស្មើ​នឹង​៥ ទៅ៦​បាវ​ក្នុង​ដី​ស្រែ​មួយ​ហិកតា ដោយ​បាច​ស្រែ​​បី​ដង រាប់​ចាប់​តាំង​ពី​ភ្ជួរ​រាស់​រហូត​ដល់​ប្រមូល​ផល។ កសិករ​ទាំង​នោះ​​ក៏​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល និង​អង្គការ​ដៃ​គូ ​ជួយ​​ជំរុញ​​ឱ្យ​មាន​​ទីផ្សារ​​លក់​​​ជី​​ធម្មជាតិ​​ដែល​​មាន​តម្លៃ​ថោក និង​ស្ថិត​នៅ​ក្នុង​ភូមិ​ឋាន​របស់​ពួក​គាត់។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន ប្រាប់ Newsroom Cambodia តាមបណ្តាញ​សង្គម​តេលេក្រាម​ថា នៅ​ឆ្នាំ​២០១៩​ កម្ពុជា​បាន​នាំ​ចូល​ជី​កសិកម្ម​ប្រមាណ​ជាង​១លាន​តោន និង​ថ្នាំ​កសិកម្ម​​៨ម៉ឺន​តោន ពី​ក្រុមហ៊ុន​ចំនួន​២២៦​ស្ថាប័ន មាន​ថ្នាំ​ជី​កសិកម្ម​១,១៩៦​មុខ និង​ថ្នាំ​កសិកម្ម​១៥,១៥​មុខ។ លោក​​រដ្ឋមន្ត្រី វេង សាខុន មិនបាន​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​​ការស្នើ​ពី​សំណាក់​កសិករ​ដែល​ចង់​​ឲ្យ​ជី​ធម្មជាតិ​មាន​តម្លៃថោក និង​ងាយស្រួល​ទិញ​ក្នុង​តំបន់​ពួកគាត់​នោះ​ទេ​។

លោក ថេង សាវឿន បាន​ផ្តល់​​​ជា​​យោបល់​​ថា កសិករ​គួរ​ចងក្រង​គ្នា​ជា​សហគមន៍​ទៅ​តាម​តំបន់​នីមួយៗ ដើម្បី​ងា​យស្រួល​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី​ធម្មជាតិ និង​ស្នើឱ្យ​បង្កើត​ដេប៉ូ​នៅ​ក្នុង​តំបន់​ពួកគាត់ ព្រមទាំង​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ធ្វើ​ជីធម្មជាតិនេះមានតម្លៃថោកផងដែរ៕​