(ភ្នំពេញ): មាត់ទន្លេ រាជធានីភ្នំពេញ គឺជាទីមនោរម្យសម្រាប់មនុស្សម្នាដើរកំសាន្ត ស្រូបយកខ្យល់អាកាស និងធ្វើលំហាត់ប្រាណ ប៉ុន្តែពេលខ្លះអ្នកដើរលំហែរតាមផ្លូវត្រូវស្រូបយកក្លិនដែលបណ្តាលមកពីការបន្ទោរបង់តាមច្រាំងទន្លេ។
កំពុងអង្គុយនៅតាមច្រាំងនៃមាត់ទន្លេ ខាងមុខវត្តឧណ្ណាលោម លោក ថុល ចាន់ណារ៉ា អ្នកហាត់ប្រាណម្នាក់និយាយថា រាល់ពេលដែលលោករត់ហាត់ប្រាណ ពេលខ្លះខ្យល់បក់នាំក្លិនឆ្អេះ ជះពីច្រាំងទន្លេ និងបរិយាកាសនៅជុំវិញខ្លួនមិនល្អ។ លោកបន្តថាការណ៍នេះឲ្យលោកមានអារម្មណ៍មិនល្អ និងប៉ះពាល់ដល់ខ្យល់ដង្ហើម រហូតធ្វើឲ្យលោកលែងចង់មកហាត់ប្រាណនៅទីនោះទៀត។
បុរសដែលរស់នៅម្តុំផ្សារកណ្តាលរាជធានីភ្នំពេញរូបនេះបន្ថែមថា បង្គន់អនាម័យពីមួយកន្លែងទៅមួយកន្លែងឆ្ងាយពីគ្នារហូតដល់១គីឡូកន្លះទៅពីរគីឡូម៉ែត្រ ធ្វើឲ្យលោកពិបាកដើររកពេលលោកចង់ចូលបន្ទប់ទឹកម្តងៗ។
«ខ្ញុំពេលដឹងថាអត់ស្រួល [ចង់ប្រើបន្ទប់ទឹក] ដើរទៅផ្ទះវិញ សុំគេ គេមិនឲ្យចូលទេ បើទៅជាលក្ខណៈភ្ញៀវចេះតែទៅបានហើយ បើសុំគេចូលបត់ជើងគេមិនឲ្យចូល ពេលខ្លះគេមិនកំណាញ់ តែមិនទំនង វាមិនសម ដូចគ្មានសីលធម៌»។
លោកបានបន្ថែមដោយសំណូមពរឲ្យមានបង្គន់អនាម័យបន្ថែម ដើម្បីងាយស្រួលសម្រាប់អ្នកហាត់កីឡា និងស្រ្តីមានផ្ទៃពោះ បើទោះបីជាត្រូវបង់លុយក្តី។
«ពីមុនមានកន្លែងនោះមួយ តែឥឡូវមិនដឹងគេដកទៅណា នៅពេលខ្លះឧស្សាហ៍ឃើញអ្នកពោះធំឈឺបត់ជើងតូច គាត់សួរខ្ញុំ បន្ទប់ទឹកនៅឯណា? ខ្ញុំចង្អុលប្រាប់គាត់នៅនោះ ពេលងាកទៅបាត់ៗ»។
កំពុងដើរដឹកដៃកូនពីរនាក់តាមមាត់ទន្លេ អ្នកស្រី សាង អុន និយាយថា នៅពេលដែលអ្នកស្រី ចង់ប្រើបន្ទប់ទឹក អ្នកស្រីតែងដើរទៅកន្លែងលក់ទំនិញ ឬបន្ទប់ទឹកនៅវាលមេរុ។ អ្នកស្រី បន្ថែមថា អ្នកស្រីចង់បានបន្ទប់ទឹកស្អាត និងមានអនាម័យ បើទោះបីត្រូវចំណាយលុយបន្តិចក៏ដោយ។
«ក្លិនតែងតែមានខ្លះ អត់ខ្លះបើកន្លែងនេះអត់សូវអី បើកន្លែងនោះជះ ធម្មតាមនុស្សនោមទៅវាមិនអាចថាមិនមានក្លិនឡើយ។ បើចង់ឲ្យក្លិនបាត់ទាល់តែសំអាតអ្នកហ្នឹងកុំឲ្យមានអ្នកគគ្រិចនៅហ្នឹងបានវាបាត់»។
ចំណែកស្រី្តលក់ភេសជ្ជៈម្នាក់វ័យ៧០ឆ្នាំប្លាយ កំពុងអង្គុយហូបបាយខ្ចប់ថង់ជាមួយត្រីចៀន គៀនបង្កាន់ដៃបន្ទប់ទឹកខាងមុខវាលមេរុលើកឡើងថា ពេលយប់អ្នកស្រីសម្រាកជិតបន្ទប់ទឹកហើយងើបដើរលក់ចាប់ពីម៉ោង៥កន្លះភ្លឺ ដល់យប់។ អ្នកស្រីថា អ្នកស្រីមិនចូលបន្ទប់ទឹកនេះញឹកញាប់នោះទេ ដោយសារបន្ទប់ទឹកនត្រូវបង់លុយ៥០០រៀល រាល់ពេលប្រើប្រាស់។
«យប់ឡើងដេកនៅហ្នឹង បន្ទប់ទឹកខ្ញុំមិនសូវចូលហ្នឹងទេ ទៅកន្លែងនោះ ទៅកន្លែងដន្លងខ្ញុំនៅ»។
លោកតូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមានប្រសាសន៍ថា សាលារាជធានីគួរធ្វើបន្ទប់ទឹកអនាម័យបន្ថែមទៀត និងមិនយកប្រាក់ ដើម្បីឲ្យពួកអ្នកក្រីក្រ និងជនអនាថាមិនហ៊ានមកចូលប្រើបន្ទប់ទឹកដូច្នេះរដ្ឋាភិបាល ឬសាលារាជធានីភ្នំពេញគួរគិតគូរសាងសង់បង្គន់ មិនយកលុយសម្រាប់ពួកគាត់។
«ជនអនាថា អ្នកសុំទានគាត់អត់មានលុយទេ អញ្ចឹងគាត់អត់ហ៊ានចូលទេ គាត់ទៅបន្ទោរបង់នៅកៀនចន្លោះណាស្រេចតែចិត្តរបស់គាត់។ នេះជាបញ្ហាដែលធ្វើឲ្យយើងពិបាកគ្រប់គ្រងអញ្ចឹង។ បើអញ្ចឹងសាលារាជធានីភ្នំពេញគួរធ្វើបង្គន់កុំយកលុយឲ្យពួកគាត់បានចូលដោយមិនបាច់បង់លុយ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពិលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ។
បើតាមការផ្សាយរបស់គេហទំព័រសាលារាជធានីភ្នំពេញ គិតត្រឹមខែមករា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញមានបន្ទប់ទឹកសាធារណៈចំនួន១២កន្លែង។ ក្នុងនោះរួមមាន នៅមុខវត្តបទុមវត្តី២កន្លែង សួនក្រមង៉ុយ តំបន់កំពង់ដអរិយក្សត្រ ខាងលិចរង្វង់មូលសម្ដេចជួនណាត បញ្ជរទេសចរណ៍ សួនច្បារក្រសួងការពារជាតិ សួនច្បារវត្តភ្នំ បេនឡានក្រុង ឬទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវ សួនព្រះនាងប្រាជ្ញាបារមីនៅទីលានប្រជាធិបតេយ្យចាស់ ខាងក្រោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងសួនច្បារយាយពេញ៕