(ភ្នំពេញ): មាត់ទន្លេ រាជធានី​ភ្នំពេញ គឺ​ជា​ទី​មនោរម្យ​សម្រាប់​មនុស្ស​ម្នា​ដើរ​កំសាន្ត ស្រូប​យក​ខ្យល់​អាកាស និង​ធ្វើ​​លំហាត់​ប្រាណ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ដើរ​លំហែរ​តាម​ផ្លូវ​ត្រូវ​ស្រូប​យក​ក្លិន​​ដែល​​​បណ្តាល​ម​ក​ពី​ការបន្ទោរ​បង់​​​​​​តាម​ច្រាំងទន្លេ​​​។

កំពុងអង្គុយនៅតាម​ច្រាំង​នៃ​មាត់ទន្លេ ខាង​មុខ​វត្ត​ឧណ្ណាលោម លោក ថុល ចាន់ណារ៉ា អ្នក​ហាត់​ប្រាណម្នាក់​​និយាយ​ថា រាល់​ពេល​ដែល​លោក​រត់​ហាត់​ប្រាណ ពេល​ខ្លះ​​ខ្យ​ល់​បក់​នាំ​ក្លិន​​ឆ្អេះ​ ជះ​​​ពី​​ច្រាំង​ទន្លេ​ និង​បរិយាកាស​នៅ​ជុំវិញ​ខ្លួន​មិន​ល្អ។ លោក​បន្ត​ថា​ការណ៍​នេះ​ឲ្យ​លោក​មាន​អារម្មណ៍​មិនល្អ​ និង​ប៉ះពាល់​ដល់​ខ្យល់​ដង្ហើម​ រហូត​ធ្វើ​ឲ្យ​លោក​លែង​ចង់​​​មក​​​ហាត់​ប្រាណ​នៅ​ទីនោះ​ទៀត។​  

បុរស​ដែល​រស់​នៅ​ម្តុំ​ផ្សារ​កណ្តាល​រាជធានី​ភ្នំពេញ​រូបនេះ​​បន្ថែម​ថា បង្គន់​អនាម័យ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​​ឆ្ងាយ​ពី​គ្នា​រហូត​ដល់​១គីឡូ​កន្លះ​ទៅ​ពី​រ​គីឡូម៉ែត្រ ធ្វើ​ឲ្យ​លោក​​ពិបាកដើរ​រក​​ពេល​លោក​ចង់​​ចូល​បន្ទប់​ទឹក​ម្តងៗ។  

«ខ្ញុំ​ពេល​ដឹង​ថា​អត់ស្រួល [ចង់ប្រើបន្ទប់ទឹក] ដើរ​ទៅ​ផ្ទះ​វិញ សុំ​គេ គេ​មិន​ឲ្យ​ចូល​ទេ បើ​ទៅ​ជា​លក្ខណៈ​ភ្ញៀវ​ចេះ​តែ​ទៅ​បាន​ហើយ បើ​សុំ​គេ​ចូល​បត់​ជើង​គេ​មិន​ឲ្យ​ចូល ពេល​ខ្លះ​គេ​មិន​កំណាញ់ តែ​មិន​ទំនង វា​មិន​សម ដូច​គ្មាន​សីល​ធម៌»។

លោក​បាន​បន្ថែម​ដោយ​សំណូមព​រ​ឲ្យ​មាន​បង្គន់​អនាម័យ​បន្ថែម​ ដើម្បី​ងាយស្រួល​សម្រាប់​អ្នក​ហាត់​កីឡា និង​​ស្រ្តីមាន​ផ្ទៃពោះ បើ​ទោះបី​ជា​ត្រូវ​បង់​លុយ​ក្តី។ 

«ពីមុនមា​ន​កន្លែង​នោះ​មួយ តែ​ឥឡូវ​មិន​ដឹង​​គេដក​ទៅ​ណា នៅ​ពេល​ខ្លះ​ឧស្សាហ៍​ឃើញ​អ្នក​ពោះ​ធំ​ឈឺ​បត់​ជើង​តូច គាត់​សួរ​​ខ្ញុំ​ បន្ទប់​ទឹក​នៅ​ឯណា? ​ខ្ញុំ​ចង្អុល​ប្រាប់​គាត់​នៅ​នោះ ពេល​ងាក​ទៅ​បាត់ៗ​​»។​

កំពុង​ដើរ​ដឹក​ដៃ​កូន​ពីរ​នាក់​តាម​មាត់​ទន្លេ អ្នកស្រី  សាង អុន និយាយថា នៅពេល​ដែល​អ្នកស្រី ចង់​ប្រើបន្ទប់​ទឹក អ្នកស្រី​តែង​ដើរ​ទៅ​កន្លែង​លក់​ទំនិញ ឬ​បន្ទប់​ទឹក​នៅ​វាលមេរុ។ អ្នកស្រី បន្ថែម​ថា អ្នកស្រី​​ចង់បាន​បន្ទប់​ទឹក​ស្អាត និង​មាន​អនាម័យ បើទោះបី​ត្រូវ​ចំណាយ​លុយបន្តិច​ក៏​ដោយ។​

«ក្លិនតែងតែមានខ្លះ អត់ខ្លះបើកន្លែងនេះអត់សូវអី បើកន្លែងនោះជះ ធម្មតា​មនុស្ស​នោម​ទៅ​វា​មិន​អាច​ថា​មិនមាន​ក្លិន​ឡើយ។ បើ​ចង់​ឲ្យ​ក្លិន​បាត់​ទាល់​តែ​សំអាត​អ្នក​ហ្នឹង​កុំ​ឲ្យ​មាន​អ្នក​គគ្រិច​នៅហ្នឹង​បាន​វាបាត់​»។

ចំណែក​ស្រី្តលក់​ភេសជ្ជៈ​ម្នាក់​វ័យ​៧០ឆ្នាំ​ប្លាយ ​​កំពុ​ង​អង្គុយ​ហូប​បាយ​ខ្ចប់​ថង់​ជាមួយ​ត្រីចៀន​ គៀន​បង្កាន់​ដៃ​បន្ទប់​ទឹក​​ខាង​មុខវាលមេរុ​លើកឡើងថា ពេលយប់​អ្នកស្រី​សម្រាក​ជិត​បន្ទប់​ទឹក​ហើយ​ងើប​ដើរ​លក់​​ចាប់​ពី​ម៉ោង​៥កន្លះ​ភ្លឺ​ ដល់​យប់។ អ្នកស្រី​ថា អ្នកស្រី​​មិន​ចូល​បន្ទប់​ទឹ​ក​នេះ​ញឹកញាប់​នោះ​ទេ ​ដោយសារ​បន្ទប់​ទឹក​ន​ត្រូវ​បង់​លុយ​៥០០​រៀល រាល់​ពេល​ប្រើប្រាស់។  

«យប់ឡើងដេកនៅហ្នឹង បន្ទប់ទឹក​ខ្ញុំមិន​សូវ​ចូល​ហ្នឹង​ទេ ទៅ​កន្លែង​​នោះ​ ទៅ​​កន្លែង​ដន្លង​ខ្ញុំ​នៅ»។​

លោកតូច ចាន់នី អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គម​កិច្ចអតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​មាន​ប្រសាសន៍​ថា សាលា​រាជធានី​គួរ​ធ្វើ​បន្ទប់​ទឹក​អនាម័យ​បន្ថែម​ទៀត និង​មិន​យក​ប្រាក់​ ដើម្បី​ឲ្យ​ពួក​អ្នក​ក្រីក្រ និង​ជន​អនាថា​មិន​ហ៊ាន​មក​ចូល​ប្រើ​បន្ទប់​ទឹក​ដូច្នេះ​រដ្ឋាភិបាល ឬសាលា​រាជធានី​ភ្នំពេញ​គួរ​គិត​គូរសាងសង់​បង្គន់​ មិន​យក​លុយ​សម្រាប់​ពួកគាត់។

«ជន​អនាថា​ អ្នក​សុំទាន​គាត់​អត់​មាន​លុយ​ទេ​ អញ្ចឹង​គាត់​អត់​ហ៊ាន​ចូល​ទេ គាត់​ទៅ​បន្ទោរ​បង់​នៅ​កៀន​ចន្លោះ​ណាស្រេច​តែ​ចិត្ត​របស់​គាត់។ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​គ្រប់គ្រង​អញ្ចឹង។ បើ​អញ្ចឹង​សាលា​រាជធានី​ភ្នំពេញ​គួរ​ធ្វើ​បង្គន់​កុំ​យក​លុយ​ឲ្យ​ពួកគាត់​បាន​ចូល​ដោយ​មិន​បាច់​បង់​លុយ»។

Newsroom Cambodia មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពិ​លោក​ ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​​រាជធានី​ភ្នំពេញ​បាន​ទេ។

បើតាម​ការ​ផ្សាយ​របស់​គេហទំព័រ​សាលារាជធានី​ភ្នំពេញ គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២០នេះ នៅ​​រាជធានី​ភ្នំពេញ​មានបន្ទប់ទឹក​សាធារណៈ​​​ចំនួន​១២កន្លែង។ ក្នុងនោះរួមមាន នៅមុខវត្តបទុមវត្តី​២កន្លែង​ សួនក្រមង៉ុយ តំបន់កំពង់ដអរិយក្សត្រ ខាង​លិច​រង្វង់មូលសម្ដេចជួនណាត បញ្ជរ​ទេស​ចរណ៍ សួនច្បារ​ក្រសួងការពារជាតិ សួនច្បារវត្តភ្នំ បេនឡានក្រុង ឬ​ទីលាន​ប្រជា​​ធិបតេយ្យ​​ខណ្ឌ​​ឬស្សីកែវ​ សួនព្រះនាងប្រាជ្ញា​បារមី​នៅទីលានប្រជាធិបតេយ្យចាស់ ខាង​ក្រោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ និងសួនច្បារយាយពេញ៕