(ខេត្តព្រះសីហនុ)៖ បរិស្ថានក្រុងព្រះសីហនុបាននិងកំពុងស្តារ និងអភិវឌ្ឍន៍ឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការវិនិយោគលើដីសមុទ្រ ការសង់អគារខ្ពស់ៗ នៅតែគគ្រឹកគគ្រេងដដែល។ ស្របពេលដែលការអភិវឌ្ឍក្នុងខេត្តជាប់មាត់សមុទ្រមួយនេះកំពុងបន្ត ប្រជាពលរដ្ឋមួយចំនួន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានត្អូញត្អែរថា ការធ្វើទំនប់របស់ក្រុមហ៊ុនអានកូ ទប់មិនឲ្យទឹកស្អុយហូរចូលសមុទ្រ បានធ្វើឱ្យលិចផ្ទះរបស់ពួកគេ អស់រយៈពេលបីឆ្នាំមកហើយ។
អ្នកស្រី ឈួន ផល្លី ពលរដ្ឋម្នាក់ដែលអះអាងថាផ្ទះរបស់អ្នកស្រីត្រូវលិចដោយសារការបិទទំនប់របស់ក្រុមហ៊ុនអានកូ ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១២ ខែសីហា ថា ក្រុមហ៊ុនអានកូបានសង់ទំនប់ទឹកនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលទៅប្រភពទឹកស្អាត កាលពីឆ្នាំ២០១៧។ អ្នកស្រីបន្តថា ក្រុមហ៊ុនអានកូបានសន្យាថា ពេលធ្វើទំនប់ហើយ គឺមិនឱ្យលិចផ្ទះប្រជាពលរដ្ឋទេ ប៉ុន្តែអ្នកស្រីថា ពីមួយឆ្នាំទៅមួយឆ្នាំ ទឹកកាន់តែលិច។
«បើកន្លែងខ្ពស់លិចត្រឹមជង្គង់ បើកន្លែងទាបលិចត្រឹមចង្កេះ ទឹកនោះហូរចេញពីរោងចក្រ បង្គន់ បើខែប្រាំងរឹតតែខ្លាំងទៀត ទឹកស្អុយដក់ ហើយឡើងដង្កូវទឹកពេញហ្នឹង។ ពួកខ្ញុំរស់នៅដោយត្រាំទឹកស្អុយរាល់ថ្ងៃហ្នឹង គាត់អត់គិតទេថា ជីវិតពួកខ្ញុំហ្នឹង មិនមែនជាមនុស្សទេឬ?»។
អ្នកស្រី ផល្លី បន្ថែមថា ពលរដ្ឋតែងដាក់ពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធ តែមិនដែលទទួលបានដំណោះស្រាយនោះទេ ។
«ពួកខ្ញុំធ្លាប់និយាយជាមួយសាលាក្រុងដែរ តែពួកគាត់ថាកំពុងតែសិក្សា ហើយឥឡូវហ្នឹងរដ្ឋាភិបាលកំពុងតែអត់លុយ ទាល់តែពិភាក្សាជាមួយអានកូ និងមន្ទីរបរិស្ថាន ប៉ុន្តែនៅពេលដែលពួកខ្ញុំសួរខាងខេត្ត ខេត្តថាអានកូ អានកូថាខេត្ត»។
ពលរដ្ឋម្នាក់ទៀតដែលអះអាងថារងផលប៉ះពាល់ពីទំនប់ចម្រោះទឹកស្អាតដែរ អ្នកស្រី នី សុខថាច ប្រាប់ Newsroom Cambodia ថា ក្រុមហ៊ុនអានកូបានសន្យាមិនឱ្យលិចផ្ទះរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែអ្នកស្រីថា ផ្ទះរបស់អ្នកស្រីនៅតែលិចដដែល ដោយមិនមានដំណោះស្រាយ ។ អ្នកស្រីបន្ថែមថា ពលរដ្ឋតែងដាក់ពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធ តែមិនដែលទទួលបានដំណោះស្រាយនោះទេ ។
«ពីមុនគេធ្វើទំនប់ដែរ តែគេធ្វើនៅឆ្ងាយពីផ្ទះខ្ញុំ ហើយផ្ទះរបស់ខ្ញុំលិចយូរៗម្តង ប៉ុន្តែឥឡូវគេធ្វើទំនប់នៅជិតផ្ទះខ្ញុំ ហើយផ្ទះខ្ញុំលិចសឹងតែរាល់ថ្ងៃ។ ពេលភ្លៀងម្តងៗពិបាកខ្លាំងត្រង់ថា ឥវ៉ាន់ក្នុងផ្ទះខូចច្រើនណាស់ និយាយទៅគឺខ្លាចឆក់ខ្សែភ្លើង»។
អ្នកស្រី សុខថាច បន្តថា ផ្ទះរបស់អ្នកស្រីដែលកំពុងសាងសង់ ត្រូវផ្អាកដោយសារតែទឹកលិច។
ពលរដ្ឋម្នាក់ទៀត លោក យីន គីមហុង ប្រាប់ថា ការបិទទំនប់នោះកើតមានរយៈពេល៣ឆ្នាំមកហើយ ហើយលោកថា លោកបានសំណូមពរជាច្រើនដងទៅខាងសាលាខេត្ត សាលាក្រុង រហូតដល់ក្រសួងបរិស្ថាន ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។
«ពួកខ្ញុំបានប្តឹងទៅសាលាខេត្ត ហើយប្តឹងទៅដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពួកគេដឹងឮអស់ហើយ ហើយធ្លាប់ចុះមកមើលដែរ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ»។
បើតាមប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនអានកូ គឺជាក្រុមហ៊ុនឯកជនមួយដែលវិនិយោគលើប្រព័ន្ធផលិតទឹកស្អាត ដោយលក់ដុំទឹកស្អាតទៅឱ្យខាងរដ្ឋាករទឹកខេត្តព្រះសីហនុ តាំងពីឆ្នាំ២០១៨។
អ្នកស្រី ជៀប សុភារី មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រុមហ៊ុនអានកូបានបិទទំនប់ធ្វើឱ្យទឹកស្អុយជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់លេខ១ រយៈពេល៣ឆ្នាំមកហើយ និងបានធ្វើឲ្យប៉ះពាល់ដល់គ្រួសារប្រមាណជា១៤០។
អ្នកស្រីបន្តថា «បញ្ហាធ្ងន់ធ្ងរគឺទំនប់ទឹកស្អាតអានកូ ដែលជាក្រុមហ៊ុនមួយទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ក្រុងព្រះសីហនុហ្នឹង គាត់បានបិទទំនប់ធ្វើឱ្យទឹកស្អុយ ទឹកកខ្វក់នឹងជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់លេខ១ រយៈពេល៣ឆ្នាំមកហើយ រហូតមកដល់ឥឡូវនៅមិនទាន់មានដំណោះស្រាយនៅឡើយ»។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ បដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ ដោយគ្រាន់តែបញ្ជាក់ថា៖ «ខាងក្រសួងរបស់ខ្ញុំបានដឹកនាំប្រជុំម្តងហើយ ប៉ុន្តែប្លង់ដែលយើងកំពុងតែសិក្សាមិនទាន់លម្អិតច្បាស់លាស់ យើងមិនអាចបរិយាយពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធលូបានទេ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុមានប្រសាសន៍ថា បច្ចុប្បន្នក្នុងខេត្តព្រះសីហនុមានប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ និងអាងចម្រោះមួយទៀតនៅចុងឆ្នេរអូរឈើទាល។ លោកបន្តថា កន្លងមកខាងអន្តរក្រសួង និងរដ្ឋបាលខេត្តបាន ក៏បានធ្វើអាងស្តុកទឹកលូ ហើយបូមចេញទឹកស្អាតចូលសមុទ្រ ដើម្បីទប់កុំឱ្យទឹកកខ្វក់ហូរចូលទៅសមុទ្រ ចំនួន៤កន្លែង និងកំពុងធ្វើ២កន្លែងបន្ថែមទៀត ។
លោក ឃាង ភារម្យ ទទួលស្គាល់ថា ក៏នៅមានកន្លែងខ្លះនៅមានទឹកស្អុយហូរចូលទៅក្នុងសមុទ្រ នៅមិនទាន់ល្អមួយរយភាគរយនៅឡើយ។
«អាងប្រព្រឹត្តកម្មធំរបស់យើងនៅសង្កាត់លេខ៤ វាអាចជួយច្រោះ ហើយបង្ហូរចេញទៅសមុទ្រ ប៉ុន្តែអាងប្រព្រឹត្តកម្មរបស់យើងនូវមិនទាន់ឆ្លើយតបនឹងបរិមាណទឹកស្អុយនៅឡើយ»។
លោក ថុន រដ្ឋា សកម្មជនមាតាធម្មជាតិនិយាយថា ប្រសិនបើអាងប្រព្រឹត្តកម្មនៅខេត្តព្រះសីហនុមិនទាន់ធ្វើរួចរាល់ នោះទឹកស្អុយនូវតែបង្ហូរទៅសមុទ្រ។ លោកបន្ថែមថា ទឹកស្អុយដែលហូរចូលទៅសមុទ្រមានបាក់តេរីច្រើនដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងជីវៈចម្រុះផ្សេងៗ។
«បាក់តេរីទាំងអស់ហ្នឹងហើយដែលវាធ្វើឱ្យប៉ះពាល់ដល់ត្រី និងជីវចម្រុះនៅក្រោមទឹក ជា ពិសេសបញ្ហាខ្យល់បរិសុទ្ធហ្នឹង វាក្លាយជាខ្យល់មិនល្អ ដែលប៉ះពាល់ដល់អ្នកដើរលេង និងអ្នកដែលប្រកបរបរនៅក្បែរឆ្នេរសមុទ្រជាដើម»៕