ការស្រលាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ហាក់មានការបើកចំហខ្លាំង គួរឲ្យគត់សម្គាល់ ក៏ប៉ុន្តែនៅតែមានការរើសអើង និងភាពមិនពេញចិត្ត ពីប្រជាពលរដ្ឋមួយចំនួន។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៏ ស្តីការយល់ឃើញ របស់ប្រជាពលរដ្ឋមួយចំនួនលើបញ្ហានេះ។
ក្នុងបទសម្ភាស៍នេះ មាន៣សំណួរសួរទៅកាន់ពួកគាត់៖
១. តើអ្នកធ្លាប់ឃើញ និងស្គាល់អ្នកស្រលាញ់ភេទដូចគ្នាឬទេ? យល់ដូចម្ដ៉េច?
២. តើអ្នកយល់យ៉ាងដូចម្តេចទៅលើការលើកឡើងមួយដែលថា ការ ស្រលាញ់ភេទដូចគ្នា ធ្វើឲ្យមានការផុតពូជមនុស្ស និងមិនមានការអភិវឌ្ឍន៍ក្នុងសង្គម?
៣. តើអ្នកមានការគាំទ្រទៅលើច្បាប់ការពារអ្នកស្រលាញ់ ភេទដូចគ្នាឬទេ? ហេតុអ្វី?
…..

យុវជន ព្រី វិសាល វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ កំពុងសិក្សាជំនាញវិស្វកម្ម
វិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តបាត់ដំបង
ស្រុកសំពៅលូន។
កំពុងតែដើរកំសាន្តក្បែរព្រះបរមរាជវាំង លោកវិសាល បានយល់ឃើញថាការ
ស្រលាញ់ភេទដូចគ្នា មិនមានអ្វីខុសទេ ប៉ុន្តែមិនសូវសមស្របទៅតាមបរិបទសង្គមខ្មែរ។
លោកព្រី វិសាល បាននិយាយថា៖ «ខ្ញុំធ្លាប់មានមិត្តជាអ្នកស្រលាញ់ភេទដូចគ្នា កាលពីនៅរៀនវិទ្យាល័យ តាមការយល់ឃើញរបស់ខ្ញុំ ការស្រលាញ់ភេទដូចគ្នា មិនខុសទេ ប៉ុន្តែវាមិនសូវត្រូវ នឹងបរិបទសង្គមខ្មែរ ព្រោះធម្មតា មនុស្ស
ស្រលាញ់គ្នា តែងតែ មានប្រុស និងស្រីដើម្បី បន្តពូជ ណាមួយទៀត វាខុសនឹងធម្មជាតិ»។
លោកព្រី វីសាល បានបន្តទៀតថា៖ «ខ្ញុំមានគំនិតគាំទ្របន្តិច និងអត់បន្តិច ពីព្រោះវាគឺជាចំណង់ចំណូលចិត្តរបស់បុគ្គល យើងមិនអាចហាមពួកគាត់ទេ»។
…..

លោកនាង សុភ័ណ្ឌដារ៉ា វ័យ៥៤ឆ្នាំ ជាមន្រ្ដីនរគបាលបរមរាជវាំងនៃនាយកដ្ឋានអង្គរក្ស កំពុងតែបំពេញការងារនៅក្រៅបរិវេនព្រះបរមរាជវាំង បានបញ្ចេញជាមតិយោបល់ថា គួរតែមានច្បាប់ប្រឆាំង នឹងអ្នកដែលស្រលាញ់ភេទដូចគ្នា។
លោកនាង សុភ័ណ្ឌដារ៉ា បានមានប្រសាស៍ថា៖ «ខ្ញុំធ្លាប់លឺ និងបានឃើញរឿងបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា ខ្ញុំគិតថាគួរបង្កើតច្បាប់មួយ មិនឲ្យអ្នកទាំងពីរហ្នឹង ស្រលាញ់ភេទដូចគ្នាទេ នេះនៅក្នុងចិត្តខ្ញុំផ្ទាល់ ពីព្រោះថាមនុស្សយើង កើតមកសម្រាប់ផ្សំផ្គុំ ជាមួយភេទផ្ទុយគ្នា មានញី មានឈ្មោល បើនិយាយពីសត្វ មានប្រុស មានស្រី បើនិយាយពីមនុស្ស»។
…..

កំពុងបំពេញកិច្ចការសាលានៅហាងកាហ្វេមួយកន្លែង និស្សិតឈ្មោះ កញ្ញាសែម សូម៉ាលីដា វ័យ២០ឆ្នាំ សិក្សាឆ្នាំទី១ជំនាញអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងបទសម្ភាសន៍ កញ្ញាសែម សូម៉ាលីដា បាននិយាយថា គួរតែមានច្បាប់ការពារ និងច្បាប់អនុញ្ញាតិឲអ្នកស្រលាញ់ភេទដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍បាន ដូចមនុស្សប្រុស និងមនុស្សស្រីដែរ។
កញ្ញាសែម សូម៉ាលីដា បាននិយាយដូច្នេះថា៖ «ខ្ញុំគិតថាយើង គួរតែបង្កើតច្បាប់ការពារបុគ្គលម្នាក់ៗ ដែលគាត់ស្រលាញ់ភេទដូចគ្នា ជាក់ស្ដែងខ្ញុំធ្លាប់លឺនៅក្នុងវិទ្យុ អេប៊ីស៊ី គាត់ស្រលាញ់ប្រុសដូចគ្នា ម្នាក់ដើរតួជាប្រុស ម្នាក់ទៀតដើរតួជាស្រី ខាងស្រីមានលុយមានកាក់ក៏ទៅនៅជាមួយផ្ទះខាងប្រុស ដល់ពេលគាត់ជួបបញ្ហា ខាងប្រុសបោះបង់គាត់»។
កញ្ញាសែម សូម៉ាលីដា បន្ថែមទៀតថា៖ «ចឹងចង់ឲ្យមានច្បាប់ការពារបុគ្គលទាំងពីរហ្នឹង ស្មើគ្នា ទោះបីគាត់ ស្រលាញ់ភេទដូចគ្នាដ៏ដោយ ណាមួយនេះ ក៏ដូចជាទំនួលខុសត្រូវរបស់សង្គមដែលត្រូវធ្វើជូនពលរដ្ឋខ្លួនដែរ»។
…..

កញ្ញា វណ្ណា រស្មី វ័យ២៣ឆ្នាំជានិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មកពីខេត្តត្បូងឃ្មុំ បានលើកឡើងថា អ្នកស្រលាញ់ភេទដូចគ្នា រងសម្ពាធ និងមានការរើសអើងក្នុងសង្គមជានិច្ច បើទោះបីជាគេនិយាយថា មិនឲ្យរើសអើងក៏ដោយ។
កញ្ញា វណ្ណា រស្មី បានលើកឡើងថា៖ «វាមិនមែនជាបញ្ហាក្នុងសង្គមខ្លាំងនោះទេ ព្រោះវាជាទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគាត់ ហើយពួកគាត់ ក៏មិនបានបង្កការលំបាកដល់ពួកយើងដែរ»។ កញ្ញា វណ្ណា រស្មី បន្ដថា៖ «ប៉ុន្ដែពួកគាត់អាចរងសម្ពាធមានការរើសអើងក្នុងសង្គមជានិច្ច បើទោះបីជាគេនិយាយថាមិនឲ្យរើសអើងក៏ដោយ»។
…..

លោក រិទ្ធ សុធា មកពីខេត្តព្រៃវែង បញ្ចប់បរិញ្ញាបត្រនៅសាលាភូមិន្ទ
ភ្នំពេញ ផ្នែកប្រវត្តិវិទ្យា បានយល់ឃើញថា ការស្រលាញ់ភេទដូចគ្នា មិនទាស់ខុសទេ ប៉ុន្តែវាប៉ះពាល់ដល់ប្រពៃណី ប្រសិនបើ ពួកគាត់បំផុសបំផុលថែមទៀត។
លោក រិទ្ធ សុធា និយាយថា៖ «ការស្រលាញ់ភេទដូចគ្នា ធ្វើឲ្យបាត់បង់តំណពូជ បាត់បង់ធនធានមនុស្ស លោកមិនពេញចិត្តចំពោះរឿងហ្នឹងទេ គួរតែមានច្បាប់កុំឲ្យរឿងហ្នឹងកាន់តែរីកធំទៅៗ»។ គាត់បន្ថែមថា៖ «ពេលខ្លះ គ្រួសារក៏បាត់បង់សេដ្ឋកិច្ច ព្រោះមិនហ៊ានចេញមុខក្នុងសង្គម ដោយសារមានកូន ជាអ្នកស្រលាញ់ភេទដូចគ្នា»។
…..

កញ្ញាគឹម ចាន់លាភី វ័យ១៨ឆ្នាំ កំពុងសិក្សាឆ្នាំទី១ជំនាញវិស្វរកម្មវិទ្យាសាស្រ្ដ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តតាកែវ បានបញ្ចេញជាមតិយោបល់ថាស្រីៗស្រលាញ់គ្នា ដោយសារប្រុសៗ សាវ៉ាពេក។
កញ្ញាគឹម ចាន់លាភី បានលើកឡើងថា៖ «ជួនកាលស្រីៗស្រលាញ់ភេទដូចគ្នា មកពីមនុស្សប្រុសសាវ៉ាពេក ធ្វើឲ្យខូចចិត្ត ហើយមាននារីលួងលោម ក៏ត្រូវគ្នាហើយក៏ស្រលាញ់ភេទដូចគ្នា»។ កញ្ញាយល់ឃើញថា សម័យទំនើបបច្ចុប្បន្ន បើទោះជាស្រលាញ់ភេទដូចគ្នា ក៏ពួកគេនៅតែអាចមានកូនបានដែរ ដូច្នេះគួរតែបង្កើតច្បាប់ការពារពួកគាត់ ពីព្រោះការបំបែកបំបាក់អ្នកស្រលាញ់ភេទដូចគ្នា ក៏ជាឧក្រឹដ្ឋកម្មមួយដែរ។