(ក្រុងព្រះសីហនុ)៖ អ្នកទេសចរណ៍ និងអ្នករស់នៅតំបន់ឆ្នេរសមុទ្រក្រុងព្រះស៊ីហនុ បានរអ៊ូរទាំ ពីបញ្ហាអត់មានបន្ទប់ទឹកស្អាត សម្រាប់អ្នកដើរកំសាន្តនៅតាមឆ្នេរ បើទោះបីជាឆ្នេរជាទូទៅ ស្អាតជាងមុន ក៏ដោយ។

អ្នកនាងឆៀវ លីនអាយុ៣០ឆ្នាំ និងនារី៤​ ទៅ៥នាក់ទៀត បានមកកំសាន្ត​ នៅឆ្នេរអូត្រេស ហើយបានអះអាងថា បើទោះបីជាឆ្នេរនៅទីនោះ មានភាពប្រសើឡើងក៏ដោយ បន្ទប់ទឹកគឺនៅតែមិនទាន់ស្អាត ហើយក៏មិនឃើញមានអ្នកសំអាតផងដែរ។

អ្នកនាងឆៀវ លីនបាននិយាយដូច្នេះថា៖ «បន្ទប់ទឹកសាធារណឲតែបានសំអាតឲស្អាតក៏បានដែរ តែវាគគ្រិចខ្លាំង ប្រើអត់កើតហ្មង។»

គាត់ បានបន្ថែមថា ការមិនទាន់មានបន្ទប់ទឹកស្អាត វាបង្កការលំបាកសំរាប់ពួកគាត់ជានារីភេទ ពេលចង់ចូលបន្ទប់ទឹកម្តងៗព្រោះថា បើចង់ចូល ត្រូវដើរទៅសណ្ឋាគារ ដែលមានចំងាយឆ្ងាយ។

អ្នកនាងឆៀវ លីនបាននិយាយដូច្នេះថា៖ «ចុះអ្នកនេះបានអីចូលបន្ទប់ទឹក  ដូចពួកខ្ញុំរកបន្ទប់ទឹក ឡើងវ៉ល់។»

អ្នកនាងញ៉ន ស៊ី អាយុ៤០ឆ្នាំ អ្នកមកលេងកំសាន្តឆ្នេរសមុទ្រ ក្រុងព្រះសីហនុកាលពីពេលចូលឆ្នាំថ្មីកន្លងទៅនេះ បានយល់ស្របថាឆ្នេរពិតជាស្អាតជាងមុនមែន ពោលគឺមិនសូវមានសំរាមច្រើនដូចមុន ក៏ប៉ុន្តែបង្គន់សាធារណៈ មិនសូវស្អាត ម្យ៉ាងក៏ដោយសារអ្នកប្រើខ្លះ ក៏មិនខ្វល់នឹងការថែរក្សាអនាម័យ ដោយបោះចោលសម្រាមពាលវាល ពាសកាល។

អ្នកនាងញ៉ន ស៊ី បាននិយាយដូច្នេះថា៖ «បន្ទប់ទឹកឯកជន គេមានអ្នកអនាម័យគេ តែពេញ​ គេយកទៅចាក់ចោល ហើយ គេបោស គេលាងល្អ យើងចូលទៅដូចអត់សូវឃើញគគ្រិច»។

កញ្ញាស្រីល័ក្ខ អាយុ១៦ឆ្នាំ ដែលមកកំសាន្តនៅឆ្នេរអូត្រេស កាលពីឆ្នាំមុនជាមួយសាច់ញាតិ បាននិយាយថា ខណៈដែលតូបលក់ដូរ ត្រូវបានរុះរើចេញ ក៏នៅតែមានអ្នកលក់តាមរទេះតូចៗ មានតុ និងកៅអីតូចៗ ឲភ្ញៀវអង្គុយ និងកម្មង់ម្ហូបផងដែរ។

សម្រាប់កញ្ញស្រីល័ក្ខ ព្រៃនៅក្បែរឆ្នេរអូត្រេស គឺជាបន្ទប់ទឹក។ កញ្ញាស្រីល័ក្ខ បាននិយាយដូច្នេះថា៖ «ទៅក្នុងព្រៃហ្នឹង ទៅម្នាក់ម្តង បើចង់បត់ជើងធំ ទ្រាំសិនចាំទៅផ្ទះវិញ ព្រោះអត់ទឹក»។

លោកសែន កុសល អាយុ៥០ឆ្នាំ អ្នកបើករម៉កកង់បីដឹកភ្ញៀវទេសចរនៅឆ្នេរអូរឈើទាល បានអះអាងថា នៅឆ្នេរដ៏ស្អាតមួយនេះ ក៏មិនមានបង្គន់សាធារណៈដែរ។

ដោយប្រកបរបរនេះ ជាង១០ឆ្នាំមកហើយ លោកសែន កុសល បាននិយាយថា៖ «ភ្លៀវអង្គុយលេង ទាល់តែនៅហាងណាបានហាងហ្នឹងមានបង្គន់បន្ទប់ទឹក បើភ្ញៀវអង្គុយលេងនៅឆ្នេរ អត់មានទេ»។

លោក បានបន្តថា៖ «ពិបាក សូម្បីតែភ្ញៀវ ពេលឡើងពីកោះមក ក៏ពិបាក សួរគេទៅ គេប្រាប់ឲសុំតាមអូតែល កាស៊ីណូទៅ ខ្លះហ៊ាន ខ្លះមិនហ៊ានទៅ មិនដឹងគាត់ទៅណា ទៅណី»។

អ្នកទទួលភ្ញៀវនៅសណ្ឋាគាមួយទល់មុខឆ្នេរអូត្រេស លោកជា គា អាយុ៣០ឆ្នាំ បាននិយាយថាពេលអត់មានបន្ទប់ទឹកសាធារណៈគ្រប់គ្រាន់ បានធ្វើឲអ្នកដំណើរ និងអ្នកលក់ដូរ បន្ទោរបង់ នៅទីកន្លែងសាធារណៈ បង្កើតឲមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថានជុំវិញ និងទេសចរយ៉ាងខ្លាំង។

លោកឯម ខេមរា ប្រធានកម្មវិធីសមាគមន៍ធាងត្នោត បានមានប្រសាសន៏ថា កម្ពុជាមិនទាន់មានបង្គន់សាធារណៈគ្រប់គ្រាន់នៅតាមតំបន់ឆ្នេរ និងតាមសួនសាធារណៈនៅឡើយទេ។

បន្ទប់ទឹក គឺមានភាពចាំបាច់ណាស់ សម្រាប់ប្រជាជនទូទៅ ក៏ប៉ុន្តែ សម្រាប់ក្រុងព្រះសីហនុជាពិសេស បន្ទប់ទឹកវារឹតតែសំខាន់មែនទែន ព្រោះជាក្រុងទេសចរ។​ នេះបើយោងតាមការអះអាងរបស់លោកឯម ខេមរា។

លោកឯម ខេមរា បាននិយាយដូច្នេះថា៖ «ខ្ញុំគិតថាបើសិនជា រាជរដ្ឋាភិបាលគិតគូរឲបានច្រើនអំពីបង្គន់ ឬបន្ទប់ទឹក វាជាការចាប់ផ្តើមមួយ ដ៏ល្អសំរាប់ជួយក្នុងការរួមចំណែកក្នុងការអភិវឌ្ឃន៍ទីក្រុងឲមានសោភ័ណ្ឌភាព ហើយក៏អាចជួយលើកកម្ពស់វិស័យទេសចរ»។

លោកតាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទីក្រុង និងក្រសួងពាក់ព័ន្ធកំពុងសិក្សាសាងសង់ស្តង់ដាបន្ទប់ទឹកថ្មីៗ ជាង១០ និងសាងសង់តាមតំបន់ឆ្នេរ ហើយបន្ទប់ទឹកមួយចំនួន ក៏បានកែច្នៃល្អ​ ប្រសើរហើយដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះស៊ីហនុ លោកឃាង ភារម្យ បានមានប្រសាន៍ថា ក្រុងគ្រោងផែនធ្វើបង្គន់អនាម័យតាមស្តង់ដាតំបន់ទេសចរណ៍ ដោយមិនគិតកំរៃ ចំនួន១៤បន្ទប់ និងបង្គន់នៅតាមបណ្តោយឆ្នេរអូរឈើទាលទី២ ទៅដល់ អូត្រេសទី១ អូត្រេសទី២ និងឆ្នេរជំទាវម៉ៅ។