ភ្លៀងលិចផ្នែកខ្លះនៃរាជធានីភ្នំពេញ ក្លាយជាទម្លាប់ទៅហើយ ពោលគឺនៅរាល់រដូវវស្សា។ បញ្ហាទាំងនេះ អាចមកពីការអភិវឌ្ឍ និងខ្វះការគ្រប់គ្រងសំរាម និងការលុបបឹងដើម្បីពង្រីកតំបន់ជាដើម។
ការលិចទឹក បង្កផលវិបាកយ៉ាងខ្លាំងចំពោះប្រជាជន និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ ព្រមទាំងមានបញ្ហាសុខភាពផ្សេងៗ។
សំណួរទាំង៣នេះ ត្រូវបានសួរទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលប៉ះពាល់ដោយការលិចទឺក៖
១.តើមានផលប៉ះពាល់អ្វីខ្លះចំពោះការលិចទឹក?
២.តើយល់ឃើញយ៉ាងណាចំពោះបញ្ហាទាំងនេះ? ហើយស្ថានភាពនេះមានជារៀងរាល់ឆ្នាំ ឫយ៉ាងដូចម្ដេចដែរ?
៣.តើអ្នកមានសំណូមពរទៅកាន់សាលាក្រុង ឫមន្រ្តីពាក់ព័ន្ធអ្វីខ្លះ?
….
កញ្ញាស្រី មាស អាយុ២៦ឆ្នាំ មុខរបរជាអ្នកលក់ដូរ នៅម្ដុំវត្តសន្សំកុសល
«ផលវិបាកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ មានការលំបាកខ្លាំងដោយសារការស្ទះលូដែលធ្វើឲ្យទឹកច្រាលឡើងបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពខ្លាំងមែនទែន ហើយក៏មានការប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំដែរ»។
«អ្នកដំណើរធ្លាប់តែឆ្លងកាត់តំបន់នេះមកមិនរួច ធ្វើឲ្យអីវ៉ាន់របស់ខ្ញុំអេ លក់មិនដាច់»។
«ខ្ញុំយល់ឃើញថាមូលហេតុបណ្ដាលឲ្យមានបញ្ហានេះ បណ្ដាលមកពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋមិនមានការវេចខ្ចប់ត្រឹមត្រូវ និងទាក់ទងជាមួយបញ្ហាប្រព័ន្ធស្ទះលូ ហើយស្ថានភាពកើតឡើងរៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ លិចខ្លាំងជាងរាល់ដង»។
«ជាចុងក្រោយ ខ្ញុំសំណូមពរទៅកាន់ប្រជាពលរដ្ឋ ចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមន្ត្រីពាក់ព័ន្ធធ្វើការស្តារប្រព័ន្ធលូឡើងវិញ»។
….
លោក ភាង វិបុល អាយុ ២៥ឆ្នាំ មុខឮរបរជាអ្នករត់ តាក់ស៊ី នៅម្ដុំផ្សារដើមគ
«ផលវិបាកនៃការលិចទឹកធ្វើឲខ្ញុំពិបាកក្នុងការធ្វើដំណើរទៅយកម៉ូយ វាអាចបណ្ដាលឲទឹកចូលក្នុងរថយន្តដែលជាបញ្ហាឆ្លងដល់ចរន្តអគ្គិសនី បណ្តាលឱ្យរថយន្តខូចខាតពេលរកស៊ី ភ្ញៀវក៏មានការធ្លាក់ចុះ»។
«ចំពោះស្ថានភាពទាំងនេះ បណ្ដាលមកពីការចោលសំរាមពាសវាល ពាសកាលរបស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ និងលក់ដូរនៅតំបន់ផ្សារដើមគរ ដូច្នេះពេលភ្លៀងធ្លាក់ ធ្វើឲ្យសំរាមហូរទៅក្នុងលូ ទើបបណ្ដាលអោយលូស្ទះ ទឹកហូរមិនទាន់ ហើយបញ្ហានេះតែងតែកើតមានរាល់ពេលភ្លៀងខ្លាំង»។
«ខ្ញុំមានសំណូមពរទៅកាន់សាលាក្រុង និងអាជ្ញាធរជួយដោះស្រាយ ដោយមានការបូមលូ និងសម្អាតសំរាមក្នុងការទប់ស្កាត់ កុំឲ្យស្ទះ»។
….
លោកចាន់ ប៊ុនហេង អាយុ ៥២ឆ្នាំ មុខរបរជាអ្នករត់កង់បីឥណ្ឌា ម្ដុំផ្សារដើមគ
«ចំពោះផលវិបាកនៃភ្លៀងលិចគឺធ្វើឲ្យអ៊ំមិនបានរត់រ៉ឺម៉កទេ ព្រោះតែភ្លៀងលិចផ្លូវ អញ្ចឹងត្រូវរង់ចាំទាល់តែទឹកស្រកអស់ បានរត់វិញ ដោយសារខ្លាចប៉ះពាល់ដល់គ្រឿងម៉ាស៊ីនដែរ»។
«សម្រាប់អ៊ំយល់ឃើញថា ឲ្យតែពេលភ្លៀងមកលិច អាចបណ្ដាលមកពីបញ្ហាស្ទះលូ និងបញ្ហាសំរាម គ្មានទំនុកបម្រុងក្នុងការកាយសំរាមចេញពីមាត់លូ»។
«សម្រាប់អ៊ំ អ៊ំមិនដឹងថាសំណូមពរបែបណាទេ ព្រោះថាអ្នកដែលចុះមក ក៏ឃើញស្រាប់ហើយតាំងតែពីកូវីដមក អ៊ំក៏រកមិនសូវបានដែរ»។
….
កញ្ញាយង់ ដាលីន អាយុ ២៨ឆ្នាំ អ្នកលក់ដូរ នៅម្តុំបឹងទំពន់
«ចំពោះអ្នកលក់ដូរដូចជាខ្ញុំ វាមានផលលំបាកខ្លាំងណាស់ព្រោះបង្កឱ្យមានកខ្វក់បរិស្ថាន ឬកខ្វក់មុខផ្ទះខ្ញុំ ធ្វើឱ្យអ្នកទិញគាត់មកមើលឃើញថាមានភាពកខ្វក់អញ្ចឹង គាត់អត់ហ៊ានញ៉ាំរបស់យើងអញ្ចឹង។ នៅម្តុំនេះឲ្យតែមានភ្លៀង គឺលិចហ្មង វាលិចរាល់ឆ្នាំ»។
«សំណូមពរឱ្យមន្ត្រីដែលពាក់ព័ន្ធនៅកន្លែងនេះ ឱ្យពួកគាត់ជួយសម្អាតលូ កុំឱ្យបង្កលិចថ្ងៃក្រោយទៀតអញ្ចឹង»។
….
អ្នកស្រី ទួន សុផាត អាយុ៦៨ អ្នកលក់ភេសជ្ជៈ ម្ដុំផ្សារដើមគ
«វាប៉ះពាល់ខ្ញុំលក់ដូរ រកស៊ី ពេលភ្លៀងមកអណ្តែតអាធុងទឹកហ្នឹង។ ឡានគេបើកមកត្រឹមនេះៗ (ចង្កេះ) វាលិច វាពិបាកហ្មង និយាយរួមពិបាកហ្មង»។
«ទឹកស្អុយអណ្តែតមកទាល់តែអស់វិញទៅ ខ្ញុំមិនដឹងដែរ អត់ចេះអត់ដឹងទេកន្លែងហ្នឹង បើភ្លៀងតិចវាអត់លិចទេកូន តែបើភ្លៀងធំបានលិច។ មានតែសំណូមពរធ្វើម៉េចកុំឱ្យតែភ្លៀងមកលិចអញ្ចឹងទៅណាកូន រៀបចំឱ្យបានប្រជាជនរកស៊ីស្រួលបួល វាអរណាស់ហើយ»។