(ភ្នំពេញ និង​ព្រះសីហនុ): សំរាម​ប្លាស្ទិកត្រូវ​បាន​​គេ​ឃើញ​មាន​ពាសវាល​ពាស​កាល​ ទាំង​លើ​ដី និង​ក្នុង​ទឹក​ ហើយ​​ប្លាស្ទិក​​ជា​ប្រភេទ​កាកសំណល់​មិន​ងាយ​រលាយ និង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ។​ ចំណែក​នៅ​កម្ពុជា ប្រជា​ពលរដ្ឋ​មួយ​ចំនួនមាន​ទម្លាប់​​​​បោះចោល​សំណល់​ផ្លាស្ទិក និង​មិន​ទាន់​មាន​ការ​បែង​ចែក​ប្រភេទ​សំរាម​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ។

តែ​ទោះបី​ជា​យ៉ាងណា ពលរដ្ឋ​មួយ​ចំនួន​​ក៏​កំពុង​ព្យាយាម​អនុវត្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ហើយ​ខ្លះ​ក៏​កំពុង​យក​សំណល់​ប្លាស្ទិក​ទៅ​កែ​ច្នៃ​ជា​របស់​ប្រើប្រាស់​ផ្សេងៗ​ឡើង​វិញ​ជាដើម។

លោក សុខ​ ធី​ ប្រធានសហគ្រាស​ឥដ្ឋ​អេកូដែល​​​បាន​​ប្រមូល​​យក​​សំរាម​ប្លាស្ទិក​​​​​​មក​​កែច្នៃ​លាយ​​ជាមួយ​វត្ថុ​ផ្សេង​​ទៀត​មក​ធ្វើ​ជា​ឥដ្ឋ​អេកូ​សម្រាប់​​សាងសង់​​ផ្ទះ​​ បាន​​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី១០ ខែ​សីហា​ ថា ការ​​ប្រើប្រាស់​កាកសំណល់​ប្លាស្ទិក​មក​ធ្វើ​ជា​ឥដ្ឋ​អេកូ អាច​​​ជួយ​កាត់បន្ថយ​សំរាម​លើ​ផែនដី ផ្លាស់​ប្តូរ​​ផ្នត់​គំនិត​​ប្រជាជន​​ឲ្យ​​ចេះ​ញែក​សំរាម​ដោយ​ឡែក​ទុក​សម្រាប់​កែច្នៃ និង​ជួយ​សម្អាត​បរិស្ថាន​។ លោក​បន្ថែម​ថា ឥដ្ឋអេកូ​នេះ​ក៏​ជួយ​កាត់បន្ថយ​សង្វាក់​ផលិតកម្ម ​ថ្លៃ​ដើម​ថោក​ជាង​មុន  និង​មាន​គុណភាព​ខ្ពស់។

លោក​​​ថា៖ «ចំពោះ​​ការផលិត​​គឺ​​វត្ថុ​​ធាតុ​​ដើម​ប្រមូល​​កាក​​សំណល់​​ប្លាស្ទិក​​យក​​មក​​កិន​​ជាមួយ​​វត្ថុ​​ធាតុ​ដើម​​ផ្សេងៗ​​ទៀត ​ដើម្បី​​ផលិត​​ជា​​ឥដ្ឋ​​អេកូ។ ប្លាស្ទិក​​យើង​ប្រើ​ប្រភេទ​កព្ចាប់​នំ កញ្ចប់​មី ទុយោ កែវ​ជ័រ របស់​របរ​ដែល​គេ​ប្រើប្រាស់​ហើយ»។

លោក​បន្ថែមថា ឥដ្ឋអេកូ​ត្រូវ​ផ្សំ​ប្លាស្ទិក​ដែល​ប្រមូល​បាន​ លាយ​ជា​មួយ​ដី​ខ្សាច់ ស៊ីម៉ង់ត៍ និង​វត្ថុ​ធាតុ​​ដើម​​​ផ្សេង​ៗទៀត​។

«កាផលិត​យើង​ប្រើ​ប្លាស្ទិក​ប្រហែល​៣៥%​ ដំណើរការ​ដោយ​យើង​កិន​ប្លាស្ទិក កិនដី​​ចូល​ម៉ាស៊ីន​លាយ​បាន​យើង​កៀប​ចេញ​ជា​ឥដ្ឋ។ គុណភាព​មាន​តាម​អ្នក​បច្ចេកទេស​គេ​ប្រាប់​មក​យើង​ធន់​ជាង​ឥដ្ឋ​ធម្មតា​តាម​ឥដ្ឋ​បែប​បុរាណ​យើង ហើយ​យើង​ចូល​ក្នុង​មន្ទីរ​ពិសោធន៍​តិចណូ​ក៏​យើង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដែរ កម្លាំង​សង្កត់​បាន​ខ្ពស់»។

លោកបន្តថា ចំពោះ​ការប្រមូល​ប្លាស្ទិច​តាម​សាលារៀន សហគមន៍ និង​មាន​ការផ្តល់​ជូន​ពី​ភោជនីយដ្ឋាន ក្រុមហ៊ុន​ផ្សេងៗ​ដែល​ទាក់ទង​មក ប៉ុន្តែ​លោក​ថា ​វា​មាន​ផល​វិបាក​ក្នុង​ការយក​សំណល់​ប្លាស្ទិកម​ក​ប្រើ​ ដោយសារ​ប្រជា​ពលរដ្ឋ​​​ចោលសំ​ណល់​ប្លាស្ទិក​ដែល​ប្រឡាក់​លាយឡំ​នឹង​កាក​សំណល់​ដទៃ​ទៀត​ ដូច្នេះ​ត្រូវ​ចំណាយ​ពេល​​សម្រាប់​​​ញែក​ប្លាស្ទិក​នោះ​ចេ​ញ​ពី​កាក​សំណល់​ដទៃ​ទៀត និង​ត្រូវ​លាង​សម្អាត​ឲ្យ​ស្អាត​ជាមុន ទើប​អាច​យក​វា​មក​ផលិត​បាន។

«ប្រជាពលរដ្ឋខ្លះគាត់តែងតែបោះចោលសំណល់ផ្លាស្ទិចទៅចូលគ្នាជាមួយសំរាម ដែលធ្វើ​ឲ្យ​​យើង​ពិបាក​ក្នុងការប្រមូលប្លាស្ទិចហ្នឹង អញ្ចឹងពួកយើងប្រមូលតាមសាលារៀន តាមសហគមន៍ ប៉ុន្តែ​ភាគ​ច្រើន​គឺពួក​គាត់ដាក់លាយគ្នាជាមួយវត្ថុធាតុដើមផ្សេងៗទៀត អាហ្នឹងជាផលពិបាក»។

លោកបន្ថែមទៀតថា បើ​ប្រមូល​បាន​ប្លាស្ទិក​សុទ្ធ ហើយ​ស្អាត វា​ជា​ការងាយស្រួល​សម្រាប់​យក​មក​ផលិត​បាន​ភ្លាមៗ មិន​ចាំបាច់​ត្រូវ​ញែក​សំរាម និង​លាង​សំអាត​ឡើយ។ លោកក៏​បាន​សំណូមពរ​ឲ្យ​ប្រជា​​ពលរដ្ឋ​ជួយ​គាំទ្រ​ និង​​ញែក​សំរាម​តាម​ផ្នែក​ដើម្បី​ងាយស្រួល​យក​មក​កែច្នៃ​​។

ចំណែក​លោក សេង វេហា បុគ្គលិក​នៅ​ភោជនីយដ្ឋាន​សណ្តាន់​ ក្នុង​ក្រុង​ព្រះសី​ហនុ​លើក​ឡើង​ថា ហាង​​ដែល​លោក​ធ្វើ​ការ​ តែង​ព្យាយាម​កាត់បន្ថយ​ថង់​ប្លាស្ទិកដោយសារ​ដឹង​ថា​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន តាម​រយៈ​ការ​ប្រើ​ប្រាស់​គោលការណ៍​ពណ៌បៃតង (Green Policy)។ លោក​បន្ត​ថា រាល់ការវេច​ខ្ចប់​អាហារ​គឺ​ប្រើប្រាស់​ប្រអប់​ធ្វើពី​ក្រដាស ថង់​ច្រក​ធ្វើ​ដោយ​ថង់​បរិស្ថាន​ដែល​ធ្វើ​ដោយ​រុក្ខជាតិ និង​ក្រដាស បំពង់​ទុយោបឺត​ធ្វើ​ដោយ​កាក​អំពៅ​ជាដើម​។ លោក​បន្ថែម​ថា សម្រាប់​ការញែក​សំរាម នៅ​ហាង​របស់​លោក​មាន​ការញែក​សំរាម​ចំនួន​​៤​ធុង​ខុស​គ្នា គឺ​​ធុង​សំរាម​ដាក់​តាម​ផ្នែកសំរាម​នីមួយៗ។​

«យើង​ខំប្រឹង​ធ្វើ​ខ្លួន​ឯង យើង​អត់​ខ្វល់​ អញ្ចឹង​ថ្ងៃ​ណាមួយ ពួកគាត់​ឃើញ​ថា​នៅ​កន្លែង​នេះ​គេ​បាន​បែងចែក​សំរាម​ត្រឹមត្រូវ​របស់​គេ មាន​ពពួក​ហៅថា​ធ្វើ​ជី​កំប៉ុស្ត​ផ្សេ​ង ពពួក​ធ្វើ​រលួយ​ផ្សេង សំបក​កំប៉ុង​ផ្សេង​ជាមួយ​ដប​អី​ផ្សេង និងប្លាស្ទិកទូទៅផ្សេង​»​។​  

លោក​បន្ថែមថា​ រាល់​ក្រុមហ៊ុន​គួរ​បណ្តុះ​បណ្តាល​បុគ្គលិក ហើយ​ត្រូវ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល ​ដើម្បី​ដឹង​ថាយក​សំរា​មទៅ​ធ្វើអ្វី​ ទើប​ការញែក​សំរាម​អាច​ទៅ​រួច​សម្រាប់​ប្រជាជន​ទូទៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន មាន​ប្រសាសន៍​ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការគ្រប់គ្រង​សំណល់ គឺ​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ការបែងចែក​សំណល់​ទៅ​តាម​ប្រភេទ​ក៏​នៅ​មាន​កម្រិត​ដែរ​។ លោក​ថា ផលវិបាក​ក្នុង​ការប្រើប្លាស្ទិក​តែម្តង ហើយ​បោះចោល បា​ន​ធ្វើឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន បំពុល​ខ្យល់ និង​បង្កើន​ថាមពល​ផលិត​ ​ហើយ​បង្កើត​ជា​សំរាម​ប្លាស្ទិក​យ៉ាង​ច្រើន​លើ​ផែនដី​ ដែល​បន្សល់​ទុក​រាប់​រយ​ឆ្នាំ។

លោក​ នេត្រ ភក្រ្តា បន្ថែម​​​ថា ប្លាស្ទិក​ទាំង​នោះ​ ហូរ​ចូល​សមុទ្រ និង​បម្លែង​ខ្លួន​អាច​ប៉ះពាល់​ដល់​ចំណី​អាហារ​​ត្រី ប៉ះពាល់ដល់ជីវចំរុះក្នុងទឹក ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បង្កឲ្យ​មាន​ផ្ទុក​មីក្រូ​ប្លាស្ទិក​ក្នុង​ខ្លួន និង​បរិស្ថាន។

«ការរលាយ​របស់ប្លាស្ទិក​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ការដុត​ក៏​ប៉ះពាល់​ដល់​​បរិស្ថាន​ដែរ ហេតុ​ដូច្នេះហើយ​បាន​យើង​ជំរុញឲ្យ​មាន​ការកាត់បន្ថយនៃ​ការប្រើប្រាស់ ជាពិសេស​ក្រុម​ការងារ​គ្រប់គ្រង​សំណល់​ប្លាស្ទិក​នៃ​ក្រសួង​បរិស្ថាន បាន​និង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ការរៀបចំ​​អនុក្រឹត្យ​ដែល​ឈាន​ទៅ​ដល់​ការហាមឃាត់​ការចរាចរ ឬ​មួយ​ក៏​ការលក់​ដូរ ឬ​ការផលិត​នូវ​សម្ភារៈ ឬ​ក៏​ការផលិត​ដែល​ជា​ប្លាស្ទិក​​ប្រើប្រាស់​​ម្តង​ហើយ​បោះចោល»។

បើ​តាម​លោក​ នេត្រ ភក្រ្តា សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រមាណជា​៤លាន​តោន​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ១៥​ ទៅ២០ភាគរយ​ជា​សំណល់​ប្លាស្ទិក។ ​សម្រាប់​រាជធានី​ភ្នំពេញ សំរាម​ក្នុង​មួយ​ថ្ងៃ​មាន​ប្រហែល​​ជា​៣ពាន់តោន ក្នុង​នោះ​មាន​១០លានថង់ប្លាស្ទិច​ត្រូវ​បាន​ប្រើប្រាស់ក្នុ​ង​១ថ្ងៃ៕​