ភ្នំពេញ៖ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះពុទ្ធសាសនាមិនបានហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមសកម្មភាពនយោបាយនោះទេ ប៉ុន្ដែត្រូវស្ថិតនៅក្រោមពុទ្ធបញ្ញាត្តិ និងច្បាប់ជាតិ ដែលជាដែនកំណត់។
នៅក្នុងបទសម្ភាស៍កាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២០នេះ សម្ដេច ឃឹម សន មានសង្ឃដីការថា ព្រះពុទ្ធសាសនា មិនបានហាមឃាត់ព្រះសង្ឃ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយនោះទេ ក៏ប៉ុន្តែមិនអាចចូលរួមធ្វើបាតុកម្ម និងក៏មិនអាចឈរឈ្មោះក្នុងការបោះឆ្នោតបានដែរ។
ព្រះពុទ្ធជ័យមុនី បានពន្យល់បន្ថែមថា៖ «ត្រង់ណាច្បាប់ជាតិ គេអនុញ្ញាតធ្វើនយោបាយត្រឹមណា ហើយត្រឹមណាធម៌វិន័យអាចធ្វើបាន ដូចសង្ឃប្រកាសអញ្ចឹង បានធ្វើអនុសំវច្ឆររួមគ្នាថា បព្វជិតចូលរួមក្នុងសកម្មភាពនយោបាយ ដូចការចូលរួមបោះឆ្នោតអីបាន ប៉ុន្តែមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត ធ្វើបេក្ខភាព បេក្ខជន ធ្វើជាតំណាងរាស្ត្រ ហើយមិនអាចចូលរួមធ្វើបាតុកម្មបានទេ»។
សម្តេចព្រះ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានពន្យល់បន្ថែមថា៖ «ជាធម្មតាយើងជាអ្នកបួស ដូចជាមិនមានតែព្រះពុទ្ធសាសនាទេ ដូចប្រទេសយើង គឺមានសាសនាធំៗ ដូចជាសាសនាគ្រឹស្ដ សាសនាឥស្លាម ក៏អ្នកបួសគេ ក៏មិនបានយកសកម្មភាពមកធ្វើផ្ទុយច្បាប់រដ្ឋ និង វិន័យសាសនារបស់គេដែរ យ៉ាងណាម៉ិញ យើងសាកសមជាព្រះសង្ឃ ជាអ្នកបួស មុននឹងធ្វើអ្វីទាល់តែធ្វើប្រកបដោយបញ្ញា»។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សនបានបន្តថា៖ «ពោល សីល សមាធិ បញ្ញា បានសេចក្តីថាយើងដោះស្រាយក្នុងវិធីអ្វីមួយត្រូវយកបញ្ញាមកដោះស្រាយតាមទ្រឹស្តីរបស់ព្រះពុទ្ធ បានទៅរួច មិនអាចឃើញគេធ្វើខុសអីមួយ យើងយកកំហឹងមកដោះស្រាយ មិនអាចទៅរួចទេ»។
លោកបណ្ឌិត មាស នី បានលើកឡើងថា សង្គមកម្ពុជា ពីដើមមក ចលនាសង្គមសំខាន់ៗ ដែលបានកើតមានក្នុងប្រវត្តិសាស្ត្រ ភាគច្រើនចេញពីព្រះសង្ឃ មានឈ្មោះដូចជាអាចារ្យ ហែម ជៀវ ពោធិកំបោរ អាចារ្យល័ក្ខ ដែលសុទ្ធតែជាប្រវត្តិនៃការតស៊ូដើម្បីផ្លាស់ប្តូរ សង្គមសំខាន់ៗណាស់។
លោក មាស នីបាននិយាយដូច្នេះថា៖ «បើសិនជាសាសនាមានឥទ្ធិពលទៅខាងណាមួយ ការគាំទ្រក៏នៅតែមាន រាល់ថ្ងៃយើងឃើញហើយ កាលណាមានការតវ៉ា រាលដាលដល់ព្រះសង្ឃអីហ្នឹង ច្រើនតែមានខាងប្រព័ន្ធរដ្ឋ តែងតែចេញវិធានការទប់ទល់ដោយខ្លាច មានឥទ្ធិពលពីព្រះសង្ឃ»។
សូមរំលឹកផងដែរថា កាលពីខែសីហាកន្លងទៅនេះ អាជ្ញាធរបានហាម និងឃាត់ព្រះសង្ឃខ្លះដែលនិមន្ដចូលរួមសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធាសហជីព ដែលកំពុងជាប់ពន្ធនាគារដោយសាររឿងព្រំដែនជាមួយវៀតណាម៕