លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន និងតាមរយៈប្រព័ន្ធវីដេអូ លោក ប្រាក់ សុខុន បានបញ្ជាក់ថារដ្ឋធម្មនុញ្ញកម្ពុជាចែងថា កម្ពុជាជាប្រទេសអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ហើយក៏មិនអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានលើកឡើងម្តងហើយ ម្តងទៀត ក៏ដូចជាច្រានចោលនូវការចោទប្រកាន់ផ្សេងៗ ពីសំណាកមជ្ឈដ្ឋានបរទេស ពីការសាងសង់មូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន។
កន្លងមក សារព័ត៌មាន Asia Times ធ្លាប់បានចុះផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យប្រទេសចិនប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធានៅឯមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
ក្រសួងការពារជាតិកម្ពុជា ក៏បានចេញមកច្រានចោលទាំងស្រុង នូវការចុះផ្សាយនេះផងដែរ ដោយលើកឡើងថា ការផ្សាយមានចរិតលាបពណ៏ញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ កិត្យានុភាព វិស័យយោធា និងអព្យាក្រឹតអចិន្ត្រៃយ៍របស់កម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ លោក ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចៀសវាងការកាន់ជើងភាគីណាមួយក្នុងបរិបទនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងការធ្លាក់ក្នុងអន្ទាក់នៃការប្រកួតប្រជែងនេះ ដោយសារកម្ពុជាធ្លាប់មានប្រវត្តិជូរជត់ ដែលនាំអោយកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម និងការកាប់សំលាប់គ្នា តាំងពីទសវត្សឆ្នាំ៥០ ដល់ទសវត្សឆ្នាំ៨០។
លោកបញ្ជាក់ថា៖ «កម្ពុជាត្រូវចងចាំអំពីសោកនាដកម្ម ពីអតីតកាលដ៏សោកសៅរបស់យើងដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមក»៕