លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០នេះ ថាតាមការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ លើព្រះសង្ឃ៤៦អង្គ ដែលប្រឈួនព្រមៗគ្នានៅខេត្តបាត់ដំបង គឺជាជំងឺគ្រុនផ្តាសាយធំ។
ក្រសួងសុខាភិបាលបានទទួលរបាយការណ៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ព្រះសង្ឍចំនួន ៤៦នាក់ ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានព្រះអាការ:រោគដូចជា ក្តៅខ្លួន លើសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន ដែលបានប្រាប់អ្នកសារព័ត៏មានតាមតេលេក្រាម។
លោកស្រី ឱ វណ្ណឌីនបាននិយាយថា ហេតុការណ៌នេះ បានកើតមានឡើងចំនួន ៥-៦ថ្ងៃមកហើយ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ។
លោកស្រី ឱ វណ្ណឌីន បានបន្តថា ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ កំពុងតែរងចាំលទ្ធផល។
លោកស្រី ឱ វណ្ណឌីន បាននិយាយដូច្នេះថា៖ «បច្ចុប្បន្ននេះ ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ»៕