ក្រសួងមហាផ្ទៃ បាននិយាយថា ការស៊ើបអង្កេតបឋមលើករណីបាត់ខ្លួនសកម្មជននយោបាយប្រឆាំងថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ គឺមិនមានតម្រុយនោះទេ បន្ទាប់ពីបានសាកសួរសាក្សី ពិនិត្យទីតាំង និងកន្លែងស្នាក់ និងពិនិត្យកាមេរ៉ាសុវត្ថិភាពរួចមក។
ការស៊ើបអង្កេតបឋមនេះ ត្រូវបានបញ្ជូនបន្តទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ដោយបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាព័ត៏មានបន្ថែមក្នុងការឆ្លើយតប។
លិខិតរបស់បេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លិខិតនោះបានសរសេដូច្នេះថា៖ «អាជ្ញាធរនៃក្រសួងមហាផ្ទៃបានអនុវត្តការស៊ើបអង្កេតលើទីតាំងដែលត្រូវបានគេចាប់ពង្រត់ និងកន្លែងរបស់ពលរដ្ឋថៃ។ ជាលទ្ធផល លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ មិនត្រូវបានរកឃើញនៅក្នុងបញ្ជីកន្លែងស្នាក់ដែលបានផ្តល់ឱ្យទេ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរបានព្យាយាមស្វែងរកភស្តុតាងតាមរយៈកាមេរ៉ាសុវត្ថិភាពដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើង ប៉ុន្តែមិនមានតម្រុយណាមួយ»។
ទាក់ទងនឹងរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ខៀវ ក្រសួងមហាផ្ទៃបាននិយាយថា រថយន្តនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទេ។
ក្រសួងបានបន្តថា ផ្អែកលើសក្ខីកម្មរបស់សាក្សីបីនាក់ ដែលរស់នៅជុំវិញទីតាំងនៃឧប្បត្តិហេតុដែលបានចោទប្រកាន់ គឺពួកគេបានបញ្ជាក់ថាមិនមានរបាយការណ៍ នៃការចាប់ពង្រត់នៅក្នុងតំបន់នោះទេ។
លិខិតរបស់ភាគីកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ទាក់ទងនឹងការចាប់ពង្រត់ និងការបាត់ខ្លួន របស់លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០។
នៅក្នុងលិខិតនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស៊ើបអង្កេតដែលមានប្រសិទ្ធិភាព និងសិទ្ធិរបស់គ្រួសារក្នុងការទទួលបានការពិត និងការកំណត់អត្តសញ្ញាណរបស់ជនល្មើស ហើយក្រុមអ្នកជំនាញ អ.ស.ប ក៏បានសម្តែងការព្រួយបារម្ភអំពីកង្វះវឌ្ឍនភាពក្នុងការស៊ើបអង្កេតផងដែរ៕